banner1
ជិតពាក់​កណ្តាល​នៃមនុស្ស​ជាតិ គ្មាន ឬ មានតិចបំផុតនូវ​ទិន្នន័យព័ត៌មាន​ស្តីពី គុណភាពទឹក

 30-សីហា-2024

គុណភាពទឹក ​បានធ្លាក់ចុះខ្លាំង នៅទូទាំងពិភពលោក​។ នេះបើផ្អែកតាម​របាយការណ៍​ស្រាវជ្រាវមួយ របស់ទីភ្នាក់ងារបរិស្ថាន នៃអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយ​កាលពីថ្ងៃពុធ ទី​២៨​ សីហា។ ប្រទេសប្រមាណជិតពាក់​កណ្តាល​ទូទាំងពិភពលោក មិនមានទិន្នន័យ​ព័ត៌មាន ឬមាន​ដែរតែតិចបំផុត ស្តីអំពីគុណភាពទឹកបឹង ទឹកទន្លេ និង​ប្រភពទឹកស្អាត​របស់ខ្លួន​។

ទន្លេមេគង្គ នៅខាងមុខរាជធានីភ្នំពេញ ថ្ងៃទី២ កុម្ភៈ ២០២៤ AP – Heng Sinith

ទឹកគឺជាប្រភពនៃជីវិត​។ តែទឹកក៏អាចជា​ប្រភពនៃ​បញ្ហា​សុខភាព​សាធារណៈដែរ ប្រសិនបើទឹកនោះពោរពេញដោយ​សារធាតុពុល មិនស្អាតបរិសុទ្ធ​។ ទឹកស្អាត​នៅទូទាំងពិភពលោក កាន់តែខ្សត់ទៅៗ ខណៈចំនួន​មនុស្ស​កាន់តែច្រើន​ តម្រូវការកាន់តែធំ។

យោងតាម​របាយការណ៍ថ្មីមួយ របស់​ទីភ្នាក់ងារបរិស្ថាននៃអង្គការសហប្រជាជាតិ ចេញផ្សាយថ្ងៃពុធ ទី​២៨ សីហា​ ក្នុងចំណោមទិន្នន័យ​ព័ត៌មាន​ស្តីពី គុណភាព​ទឹក​ទាំងអស់ ដែលគេប្រមូលបាន គឺមាន​តែ​ចំនួន​៣% ដែលគេទទួលបាន​ពី​បណ្តាប្រទេសក្រីក្រ​សរុបទាំងអស់ជិតពាក់កណ្តាល​នៃពិភពលោក​។ ពោលគឺមានន័យថា មនុស្ស​ប្រមាណ​៣៤០០លាននាក់ ដែលរស់នៅតាមប្រទេសទាំងនោះ ពុំមានព័ត៌មានគ្រប់គ្រាន់ ឬគ្មានសោះតែម្តង ស្តីពីគុណភាពទឹក​បឹងទឹកទន្លេ​ ដែលខ្លួនប្រើប្រាស់​។

ផ្អែកតាមរបាយការណ៍ទិន្នន័យ​ស្តីគុណភាពទឹកបឹង ដែល​បានមកពី​បណ្តាប្រទេសក្រីក្រ​ ជិត​ពាក់កណ្តាល​នៃពិភពលោក គឺមានចំនួនតែ​​៤៥០០ទេ​ ក្នុងចំណោម​តួលេខសរុបទាំងអស់ទូទាំងពិភពលោក ចំនួន​២៥ម៉ឺនទិន្នន័យ​។​ នេះសបង្ហាញថា នៅតាមប្រទេសក្រី​ក្រ​ទាំងនោះ គឺពុំមាន​ការតាមដានល្អិតល្អន់​ ស្តីអំពីគុណភាព​ទឹកឡើយ​។ ជាផលវិបាក បើស្ថានភាព​នេះនៅតែបន្ត ពីនេះ​ដល់ឆ្នាំ​២០៣០ គឺប្រទេសទាំងនោះ ដែលមាន​​មនុស្សជាតិ​យើងជាង​ពាក់កណ្តាលរស់នៅ គឺនឹង​គ្មានទិន្នន័យព័ត៌មានគ្រប់គ្រាន់ឡើយ។ ​ផ្អែកតាមអង្គការសហប្រជាជាតិ ទិន្នន័យព័ត៌មានទាំងនោះ គឺចាំបាច់ណាស់ ដើម្បីយក​ធ្វើជាបង្អែក​សម្រេច​គម្រោងនានា​ ទាក់ទិននឹង​ការប្រើប្រាស់ទឹក ការប្រយុទ្ធប្រឆាំងនឹង​គ្រោះរាំងស្ងួត ទឹកជំនន់ ព្រមទាំង​ការគ្រប់គ្រង​ទឹកកខ្វក់ ឬប្រឡាយទឹកកសិកម្មជាដើម​។​

អ្នកជំនាញ​ បាន​លើកឡើងថា នៅរវាង​ពីឆ្នាំ​២០១៥ ដល់ឆ្នាំ​២០១៩ ៦១%នៃប្រទេសទាំងអស់ គឺមានធ្លាក់ចុះអន់ថយ​ នូវប្រព័ន្ធជីវចម្រុះ​ទឹកសាប​យ៉ាងហោចមួយប្រភេទ ដោយ​ក្នុងនោះមានរាប់បញ្ចូលដោយ ស្ទឹង ទន្លេ បឹង និង​ស្រទាប់ទឹកក្រោមដី​។ អត្រានេះបានធ្លាក់ចុះមកនៅត្រឹម​ ៣១% នៅរវាង​ឆ្នាំ​២០១៧ដល់ឆ្នាំ​២០២១ ដែលបង្ហាញថា​មាន​ការប្រសើរឡើង។ ក៏ប៉ុន្តែ បើគេរាប់បញ្ចូល​នូវ​របៀបប្រមូលទិន្នន័យ​ព័ត៌មានថ្មីៗ ដែល​គេចាប់អនុវត្តពីឆ្នាំ​២០១៥មក គឺ​អ្នកស្រាវជ្រាវសង្កេតឃើញថា ៥០%នៃប្រព័ន្ធជីវចម្រុះ​ទឹកសាប​បាន​បន្ត​ចុះដុនដាប​។ ភាគច្រើនបំផុត បណ្តាប្រទេសអាហ្រិ្វក អាស៊ី​កណ្តាល និងអាស៊ីអាគ្នេយ៍​ ដែលក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បានសង្កេតឃើញថា គុណភាពទឹកទន្លេ ស្ទឹងបឹងបួរ មានសារធាតុពុលមិនបរិសុទ្ធ កម្រិតទឹកហូរ​កាន់តែខ្សោយ​ទៅៗ ឬមានប្រព័ន្ធគ្រប់គ្រងទឹក​ស្អាតដែល​មិន​មានគុណភាព​ល្អ​។

ដើម្បី​ធ្វើឲ្យ​ការ​ប្រមូល​តួលេខស្តីពី​គុណភាព​ទឹក ក៏ដូចជា​ប្រព័ន្ធជីវចម្រុះទឹកសាប កាន់តែប្រសើរឡើង របាយការណ៍​នៃទីភ្នាក់ងារបរិស្ថានអង្គការសហប្រជាជាតិ បាន​លើកជាអនុសាសន៍​មួយចំនួន។ ក្នុងនោះមានជាអាទិ៍ គឺ​ការ​អភិវឌ្ឍន៍ កម្មវិធី​តាមដាន​ឲ្យ​បានម៉ដ្ឋចត់ដែលរដ្ឋាភិបាល​ប្រទេសនីមួយៗ ត្រូវតែ​ហ៊ានចំណាយ​ប្រាក់ ក្នុងរយៈពេលវែង។ បន្ថែមពីនេះ អាជ្ញាធរប្រទេសនីមួយៗ អាច​បើក​ឲ្យ​ប្រជាពលរដ្ឋចូលរួម ប្រមូល​សំណាកទឹកនិងទិន្នន័យនានា ដើម្បីធ្វើឲ្យ​កម្មវិធីតាមដាន​នេះ មានប្រភពតួលេខកាន់តែច្រើនកាលណា ល្អកាលនោះ។ ក្រៅពីនេះ ការប្រមូលទិន្នន័យ​ដោយ​ប្រើប្រាស់​រូបភាពផ្កាយរណប ក៏អាចមកជួយ​បន្ថែមផងដែរ ដល់​តួលេខ​ឬក៏ព័ត៌មានដែលខ្វះខាត​៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 349
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា