banner1
រដ្ឋមន្ត្រីក្រសួងរ៉ែថា ពុំទាន់មានក្រុមហ៊ុនបរទេសខ្នាតធំ​ ចង់វិនិយោគការបូមប្រេងក្នុងតំបន់អប្សរាកម្ពុជា

 20-សីហា-2024

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃពុធទី ១៤សីហានេះថា បច្ចុប្បន្ននេះពុំទាន់ឃើញមានក្រុមហ៊ុនខ្នាតធំណាមួយចាប់អារម្មណ៍មកវិនិយោគលើការបូមប្រេងក្នុងតំបន់អេ(អប្សរា)របស់កម្ពុជានៅឡើយទេ។ មិនទាន់មានក្រុមហ៊ុនបរទេសធំមកដាក់ទុនវិនិយោគ ក៏ព្រោះតែតំបន់ប្លុកអេនេះពុំសូវមានសក្តានុពលច្រើន បើធៀបនឹងតំបន់ត្រួតស៊ីគ្នាជាមួយថៃ។ តែយ៉ាងណា បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ក្រសួងបានដាក់ឯកសារសំខាន់ៗនៅតាមបណ្តាទូតបរទេសក្នុងប្រទេសកម្ពុជា ដើម្បីជូនដំណឹងដល់ក្រុមហ៊ុនធំៗឲ្យមកវិយោគលើការបូមប្រេងនៅកម្ពុជា។

កន្លែងបូមប្រេងក្នុងតំបន់ប្លុកអេកម្ពុជា © ក្រសួងរ៉ែ និងថាមពល

លោករដ្ឋមន្រ្តី កែវ រតនៈបានឱ្យដឹងទៀតថា កន្លងមក ក៏មានដែរក្រុមហ៊ុនតូចៗ ចង់មកសិក្សាពីលទ្ធភាពវិនិយោគលើការបូមប្រេងក្នុងប្លុកអេរបស់កម្ពុជា។ តែអ្វីដែលជាការចង់បានរបស់រដ្ឋាភិបាលកម្ពុជា គឺការវិនិយោគពីក្រុមហ៊ុនខ្នាតធំ។ បើតាមលោក កែវ រតនៈ ប្រសិនបើកម្ពុជាអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនតូចៗមកវិនិយោគ ហានិភ័យអាចកើតមានច្រើន ជាពិសេសការបញ្ឈប់ប្រតិបត្តិការបូមប្រេងពាក់កណ្តាលទី និងការលួចលក់ប្រេងរបស់កម្ពុជាជាដើម។

សូមរំឭកថា កម្ពុជាបានផ្អាកការបូមប្រេង ក្នុងតំបន់ប្លុកអេ ជិត៣ឆ្នាំ បន្ទាប់ពីមានរឿងក្តីក្តាំជាហូរហែ។ ការបូមប្រេងក្នុងតំបន់ប្លុកអេ ត្រូវបានផ្អាកជាបណ្តោះអាសន្ន កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីប្រេងឆៅរបស់កម្ពុជាជាង៣០ម៉ឺនបារ៉ែល ត្រូវក្រុមហ៊ុនស្តុក និងផ្ទេរប្រេងឆៅMT Strovolos លួចដឹកចេញពីដែនទឹកកម្ពុជា។ មូលហេតុនៃការលួចប្រេងរបស់កម្ពុជាកាលណោះ កើតឡើងនៅបន្ទាប់ពីក្រុមហ៊ុនបូមប្រេងKris Energy ប្រកាសក្ស័យធន និងមិនបានបង់ប្រាក់ឱ្យក្រុមហ៊ុន MT Strovolos ដែលជាអ្នកស្តុក និងផ្ទេរប្រេងឆៅ។ តែយ៉ាងណាក្រោយមក កម្ពុជាបានសហការជាមួយប្រទេសក្នុងតំបន់ និងប៉ូលីសអាំងទែប៉ូល ដើម្បីតាមចាប់នាវាដឹកប្រេងរបស់កម្ពុជា។ ជាលទ្ធផល កម្ពុជាទទួលបានប្រេងមកវិញក្នុងចំនួន២៩ម៉ឺន៥ពាន់ បារ៉ែល ដែលគិតជាទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិក៕

ប្រភពព័ត៌មាន ៖​ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 348
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា