banner1
អាល្លឺម៉ង់បន្ថយជំនួយ​អ៊ុយក្រែន​ពាក់កណ្តាល និង​ជំរុញ​ឲ្យ​ប្រើ​លុយបង្កក​របស់រុស្ស៊ី ទៅ​​ជួយ​អ៊ុយក្រែន

 19-សីហា-2024

បន្ទាប់ពី​សហរដ្ឋអាមេរិក ​អាល្លឺម៉ង់ជាប្រទេស​ម្ចាស់​ជំនួយ​ធំទី២ ដែល​ជួយ​ដល់​អ៊ុយក្រែនច្រើន​ជាងគេ។ គ្រានេះ រដ្ឋាភិបាលទីក្រុង​ប៊ែរឡាំងបាន​ត្រៀម​កាត់​បន្ថយ​ជំនួយ​ថវិកា ប្រមាណ​ពាក់កណ្តាល​ សម្រាប់ឆ្នាំ​២០២៥។ ​ជំនួស​មកវិញ ថ្នាក់ដឹកនាំ​អាល្លឺម៉ង់បញ្ជាក់ថា​ត្រូវតែ​ជំរុញ​ឲ្យ​យក​កញ្ចប់​ថវិកា​រុស្ស៊ី​ដែល​បង្កក ចំនួន​​រាប់​រយ​ពាន់​លាន​ដុល្លារ ទៅជួយ​ដល់​អ៊ុយក្រែន។ ​នៅឆ្នាំថ្មី រដ្ឋាភិបាលចម្រុះ ដឹកនាំដោយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ បានសម្រេចកាត់បន្ថយថវិកាជំនួយដល់​អ៊ុយក្រែន ចំនួនពាក់កណ្តាល បើធៀបនឹងឆ្នាំនេះ។ via REUTERS – Pool

មកទល់ពេលនេះ ​អាល្លឺម៉ង់ ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំទី២ ​ ដែល​ជួយយោធា​ទៅអ៊ុយក្រែន ច្រើន​ជាងគេ​បំផុត។ ក៏ប៉ុន្តែសម្រាប់​ឆ្នាំ២០២៥ខាងមុខ អ្វីៗ​អាច​នឹង​ប្រែប្រួល។ ប្រែប្រួល​ដ្បិតថា រដ្ឋាភិបាល​ចម្រុះ​ ដឹកនាំ​ដោយ​អធិការ​បតី​អាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ បាន​សម្រេច​កាត់​បន្ថយ​ថវិកាជំនួយ​ចំនួនពាក់កណ្តាល​ បើ​ធៀប​នឹង​ឆ្នាំនេះ។ ពោលគឺ​ក្នុង​ឆ្នាំ២០២៤ កញ្ចប់​ថវិកាជំនួយ​ដល់អ៊ុយក្រែន មានជាង ៨ពាន់​លាន​អឺរ៉ូ ហើយចំពោះ​​ឆ្នាំថ្មីវិញ​ អាល្លឺម៉ង់​ប្រុងនឹង​​ជួយ​ត្រឹមតែ​ ៤ពាន់​លាន​អឺរ៉ូ តែប៉ុណ្ណោះ ដែល​ត្រូវ​កាត់ចេញ​ពី​កញ្ចប់​ថវិកាជាតិ។ នេះ​គឺជា​លទ្ធផល​នៃកិច្ចពិភាក្សា​ចរចា​នយោបាយ​ផ្ទៃ​ក្នុង​អស់​ជាច្រើន​ខែ ទម្រាំ​សម្រេច​ចិត្ត​យល់ព្រម​ឯកភាព រវាង​ក្រុម​អ្នក​នយោបាយ​ចម្រុះ​និន្នាការ ​​មាន​ក្រុម​អ្នកបរិស្ថាន​និយម ក្រុម​សង្គមនិយមប្រជាធិបតេយ្យ និងក្រុម​សេរីនិយម។

គម្រោង​ថវិកាជាតិឆ្នាំ២០២៥​​បែបនេះ ជាវិធានការថ្មី ​ដើម្បី​រឹតត្បិត​ចំណាយរដ្ឋ​​ ​និង​បញ្ចប់កំណើន​បំណុលសាធារណៈ។ ​រដ្ឋមន្ត្រី​អាល្លឺម៉ង់ បាន​​សំអាងយោង​​ទៅលើមាត្រា​ច្បាប់​ធម្មនុញ្ញ​​។ ច្បាប់កំពូល​​​កំណត់​មិនត្រូវ​ឲ្យ​រដ្ឋ​អាល្លឺម៉ង់​ជំពាក់​បំណុល​សាធារណៈ​ច្រើន​ជ្រុល​ពេក​នោះឡើយ។​

តាំងពីដើមខែសីហា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner ក៏បាន​សរសេរ​បញ្ជាក់ជូន​ដំណឹង​ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិអាល្លឺម៉ង់​ លោក Boris Pistorius សូមស្នើឲ្យ​​ប្រិតប្រៀង​គោរព​តាមចំនួន​ថវិកា​កំ ណត់​នេះ សម្រាប់​ឆ្នាំ​២០២៥។​ ក្នុងពេលនេះ ដល់​ដាច់​ឆ្នាំ ក៏​អាល្លឺម៉ង់​គ្មា​នគម្រោង​នឹង​បង្កើន​ជំនួយ​បន្ថែម ឲ្យ​លើសពី ៨ពាន់លានអឺរ៉ូ ដែល​បាន​គ្រោងទុកនោះឡើយ។​

ចំពោះ​ប្រាក់​បង្គ្រប់​ជំនួយ​ជួយ​ដល់​អ៊ុយក្រែន​នោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់បញ្ជាក់ថា ត្រូវ​បង្កើត​កញ្ចប់​ជំនួយ​រួម​ក្នុងរង្វង់ប្រទេស​មាន​សេដ្ឋកិច្ចជឿនលឿន​ទាំង​៧ (ហ្សេ៧) ហើយ​និង​ក្នុង​រង្វង់​ប្រទេស​សហភាព​អឺរ៉ុប​។ បើតាម​កិច្ចព្រមព្រៀង​នយោបាយ​ ក្នុង​ស្មារតីប្រជុំ​កាលពី​ពាក់កណ្តាល​ខែ​មិថុនា​កន្លងទៅ ថ្នាក់ដឹកនាំ​ប្រទេស​ហ្សេ​៧​ យល់ព្រមគ្នា​តាម​សំណើ​របស់សហរដ្ឋ​​អាមេរិក ដែល​ថា​ត្រូវ​ផ្តល់​កម្ចីចំនួន ​៥០ពាន់​លាន​អឺរ៉ូ ដល់​អ៊ុយក្រែន។

មិនតែប៉ុណ្ណោះ ការ​សំខាន់​បំផុត ដើម្បី​រក​លុយ​ជួយ​អ៊ុយក្រែន​បន្ថែម​ឲ្យច្រើន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់បញ្ជាក់ថា ​ត្រូវ​តែ​យក​កញ្ចប់​ថវិកា ​និងទ្រព្យ​សម្បត្តិ​រុស្ស៊ី ដែល​បង្ក​ក​នៅ​ក្នុងពិភពលោក ប្រមាណជាង ៣០០ពាន់​លាន​ដុល្លារ ទៅ​ជួយ​ដល់​អ៊ុយក្រែន។​ រដ្ឋមន្ត្រី​អាល្លឺម៉ង់ បានសង្កត់ធ្ងន់​ត្រង់​ចំណុចថា ត្រូវ​យក​លុយ​បង្កករុស្ស៊ី ទៅជួយ​អ៊ុយក្រែន ច្បាំង​នឹង​រុស្ស៊ី​វិញ​។​

ទោះជា​យ៉ាង​ណាក្តី គម្រោង​ថវិកាជាតិ​អាល្លឺម៉ង់ឆ្នាំ២០២៥​ ដែល​មាន​ចែង​ពី​ការបន្ថយជំនួយពាក់កណ្តាល​​របស់​រដ្ឋបាល​ទីក្រុង​ប៊ែរឡាំង​ដល់​រដ្ឋធានីកៀវនេះ​ គឺត្រូវឆ្លង​កាត់​ការ​អនុម័ត​​​​ពីសំណាក់​​សភា​សហព័ន្ធ​​អាល្លឺម៉ង់ ជាមុន​សិន។​ ការ​សម្រេច​ចុងក្រោយ ត្រូវធ្វើឡើង​នៅមុន​ដាច់​ឆ្នាំនេះ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 348
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា