banner1
កម្ពុជានឹងដាក់ឱ្យប្រើប្រព័ន្ធCambodia e-Arrivalនៅតាមព្រលានយន្តហោះ ដើម្បីស្រូបទាញភ្ញៀវទេសចរ

 12-សីហា-2024

រដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលប្រទេសកម្ពុជា ឬហៅថា Cambodia e-Arrival ជាផ្លូវការចាប់ពីដើមខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញក្តីរំពឹងថា ប្រព័ន្ធមួយនេះនឹងចូលរួមចំណែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខក្នុងបរិបទឌីជីថល ដែលប្រទេសជឿនលឿននៅលើពិភពលោកកំពុងប្រើប្រាស់។

ទិដ្ឋាការនៃព្រះរាជាណាចក្រកម្ពុជា © Tour in Siem Reap

ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ  អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលប្រទេសកម្ពុជា​Cambodia e-Arrivalនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ ប្រព័ន្ធ​Cambodia e-Arrival នេះរួមមានទម្រង់សលាបត្រអន្តោប្រវេសន៍ ពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ។

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival កាលពីថ្ងៃទី០៩ ខែសីហា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលប្រទេសកម្ពុជានេះថា ជាមធ្យោយដ៏សំខាន់មួយរបស់កម្ពុជាក្នុងការបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ និងវិនិយោគិនដែលត្រៀមធ្វើដំណើរចូលមកប្រទេសកម្ពុជា ពិសេសផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជា។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIនៅរសៀលថ្ងៃទី១០​ ខែសីហា នេះថា លោកពុំទាន់យល់ច្បាស់ពីគោលបំណងក្នុងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធCambodia e-Arrival នេះនៅឡើយ។ មិនទាន់យល់ច្បាស់ដោយហេតុថា មានប្រទេសតិចណាស់ដែលអនុវត្តយន្តការបែបនេះ។ តែយ៉ាងណា លោក ធួន ស៊ីណាន សាទរចំពោះការធ្វើទំនើបកម្មប្រព័ន្ធបច្ចេក វិទ្យា។

គួរបញ្ជាក់ដែរថា ប្រព័ន្ធCambodia e-Arrival គឺជាប្រព័ន្ធមួយជួយកាត់បន្ថយពេលវេលាបំពេញបែបបទចេញ និងចូលរបស់អ្នកដំណើរ តាមរយៈការសម្រួលឱ្យពួកគេអាចឆ្លងកាត់ការបំពេញបែបបទអន្តោប្រវេសន្ត៍បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល។ មួយវិញទៀត ប្រព័ន្ធនេះ នឹងជួយសម្រួលដល់ភ្ញៀវទេសចរបរទេសអាចស្នើសុំទិដ្ឋាការពេលមកដល់កម្ពុជាបានឆាប់រហ័សជាងមុនផងដែរ។

សូមជម្រាបថា កន្លងមកប្រព័ន្ធ Cambodia e-Arrival បានដាក់ឱ្យប្រើសាកល្បងនៅតាមព្រលានយន្តហោះអន្តរជាតិធំៗទាំង៣របស់កម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងខេត្តព្រះសីហនុ។ តែបើតាមលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធ Cambodia e-Arrivalនេះ នឹងអាចបន្តដាក់ឱ្យអនុវត្តនៅតាមបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារទ្វេភាគីផ្សេងទៀតក្រោយដាក់ឱ្យអនុវត្តនៅតាមព្រលានយន្តហោះអន្តរជាតិជាផ្លូវការ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI​ https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា