banner1
រដ្ឋប្រមូលលុយបានជាង ១១លានដុល្លារ នៅក្នុងយុទ្ធនាការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

 30-សីហា-2024

គិតត្រឹមថ្ងៃទី២៨ សីហា រដ្ឋាភិបាលកម្ពុជាប្រមូលលុយបានជាង ១១លានដុល្លារអាមេរិកនៅក្នុងយុទ្ធនាការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ទឹកប្រាក់ជាង ១១លានដុល្លារនេះបានមកពីការស្រាក់ដៃចូលរួមរបស់ប្រជាពលរដ្ឋខ្មែរតាមរយៈការប្រកាសអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា AP – Heng Sinith

គេនៅមិនទាន់ដឹងថា តើយុទ្ធនាការកៀរគរថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័នតាមព្រំដែននឹងបញ្ចប់នៅពេលណាទេ។ តែអ្វីដែលគេអាចនិយាយបាន និងសង្កេតឃើញ គឺមានការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ ពីគ្រប់ស្រទាប់វណ្ណៈដោយខ្លះបានបរិច្ចាកទឹកប្រាក់ក្នុងទំហំដ៏មហិមា និងខ្លះទៀតបានចូលរួមទៅតាមលទ្ធភាពផ្ទាល់ខ្លួន។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពជាវិក័យប័ត្រទឹកប្រាក់ជាច្រើនហូរហែដែលប្រជាពលរដ្ឋបានចូលរួមជាមួយរដ្ឋាភិបាលដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

ត្រឹមពេលមួយសប្តាហ៍ រដ្ឋាភិបាលកៀរគរលុយបានជាង ១១លានដុល្លារអាមេរិក ពីក្នុងចំណោមអ្នកចូលរួមប្រមាណ ១៨ម៉ឺននាក់។ នេះបើតាមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបង្ហាញភាពភ្ញាក់ផ្អើលដោយឃើញការចូលរួមរបស់ប្រជាពលរដ្ឋចំពោះកិច្ចការព្រំដែន។ លោក បានចាត់ទុករូបភាពនេះ ជាចលនាជាតិនិយមដ៏មហិមា ដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី។ តាមប្រធានព្រឹទ្ធសភាកម្ពុជារូបនេះដដែល ប្រជាពលរដ្ឋបានចូលជាថវិកាចំនួន ៣០០រៀល ៥០០រៀល ឬ ៥០០០រៀល ដែលទាំងនេះជាទឹកចិត្តស្នេហាជាតិក្នុងនាមជាម្ចាស់ប្រទេស។

ក្នុងន័យនេះ លោកហ៊ុន សែន បានឲ្យប្រមុខរដ្ឋាភិបាលធ្វើលិខិតថ្លែងអំណរគុណពលរដ្ឋ ទោះបីពួកគេបានចូលរួមបរិច្ចាកថវិកាតែ១០០រៀលក្តី។

គួររំលឹកថា គំនិតផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនខ្មែរត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាសកាលពីថ្ងៃទី២២ សីហា។ គម្រោងមូលនិធិថ្មីនេះនឹងផ្តោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន តែ លោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ថា តើគម្រោងនេះនឹងអនុវត្តនៅតាមបណ្តោយព្រំដែនខ្មែរជាមួយប្រទេសណាជាក់លាក់នោះទេ។

ដោយឡែក សំណុំរឿងកៀរគរលុយពីប្រជាពលរដ្ឋសម្រាប់កិច្ចការព្រំដែននេះត្រូវបាន លោក សម រង្ស៊ី ដែលជាអ្នកនយោបាយប្រឆាំងរស់នៅបរទេសចេញមុខរិះគន់ជាបន្តបន្ទាប់។ លោក សម រង្ស៊ី បានបញ្ចើចបញ្ចាលដល់រដ្ឋាភិបាលកម្ពុជា ដែលតែងអះអាងពីការដកដង្ហើមដោយខ្លួនឯងថាជារដ្ឋាភិបាលគ្មានលុយ រៃអង្គាសលុយពីប្រជាពលរដ្ឋ និងថា រដ្ឋាភិបាលថ្មីរបស់កម្ពុជាជារដ្ឋាភិបាលកញ្ជើធ្លុះ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 349
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា