banner1
ILO៖ អត្រា​យុវជន​អត់ការងារ​ នៅលើ​ពិភពលោក​ ធ្លាក់​ទាប​បំផុត​ មិនធ្លាប់​មាន​តាំង​ពី​ឆ្នាំ​២០០០មក

 14-សីហា-2024

អត្រា​យុវជន​គ្មានការងារ​ធ្វើ​ នៅលើ​ពិភពលោក បាន​ធ្លាក់​ចុះ​ដល់​កំរិត​ទាប​បំផុត​មិនធ្លាប់​មាន​ទេ គិត​តាំង​ពី​១៥ឆ្នាំ​មក។ ហើយចំនួន​អ្នក​គ្មានការងារ​ធ្វើ​​នេះ​នឹង​បន្តធ្លាក់​ចុះ​ទៀត​នៅ​ឆ្នាំ​ខាង​មុខ​។ ប៉ុន្តែភាព​មិន​ជាក់​លាក់​នៃការងារជា​ប្រភព​​នាំ​កង្វល់​ថប់​បារម្ភ​​ធំឡើងៗ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ពលកម្មអន្តរជាតិ ILO ចេញ​ផ្សាយជា​សាធារណៈ​ ​នៅ​ថ្ងៃ​ចន្ទទី ១២​សីហា​២០២៤។ ILO៖ អត្រា​យុវជន​អត់ការងារ​ នៅលើ​ពិភពលោក​ ធ្លាក់​ទាប​បំផុត​ មិនធ្លាប់​មាន​តាំង​ពី​ឆ្នាំ​២០០០មក via REUTERS – CHINA DAILY

នៅ​ឆ្នាំ​២០២៣ មាន​​​យុវជននៅ​លើ​ពិភពលោកសរុប​ប្រមាណ​តែ​៦៤,៩លាន​នាក់ ឬ​ស្មើនឹង​ប្រមាណ​១៣% ប៉ុណ្ណោះ ដែល​​គ្មានការងារ​ធ្វើ។ នេះ​ជា​អត្រា​ដ៏​ទាប​​​មិន​ធ្លាប់​មាន​ទេ តាំងពី​ចូល​សហវត្សរ៍​ថ្មី​ឆ្នាំ​២០០០មក។ មុន​វិបត្តិ​សកល​កូវីដ​១៩ ពោល​គឺ​នៅ​ឆ្នាំ​២០១៩ អត្រា​យុវជន​គ្មានការងារធ្វើ​ មាន​កំរិត​ដល់​ទៅ​១៣,៨%។ នេះ​បើតាមសេចក្តី​ថ្លែងការណ៍​​​របស់អង្គការ​ពលកម្មអន្តរជាតិ ដែល​ព្យាករឃើញ​ជា​ស្រេច​ថា អត្រាយុវជន​អត់ការ ងារ​ នឹង​បន្ត​ធ្លាក់​ចុះ​ទៀត​នៅ​ឆ្នាំ​ខាង​មុខ មក​នៅ​ត្រឹម​​ប្រមាណ​១២,៨%​ នៅ​ឆ្នាំ​២០២៤ ​និង​២០២៥។

ក៏ប៉ុន្តែ​​កំណើន​យុវជន​មានការងារ​ធ្វើ ក្រោយ​វិបត្តិកូវីដ ​គ្មាន​លក្ខណៈសកលទេ។ អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ព្រមាន​ថា​ ស្ថានភាពការងារ​របស់​យុវជន​មិន​ដូច​គ្នា​ទេ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ នៅ​បណ្តា​ប្រទេស​ជា​​រដ្ឋ​អារ៉ាប់ នៅ​អាស៊ី​ខាង​កើត-អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក អត្រា​យុវវ័យ​គ្មានការងារ​ធ្វើ​ក្នុង​ឆ្នាំ​២០២៣​ នៅ​តែ​ខ្ពស់ជាង​ឆ្នាំ​២០១៩ដដែល។ ជាង​នេះទៅ​ទៀត​ និន្នាការ​ពិភពលោក​កំពុង​វិវឌ្ឍ​ទៅ​ក្នុង​ទិស​តែ​មួយ គឺ​មានការងារ​ហើយ​តែ​​មិន​ជាក់​លាក់។ ភាព​មិន​ជាក់​លាក់​​នៃ​ការងារ​បាន​ និ​ងកំពុង​ក្លាយ​ជាប្រភពដ៏​ចម្បង​នៃ​កង្វល់ធំឡើងៗ​​របស់​យុវជន​ដែល​ស្រមៃ​ចង់​បាន​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ មុន​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ធំ​ពេញ​វ័យ​ ចូល​ដំណាក់កាល​ដ៏​សំខាន់​មួយ​ទៀត​នៃជីវិត។ ក្នុង​កំរិត​ពិភពលោក ជាង​ពាក់កណ្តាល​នៃ​យុវជន​ កាន់​ការងារ​គ្មាន​តួនាទី​ ជា​ការងារ​ក្រៅ​ផ្លូវការ​។ បើ​តាម​អង្គការ​ លទ្ធភាព​ឈាន​ទៅ​រក​ការងារ​សមរម្យ​ ចង្អៀត​ខ្លាំង​ណាស់​សម្រាប់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​​ចាប់​លូតលាស់ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ ចេញ​ផ្សាយជា​សាធារណៈ​​នាថ្ងៃចន្ទ ទី​១២ ​សីហានេះ អង្គការ​ពលកម្ម​អន្តរជាតិ បាន​ពញ្ញាក់​មតិ​សាធារណៈ​អំពី​កង្វល់​ដ៏​ធំធេង​ចំពោះចំនួន​ដ៏​ច្រើន​នៃ​​​យុវជន​យុវនារី អាយុ​ពី​១៥-២៤​ឆ្នាំ​ គ្មាន​ការ​សិក្សា គ្មាន​ការងារ​ធ្វើ និង​គ្មាន​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​ (NEET)។ ជាតួលេខមួយ​ភាគ​៥​ ឬ​ ត្រូវ​ជា​២០,៤%​នៃប្រជាជន​លើ​ភពផែន​ដី ស្ថិត​ក្នុង​ចង្កោម​​យុវជន​ប្រភេទ​NEETគ្មាន​អ្វី​ទាំង​អស់ ហើយ​ក្នុង​នោះ​ពីរភាគ​បី​ជា​យុវតី។ ក្មេង​ប្រុស​បាន​ទទួល​ផល​ពី​ការ​កំរើក​ទីផ្សារ​ការងារ​ជាង​ក្មេង​ស្រី​ ខុស​ពីសម័យ​មុន​កូវីដ​ដែល​អត្រា​យុវជន​គ្មានការងារ​ធ្វើខ្ពស់​ជាង​។ នេះ​បើអង្គការពលកម្ម​អន្តរជាតិ​ដដែល៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា