banner1
ទី​ផ្សារភាគហ៊ុនអាស៊ី​ និងអឺរ៉ុប​ធ្លាក់​ចុះខ្លាំងព្រោះបារម្ភ​ពីវិបត្តិ​អាមេរិក ​និង​មជ្ឈិម​បូព៌ា

 7-សីហា-2024

នៅដើមសប្តាហ៍​នេះ ទីផ្សារភាគហ៊ុនអាស៊ី និងអឺរ៉ុបធ្លាក់​ចុះ​យ៉ាងគំហុក ព្រោះតែ​បណ្តាលមកពី​ក្តីព្រួយ​បារម្ភ​ខ្លាំង ជុំវិញ​វិបត្តិ​សេដ្ឋកិច្ចនៅ​​សហរដ្ឋអាមេរិក ហើយ​និង​វិបត្តិជម្លោះ​​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា។​ ទីផ្សារភាគហ៊ុន​នៅរាជធានី​តូក្យូ ដែល​​ធ្លាក់​ចុះ​តាំងពី​ថ្ងៃសុក្រមក​ហើយនោះ​ បាន​បើកទ្វារ​នៅ​ថ្ងៃចន្ទ ដោយ​បន្តជួបភាពអវិជ្ជមាន​​​ធ្លាក់​ចុះ​ខ្លាំងថែមទៀត។ ថ្ងៃចន្ទ ទី​៥ សីហា ត្រូវ​ជប៉ុន​ចាត់ទុកថាជា​«ថ្ងៃ​ដ៏​ខ្មៅងងឹត»​សម្រាប់ប្រវត្តិសាស្ត្រ​ទីផ្សារភាគហ៊ុន​ក្រុង​តូក្យូ​។ ​​ទន្ទឹមនឹងគ្នា​នេះ ទីផ្សារភាគហ៊ុន​នៅចិន ឥណ្ឌា កូរ៉េខាងត្បូង​ ហើយ​និងប្រទេស​អឺរ៉ុប​ជាច្រើន​ ក៏​ធ្លាក់​ចុះ​ដូចគ្នា។​ ​តារាងទីផ្សារហ៊ុននៅតូក្យូ ថ្ងៃទី​២ សីហា។ REUTERS – Issei Kato

ទី​ផ្សារភាគហ៊ុន​អាស៊ីនិងអឺរ៉ុប បើកទ្វារមកថ្ងៃចន្ទ ​ប្រទះ​នឹងភាព​អវិជ្ជមាន​គួរ​ឲ្យ​បារម្ភ។ ទី​ផ្សារភាគហ៊ុន​ក្រុង​តូក្យូ​ បាន​ដាំ​ក្បាលចុះខ្លាំង ស្ទើរតែធ្វើ​ឲ្យ​អ្នក​លេង​ភាគហ៊ុន ងងឹត​មុខ​ឈឹង។ ទិដ្ឋភាព​អវិជ្ជមាន​ខ្លាំងដូច្នេះ​ជប៉ុន​មិនដែល​ជួបទាល់តែ​សោះ ក្នុង​ពេល​ជាង​៣ទសវត្សរ៍​ចុងក្រោយ​នេះ និងត្រូវ​ជប៉ុន​ចាត់ទុកថា ជាថ្ងៃដ៏​ខ្មៅងងឹត​។ ខ្មៅងងឹតនៃទីផ្សារភាគហ៊ុន​ជប៉ុននេះ ​ប្រៀប​បាន​នឹង​អំលុង​ពេល​ដែល​ជប៉ុន​​គ្រោះថ្នាក់​​នុយក្លេអ៊ែរ នៅ​ហ្វូគូស៊ីម៉ា ដូច្នេះដែរ។ ភាគហ៊ុន​គ្រានោះធ្លាក់ចុះយ៉ាង​អាក្រក់ខ្លាំង​​។

មិនមែនតែជប៉ុនទេ ចិន និងឥណ្ឌា​ក៏មិនស្រួលដែរ។​ ទីផ្សារភាពហ៊ុន​ប្រទេស​ចិន នៅក្រុង​សៀងហៃ ហុងកុង និង​ស៊ីនជីន ជួប​ភាព​លំបាក​។​ នៅប្រទេស​ឥណ្ឌា ទីផ្សារភាគហ៊ុន​ក្រុង​ម៉ុមប៉ៃ​ ក៏​ជៀស​មិន​ផុត​ពីវិបត្តិ​ដាំក្បាល​ចុះ នៅ​ថ្ងៃ​ចន្ទ​ នោះឡើយ។ នៅក្រុង​សេអ៊ូល កូរ៉េង​ខាងត្បូង​ និងក្រុង​តៃប៉ិ ​ធ្លាក់​ចុះ​ដូចគ្នា។ ចំណែក​នៅបណ្តាប្រទេស​អាស៊ីអាគ្នេយ៍ តួយ៉ាង សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ​ជួប​ទិដ្ឋភាព​ខ្មៅងងឹត​នៃទីផ្សា​រភាគហ៊ុន​នេះដែរ។ ​ ចំណែក​នៅ​ប្រទេស​អឺរ៉ុប ទី​ផ្សារភាគហ៊ុនក្រុង​ប៉ារីស ឡុងដ្រ៍ មីឡង់ អាំស្ទែរដាម និងហ្វ្រែនហ្វ័រ​ ក៏​ទទួល​រង​ឥទ្ធិពល​ធ្លាក់​ចុះ។

មូលហេតុនៃបញ្ហា​នេះ​ ត្រូវ​អ្នកជំនាញ​ហិរញ្ញវត្ថុពន្យល់ថា មកពី​វិបត្តិ​នៅ​សហរដ្ឋអាមេរិក។​ វិបត្តិ​មាន​យ៉ាងហោច​២ធំៗ​ជាសំខាន់។ ទី១ មកពី​បញ្ហា​អត់​ការងារ​ធ្វើ​នៅ​អាមេរិក​ ដែល​បន្ត​ពន្យារពេល​យូរពេក​ ហើយ​ទី២ គឺ​ក្តីបារម្ភ​ជុំវិញ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា។​

នៅសហរដ្ឋអាមេរិក អត្រា​អត់ការងារ​ធ្វើ បើ​ទោះបីជា​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី​ ចូ បៃដិន បាន​ជួយ​ឲ្យ​ធ្លាក់​ចុះ​ខ្លះ​មែន ប៉ុន្តែ​វា​នៅមាន​កម្រិត​ខ្ពស់​នៅឡើយ ហើយ​កម្រិតអត្រា​អត់​ការងារ​ធ្វើ ប្រចាំខែ​កក្កដា បាន​កើនឡើង​ ៤,៣% ច្រើន​ជាង​ការ​រំពឹងទុក​របស់​រដ្ឋាភិបាល​អាមេរិក​។​ ចំនួន​នេះ​ច្រើន​មិនធ្លាប់​ជួប​ តាំងពី​ខែតុលា​ ឆ្នាំ២០២១ មក។ ទន្ទឹម​នឹងគ្នា​នេះដែរ ក្នុងវិស័យ​បច្ចេកវិទ្យា​វិញ ទីផ្សារ​ភាគហ៊ុន​របស់​បណ្តាញ​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា​អាមេរិក មិនថា Tesla, Microsoft, Alphabet, Apple, Amazon នោះឡើយ​ សុទ្ធតែ​ជួប​ភាព​ធ្លាក់​ចុះ​នៅថ្ងៃចន្ទ​។

ម្យ៉ាងវិញទៀត តម្លៃប្រេង​ឆៅ​ជួប​ភាព​ធ្លាក់​ចុះ​បន្ថែមទៀត ធ្លាក់​ចុះ​ខ្លាំង បើបៀ​ប​ក្នុង​រយៈ​៦ ខែ​ចុងក្រោយ។​ ការ​ធ្លាក់​ចុះ​តម្លៃប្រេង​គ្រានេះ ព្រោះតែ​ក្តីបារម្ភទាក់ទង​នឹង​សុខភាព​សេដ្ឋកិច្ច​​នៃមហាអំណាចអាមេរិក​ និងចិន​ រួម​បញ្ចូល​គ្នា ដែល​បណ្តាល​ឲ្យ​ការ​បញ្ជាទិញ​ប្រេង និងតម្រូវការប្រេងធ្លាក់​ចុះ។​ ប្រេង​នៅ​សមុទ្រ​ក្រហម ១ធុង​បារិល ធ្លាក់​ចុះ​អស់​១,៥៥% នៃ​តម្លៃ​៧៥,៦២ដុល្លារ​ ហើយ​តម្លៃប្រេង​នៅ​រដ្ឋតិចសាស់ ក៏ធ្លាក់​ចុះ​ប្រ ហែលច្រើន​ជាង​នេះបន្តិច។

នៅ​មានបញ្ហា​ពិភពលោក​, ក្តីបារម្ភ​ខ្លាំង​ចំពោះ​សង្គ្រាម​រាលដាលខ្លាំង​នៅ​តំបន់​មជ្ឈិម​បូព៌ា​ បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​ការ​ធ្លាក់​ចុះ​ទីផ្សារ​ភាគហ៊ុន​ពេលនេះ។ ក្តីបារម្ភ​នេះ កើតរន្ថើន​មានខ្លាំង ​ក្រោយពី​​អ៊ីស្រាអែល​ បាន​សម្លាប់សត្រូវ​មេខ្លោង​ធំ២។ ម្នាក់​របស់ក្រុម​ប្រដាប់​អាវុធ​​ហាម៉ាស នៅលើទឹកដីអ៊ីរ៉ង់ ហើយ​ម្នាក់ទៀត មេធំរបស់​ក្រុម​ប្រដាប់​អាវុធហេសបូឡា នៅលីបង់។​ គេបារម្ភថា អ៊ីរ៉ង់ និង​សម្ព័នមិត្ត​ដៃជើង វាយបកខ្លាំង​វិញ បញ្ឆេះ​ជាភ្នក់ភ្លើង​សង្គ្រាម​​ធំ។ សង្គ្រាមធំព្រោះថា មន្ទីរបញ្ចកោណអាមេរិក ក៏បានប្រកាស​​បញ្ជូន​គ្រឿស​សព្វាវុធ នាវាចម្បាំង​ និង​កម្លាំង​យោធា​​បន្ថែម​ជាច្រើន តម្រង់​ឆ្ពោះ​ទៅ​តំបន់​មជ្ឈិមបូព៌ា ​​​ដើម្បី​ត្រៀម​ជួយ​ការពារ​អ៊ីស្រាអែល​៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា