banner1
ចិនចង់ផ្តោត​អាទិភាព​​ទៅលើវិស័យ​ទេសចរណ៍ ដើម្បី​​លើក​កំពស់​សេដ្ឋកិច្ច​​វិស័យ​សេវាកម្ម

 7-សីហា-2024

ចិន​​ចង់​ផ្តោត​អាទិភាព​​ទៅ​លើ​វិស័យ​ទេសចរណ៍​ ដើម្បី​ផ្តល់សន្ទុះសេដ្ឋកិច្ចក្នុងវិស័យសេវាកម្ម​។ នេះ​បើ​ផ្អែក​តាម​​ផែន​ការ​​​ការងារ​ ដាក់ចុះដោយក្រុមប្រឹក្សារដ្ឋចិន ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី​៦ សីហា ម្សិលមិញ​។ គួរកត់សំគាល់ថា សេដ្ឋកិច្ចចិន​បាន​ជួប​ការលំបាកតាំងតែពីចប់វិបត្តិ​​កូវីដ១៩។ បើទោះបីជាការនាំចេញ​បាន​ងើបឡើងបន្តិចវិញ តែ​ការចាយ​វាយ​ក្នុងស្រុក​ ហាក់​ដូចជាមិនស្ទុះ ធ្វើឲ្យវិស័យសេវាកម្ម​បាត់​បង់ចំណូល​។ទេសចរនៅ ព្រះបរមរាជវាំងទីក្រុងប៉េកាំង REUTERS – Benoit Tessier

តាមរយៈ ផែនការងារដាក់ចុះដោយ​ក្រុមប្រឹក្សារដ្ឋចិន កាលពីថ្ងៃទី​៦​ សីហា ចិនចង់​កំណត់​កម្ម​វត្ថុ​យុទ្ធសាស្ត្រថ្មីៗ ដើម្បី​ដាស់សេដ្ឋកិច្ច​ឲ្យ​ងើបស្ទុះឡើង។ សាររបស់​ក្រុមប្រឹក្សាររដ្ឋចិន គឺ​មានខ្លឹមសារ​ច្បាស់ថា សេដ្ឋកិច្ច​ចិនបានដើរដល់ “ដំណាក់កាល​ចាស់ទុំហើយ”។ ដូច្នេះដល់ពេល​ហើយ ដែល​ចិនត្រូវ​តែ​ពង្រីកចំណែក​ចូលរួម​ នៃវិស័យសេវាកម្ម​ នៅក្នុងសេដ្ឋកិច្ចចិន​។

ដើម្បី​សម្រេចទិសដៅនេះ ក្រុមប្រឹក្សា​រដ្ឋចិន បាន​បំផុស​កម្ម​វត្ថុថា ចិន​ត្រូវ​តែ​ផ្តល់អាទិភាព​ដល់វិស័យទេសចរណ៍​។ ផ្នែកទី​មួយ គឺ​ទេសចរណ៍​​ក្នុង​ស្រុក​។ មានន័យថា អាជ្ញាធរចិនគ្រប់ជាន់ថ្នាក់ ត្រូវ​ប្រឹងអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ សម្រាប់ប្រជាជនចិនក្នុងស្រុក តួយ៉ាងដូចជា​ វិស័យ​កប៉ាល់​ទេសចរណ៍ប្រណិត ឬក៏​វិស័យ​ទេសចរណ៍​បោះតង់​និងរថយន្តចល័តការ៉ាវ៉ានជាដើម។

មួយផ្នែកទៀត គឺ​ចិននឹង​ផ្តោត​អាទិភាព​ទៅលើ​ទេសចរណ៍បរទេស។ ក្នុងទិសដៅនេះ ចិននឹងពង្រីកបន្ថែម ឲ្យ​បា​ន​លឿនបំផុត នូវចំនួន​ជើងហោះហើរពីបរទេស ព្រមទាំងផ្តល់ជូននូវ​ពហុមធ្យោបាយ​ក្នុងការបង់ប្រាក់ចាយវាយ​នៅ​ក្នុងប្រទេស​ចិន​​។ ចិននឹងពិចារណាផងដែរ ដើម្បីឈានទៅពង្រីក​ចំនួន​ប្រទេសបន្ថែមទៀត ដែល​មិនតម្រូវឲ្យ​​មានទិដ្ឋាកាចូលប្រទេសចិន​។

សូមបញ្ជាក់ថា សេដ្ឋកិច្ច​ចិនជួបការលំបាកខ្លាំងក្រោយ​វិបត្តិកូវីដ១៩ ដោយសារតែការចាយវាយក្នុងស្រុក​ធ្លាក់ចុះ។ ក្រៅពីវិស័យកម្មន្តសាលផលិត​នាំចេញ និង​វិស័យអចលនទ្រព្យ ដែលមានចំណែកដ៏ធំក្នុងសេដ្ឋកិច្ច វិស័យ​សេវាកម្មវិញ​មានចំណែក​​​តិតតួច​បំផុត​។​

ក្នុងរវាង​៦ខែ ដើមឆ្នាំ​២០២៤នេះ មានទេសចរបរទេសចំនួន​ប្រមាណ​១៤លាននាក់ បានធ្វើដំណើរទៅចិន។ ចំនួន​នេះ មានការកើនឡើង​ប្រមាណ​ ១៥២,៧% បើប្រៀបធៀបទៅឆ្នាំមុន​។ ពាក់កណ្តាលនៃទេសចរទាំងនេះ គឺ​មិនតម្រូវ​ឲ្យ​មានទិដ្ឋាកាចូលទេ។ គិតត្រឹមពេលបច្ចុប្បន្ននេះ មាន​ប្រទេសតែ​១៥ប្រទេសទេ ក្នុងនោះមាន​បារាំង អាល្លឺម៉ង់ អូស្ត្រាលី ដែលចិន​​មិន​តម្រូវ​ឲ្យ​មានទិដ្ឋាកាចូលទឹកដីចិន រហូតដល់ឆ្នាំ​២០២៥។ ផ្អែកតាមគោលនយោបាយថ្មីរបស់​ចិននេះ​​ មានន័យថា ចិនអាចនឹងយល់ព្រមលុបទិដ្ឋាកាសម្រាប់ទេសចរមកពីបណ្តាប្រទេសផ្សេងៗទៀត កាន់តែច្រើន៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា