banner1
លោកស្រី ជា សេរី៖ សេដ្ឋកិច្ចកម្ពុជាកើនឡើងដល់ ៦.៣% ក្នុងឆមាសទី១ ឆ្នាំ២០២៤

 29-កក្កដា-2024

លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ថា សេដ្ឋកិច្ចកម្ពុជាបានបន្ដកើនឡើងដល់ ៦.៣% ក្នុងឆមាសទី១ ឆ្នាំ២០២៤។ តាមលោកស្រី ជា សេរី កំណើននេះបានពីវិស័យកាត់ដេរ និងទេសចរណ៍។ តែអ្នកជំនាញសេដ្ឋកិច្ចយល់ថា កំណើននេះមិនអាចធ្លាក់ដល់ដៃប្រជាពលរដ្ឋទេ ព្រោះអ្នកនាំចេញមានម្ចាស់ជាជនបរទេស។

លោកស្រីជា សេរី៖សេដ្ឋកិច្ចកម្ពុជាកើនឡើងដល់ ៦.៣% ក្នុងឆមាសទី១ ឆ្នាំ២០២៤ © NBC

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិបានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលអាណត្តិថ្មីបានជ្រោងសេដ្ឋកិច្ចកម្ពុជាឱ្យបន្តកើនឡើងប្រមាណ ៦.៣% នៅឆមាសទី១។ កំណើននេះត្រូវបានលោកស្រីទេសាភិបាលបញ្ជាក់ថា គឺបានការគាំទ្រជាចម្បងពីវិស័យកាត់ដេរ និងទេសចរណ៍។ តាមលោកស្រី ជា សេរី ក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ ការនាំចេញផលិតផលកាត់ដេរបានកើន ១៧.២% និងការនាំចេញផលិតផលកសិកម្មកើន ៤៧.៨% ខណៈចំនួនភ្ញៀវអន្តរជាតិបានកើនឡើង ២១.២%។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា កំណើននេះមិនរាប់បញ្ចូលវិស័យលក់រាយទេ។ ដូច្នេះសម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ការណ៍មិនរាប់បញ្ចូលវិស័យលក់រាយនេះមិនបានធ្វើឱ្យថវិកាបានពីការនាំចេញធ្លាក់ដល់ដៃប្រជាពលរដ្ឋឡើយ។ តាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះដដែល ប្រជាពលរដ្ឋទទួលបានតែមួយចំណែកប៉ុណ្ណោះពីកំណើនសេដ្ឋកិច្ចនេះ ព្រោះភាគច្រើននៃអ្នកនាំចេញជាជនបរទេសដែលជាម្ចាស់ទំនិញ។ លោក គី សេរីវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋប្រមាណ ៦០% កំពុងរងគ្រោះពីការធ្លាក់ចុះនៃវិស័យលក់ដុំ និងលក់រាយ។

ជាការកត់សម្គាល់ ទោះសេដ្ឋកិច្ចកម្ពុជាកំពុងទទួលបានកំណើនវិស័យនាំចេញ និងសេវាកម្មមួយក៏ដោយក៏នៅមានវិស័យមួយចំនួនទៀតកំពុងបន្តរងគ្រោះដដែល តួយ៉ាងវិស័យសំណង់ដែលហាក់មានភាពស្ងប់ស្ងាត់ និងទីផ្សារអចលនទ្រព្យកំពុងបន្តជាប់គាំង។ ការជាប់គាំងក្នុងវិស័យនេះត្រូវបានលោកស្រីជា សេរីបញ្ជាក់ថា គឺដោយទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ។ គួរជម្រាបថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានធនាគារជាតិកម្ពុជាព្យាករកាលពីខែឧសភា ឆ្នាំ២០២៤ ថាមានកំណើនក្នុងរង្វង់ ៦%។ អត្រានេះលើសតិចតួចពីការព្យាកររបស់ធនាគារពិភពលោក (World Bank) ដែលមានកំណើនត្រឹម ៥.៨%។ តែសម្រាប់ឆ្នាំ ២០២៥ និង២០២៦ ត្រូវបានធនាគារពិភពលោកព្យាករមានកំណើន ៦.១% និង ៦.៤%៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា