banner1
ក្រសួងសេដ្ឋកិច្ចប៉ាន់ស្មានថា ចំណូលពន្ធគយ និងពន្ធដារឆ្នាំនេះ មិនគ្រប់ផែនការកំណត់ជាង៦ពាន់លានដុល្លារ

 14-សីហា-2024

ក្រសួងសេដ្ឋកិច្ចបានអះអាងថា ចំណូលសារពើពន្ធក្នុងឆ្នាំ២០២៤នេះ អាចនឹងមិនសម្រេចបានស្របតាមផែនការនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ឡើយ។ បើតាមក្រសួងសេដ្ឋកិច្ច ការប្រមូលចំណូលពន្ធគយ នៅត្រឹមឆមាសទី១សម្រេចបានត្រឹមតែ៤៤% ខណៈការប្រមូលចំណូលរបស់ពន្ធដារវិញសម្រេចបានជិត៤៨%ប៉ុណ្ណោះសម្រាប់រយៈពេល​ដូចគ្នានេះ។ រូបតំណាង © Internet

បើយោងតាមរបាយការណ៍ស្តីពី ការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ការប្រមូលចំណូលសារពើពន្ធក្នុងឆមាសទី១ សម្រេចបានជិត ៣ពាន់លានដុល្លារ ឬស្មើប្រមាណ៤៦% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។​ ក្នុងនោះ ចំណូលពីគយមានចំនួនជាង១.២ពាន់លានដុល្លារ ស្មើនឹង៤៤% នៃច្បាប់ហិរញ្ញវត្ថុ២០២៤ ខណៈចំណូលពីពន្ធដារវិញមានចំនួន ១.៧ពាន់លានដុល្លារ ស្មើនឹង៤៨% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។  ការប្រមូលពន្ធគយពុំគ្រប់ផែនការដែលកំណត់ ដោយហេតុថា ការនាំចូលទំនិញចម្រុះធ្លាក់ចុះ ពិសេសយានយន្តបន្តធ្លាក់ចុះជាបន្តបន្ទាប់ ខណៈប្រជាពលរដ្ឋក៏មានការក្បិតក្បៀតលើការចំណាយ។

បន្ថែមពីនេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏ជាកត្តារួមផ្សំ ដែលបង្កផលប៉ះពាល់ដល់ការប្រមូលចំណូលរបស់គយដែរ។ ជាក់ស្តែង ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា គយបានបាត់បង់ចំណូលពីការអនុវត្តកិច្ចព្រមព្រៀងសេរីក្នុងក្របខណ្ឌអាស៊ាន និងរវាងអាស៊ានជាមួយដៃគូអាស៊ានផ្សេងទៀតសរុបក្នុងឆមាសទី១នេះ ប្រមាណជិត២០០លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ដូច្នេះតាមការវាយតម្លៃជារួម ការប្រមូលចំណូលពន្ធគយនៅពេញមួយឆ្នាំ២០២៤ នេះ អាចនឹងសម្រេចបានតែប្រមាណ៨៥,៥%នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ តែប៉ុណ្ណោះ។

ចំណែកការធ្លាក់ចុះនៃការប្រមូលចំណូលពន្ធដារវិញ បើតាមក្រសួងសេដ្ឋកិច្ច គឺដោយសារតែចំណូលពីពន្ធលើប្រាក់ចំណូល និងពីអាករលើមុខទំនិញ និងសេវាក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។ ម្ល៉ោះហើយក្រសួងសេដ្ឋកិច្ចវាយតម្លៃថា ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដាររហូតដល់បំណាច់ឆ្នាំ២០២៤នេះ អាចសម្រេចបានត្រឹមតែ៨៥,៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ប៉ុណ្ណោះ។

ដោយផ្អែកលើតួលេខជាក់ស្តែងបែបនេះ ក្រសួងសេដ្ឋកិច្ចប៉ាន់ស្មានជារួមថា ការប្រមូលចំណូលសារពើពន្ធនៅពេញមួយឆ្នាំ២០២៤ អាចសម្រេចបានប្រមាណជាង៥ពាន់លានដុល្លារ ឬស្មើ៨៥,៥% នៃផែនការច្បាប់ ហិរញ្ញវត្ថុឆ្នាំ២០២៤ ខណៈច្បាប់តម្រូវឱ្យប្រមូលឱ្យបានជាង៦ពាន់លានដុល្លារ។

សូមជម្រាបថា កាលពីឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធអាករសម្រាប់ថវិកាជាតិបាន៣៦០០លានដុល្លារ កើនឡើង១០១,១៣% នៃផែនការឆ្នាំ២០២៣។ ចំណែកអគ្គនាយកគយ និងរដ្ឋាករកម្ពុជាវិញរកចំណូលបានប្រមាណ២២៨៨លានដុល្លារ ឬស្មើនឹង៨២,៤%នៃផែនការដែលបានកំណត់៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 391
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា