banner1
ចិន​ បង្ហាញ​កម្មវិធី​នយោបាយ​ ៦០ចំណុច បង្កើនថាមភាព​ឧស្សាហកម្ម

 21-កក្កដា-2024

ប្រឈ​មមុខ​នឹង​វិបត្តិ​អចលនទ្រព្យនិង​វឌ្ឍនភាព​សេដ្ឋកិច្ច​ស្ទុះឡើងទាប  រដ្ឋអំណាច​ចិន​​បាន​កំណត់​​កម្មវិធី​នយោបាយ​ ៦០ ចំណុច ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឈ​ឧស្សាហកម្ម និង​បង្កើន​ទំនុក​ទុកចិត្ត​ក្នុង​ពិភព​ជំនួញ។​ ឯកសារ​កំណត់​កម្មវិធី​នយោបាយ​នេះ បានទម្លាយ​ចេញ​នៅ​ថ្ងៃ​អាទិត្យ ទី​២១កក្កដា ដោយ​អនុលោម​ស្រប​តាម​ការ​អនុម័តរបស់​សមាជ​ពេញអង្គគណបក្ស​​ នាពេលថ្មីៗនេះ។​ ថ្នាក់ដឹកនាំចិនកំពូលៗ ​ក្នុង​សមាជពេញអង្គ នៅប៉េកាំង។ AP – Yue Yuewei

ឯកសារ​ផ្លូវ​ការ​ ស្តីពី​កម្មវិធី​នយោបាយ​​រដ្ឋអំណាចចិន ត្រូវ​អនុវត្ត​ពីអំណឺះតទៅថ្ងៃមុខ មាន​លាត​ត្រដាង​ គោល​បំណង​កម្មវត្ថុ ៦០ ចំណុច​។​ ៦០ចំណុច គិត​គូរ​ជា​សំខាន់​ ដល់​វិស័យ​សេដ្ឋកិច្ច ឧស្សាហកម្ម​ ការ​ស្តារទំនុកចិត្ត​ឈ្មួញ​ ផ្តល់​តម្លៃ​លើទីផ្សារ។ ទីផ្សារ​​​ជាប្រភព​ចំណុច​យ៉ាងចម្បង​នៃថាមពល​សេដ្ឋកិច្ច​ចិន​។

កម្មវិធី​នយោបាយ​នេះ ផ្សាយ​ចេញ​ក្រោយ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​បិទបញ្ចប់​សមាជិ​ពេញ​អង្គ ក្រោម​អធិបតី​ភាព​អគ្គលេខាធិការបក្ស ប្រមុខរដ្ឋ​ ស៊ី ជីនពីង ដែល​បាន​ប្រព្រឹត្តធ្វើនៅ​រដ្ឋធានីប៉េកាំង ចន្លោះពី​ថ្ងៃទី​១៥ ដល់​ទី​១៨ កក្កដា។ កាលពីថ្ងៃ​បញ្ចប់​សមាជិពេញអង្គ​ភ្លាមៗនោះ​ គណមជ្ឈិមបក្ស​កុម្មុយនិស្តចិន បានលើកឡើង​និងបានទទួល​ស្គាល់​​បញ្ហា​ការពិត​១ ស្តីពី​បំណុល​សាធារណៈ​នៃ​អាជ្ញាធរ​ថ្នាក់​ខេត្ត​និង​តំបន់ ដែល​ជំពាក់​បំណុលគេ​ស្ទើររើខ្លួន​ឯងរួច។ នេះក៏ព្រោះតែ​វិបត្តិ​អចលនទ្រព្យ ហើយ​និង​ដរចេញពី​វិបត្តិ​រ៉ាំរ៉ៃ​នៃជំងឺ​កូវីដ​១៩។ ​ មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ បានសន្យា​​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ និងបញ្ជៀស​​ហានិភ័យ​ផ្សេងៗទៀត ​ដែលអាច​ជះឥទ្ធិពល​​ប៉ះពាល់​។

​លើសពីនេះទៅទៀត នៅ​កម្មវិធី​នយោបាយ​​រដ្ឋអំណាចចិន ដែល​ចេញផ្សាយ​ពីថ្ងៃអាទិត្យ ក៏​បាន​សង្កត់​ធ្ងន់​អំពី​ការ​លើកកម្ពស់​​លំនៅដ្ឋាន​សមរម្យ​ កែសម្រួល​បង្កើត​ឪកាស​ការងារ​ធ្វើ​សម្រាប់​យុវជន​ ហើយនិង​បង្កើន​កម្រិត​ជីវភាព​សម្រាប់​មនុស្ស​ចាស់ជរា។

កម្មវិធី​នយោបាយ​ និង​គោល​បំណង​កម្មវត្ថុ ចែងនៅលើក្រដាស សុទ្ធតែ​ល្អៗ ក៏ប៉ុន្តែ ចំណោទ​​នៅត្រង់​ការ​អនុវត្ត។ នេះ​ជាអ្វីដែល​អ្នក​វិភាគ​និងអ្នក​តាម​ដាន​ស្ថានការណ៍​ស្រុក​ចិន កំពុង​ចោទសួរ។ អ្នក​វិភាគ​ជាច្រើន​នាក់​ មាន​ក្តីមន្ទិល​សង្ស័យ​ចំពោះ​​ការ​អនុវត្ត​ដើម្បី​ឲ្យ​សម្រេច​កម្មវត្ថុ​ទាំងនោះ ពីព្រោះថា រដ្ឋអំណាច​ក្រុង​ប៉េកាំង ពុំ​បាន​ពន្យល់​រៀបរាប់​ពីផែន​ការ​សកម្មភាព​ទាល់តែសោះ។​ ជាក់ស្តែង​ អាជ្ញាធរ​ចិន​ មិន​លម្អិត​អំពី​ថាតើ​ធ្វើម្តេច​ដើម្បី​បង្កើន​លទ្ធភាព​របស់​អ្នក​ប្រើប្រាស់​ ? ហើយ​រដ្ឋាភិបាល​ចិន​ក៏​មិន​លម្អិត​ដែរ ថាតើ​ត្រូវ​ធ្វើយ៉ាងដូចម្តេច ដើម្បី​បង្កើន​វឌ្ឍនភាព​សេដ្ឋកិច្ច ក្នុង​ពេល​ជាមួយ​គ្នា​ដែល​ត្រូវ​កាត់​បន្ថយ​បបំណុលនោះ​​។

ករណីមួយ​ទៀត ដែល​ជាក្តីបារម្ភ​ និងជាការមើល​ឃើញរបស់អ្នក​តាម​ដាន​ស្ថានការណ៍ស្រុក​​ចិន នៅត្រង់​ចំណុច​​ថា រដ្ឋាភិបាល​ចិន​កំពុងតែ​ដើរ​បញ្ច្រាស​ពីកម្មវត្ថុ​របស់​ខ្លួន។ នៅផ្នែក​ម្ខាង​ អាជ្ញាធរ​ចិន​ចង់​ជំរុញ​ការវិនិយោគទុនផ្នែក​បច្ចេកវិទ្យា ប៉ុន្តែ ដើម្បី​រក្សា​សន្តិសុខ​ជាតិ​ក្នុង​វិស័យ​នេះ រដ្ឋចិន​បាន​រឹតត្បិត​និងដាក់​សម្ពាធ​ជាខ្លាំង​ ចំពោះ​ក្រុមហ៊ុន​បរទេស​ដែលរកស៊ី​វិស័យ​នេះ នៅប្រទេស​ចិន។ សម្ពាធនោះ មានទាំង​ផ្លូវបទដ្ឋាន​​ច្បាប់ និង​ហិរញ្ញវត្ថុ។ នេះបើតាម​ទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ។​

ទំនង​ជាថ្នាក់ដឹកនាំ​ចិន យល់​ច្បាស់ពីក្តីបារម្ភ​ទាំង​នេះ ទើប​នៅ​ក្នុង​ចំណោម​កម្មវត្ថុ​ដែល​កំណត់​ឡើងក្នុង​កម្មវិធីនយោបាយ​៦០ចំណុច​គ្រា​​នេះ ក៏​មានចំណុច​តម្រូវ​ឲ្យ ​រដ្ឋាភិបាល​ចិន ដាក់​ចេញ​វិធានការច្បាប់ ដើម្បី​ជួយ​ស្រោច​ស្រង់​វិស័យ​ឯកជន​ ហើយ​និង​កែប្រែ​ច្បាប់​ពន្ធដារ ​ពន្ធគយ​ ព្រមទាំង​កែទម្រង់​ច្បាប់​ហិរញ្ញវត្ថុ​មួយ​ចំនួន ​សម្រួល​ដល់​ការ​រកស៊ីវិនិយោគ​ទុន​​៕​​

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ​ RFI https://www.rfi.fr.kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា