នៅឆ្នាំ២០៤៣ ពិភពលោកនឹងឃើញមានយន្តហោះដឹកអ្នកដំណើរនិងទំនិញហោះខ្វាត់ខ្វែងលើមេឃច្រើនជាងពេលបច្ចុប្បន្នស្ទើរទ្វេដង។ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុបអ៊ែរប៊ូស និងអាមេរិកប៊ូអ៊ីង បានចេញរបាយការណ៍ព្យាករណ៍បង្ហាញទស្សនៈវិស័យដូចគ្នា។ ប៊ូអ៊ីង គ្រោងមានយន្តហោះដល់ទៅ៥ម៉ឺនគ្រឿងធ្វើចរាចរណ៍នៅ២០ឆ្នាំខាងមុខ។
នៅក្នុងការព្យាករណ៍ចេញផ្សាយនាថ្ងៃទី១៥ កក្កដា អ៊ែរប៊ូសនឹងមានយន្តហោះធ្វើពាណិជ្ជកម្មច្រើនជាងពេលបច្ចុប្បន្នចំនួនពីរដងនៅ២០ឆ្នាំខាងមុខ។ ចំណែកប៊ូអ៊ីងវិញ នឹងមានយន្តហោះចំនួនដល់ទៅ៥ម៉ឺនគ្រឿងនៅឆ្នាំ២០៤៣ ពោលគឺជិតពីរដងលើសចំនួនបច្ចុប្បន្ននេះដែរ ហើយជាងពាក់កណ្តាលជាយន្តហោះថ្មីស្រឡាងតែម្តង។
បច្ចុប្បន្ននេះ ប៊ូអ៊ីងមានយន្តហោះកំពុងធ្វើចរាចរណ៍ដឹកជញ្ជូនអ្នកដំណើរ និងទំនិញចំនួនប្រមាណ២៦៧៥០គ្រឿង ប៉ុន្តែមានយន្តហោះ៦១៩៥គ្រឿងប៉ុណ្ណោះអាចបន្តសកម្មភាពហោះហើរបានទៀតនៅ២០ឆ្នាំខាងមុខ។ ដូច្នេះជាសរុប ប៊ូអ៊ីងត្រូវការផលិតសាងសង់យន្តហោះចេញពីរោងចក្រតាមការបញ្ជាទិញឱ្យហើយ ចំនួនជិតបួនម៉ឺនបួនពាន់គ្រឿង ពីពេលនេះដល់ឆ្នាំ២០៤៣។ នេះបើតាមការរៀបរាប់លម្អិតរបស់អ្នកទទួលខុសត្រូវផ្នែកទីផ្សាររបស់ក្រុមហ៊ុនប៊ូអ៊ីង ក្នុងឱកាសធ្វើសន្និសីទកាសែតត្រៀមបើកពិព័រណ៍យន្តហោះថ្ងៃទី២២កក្កដា២០២៤នៅប្រទេសអង់គ្លេស។ សេចក្តីត្រូវការយន្តហោះនិងកំណើនពាណិជ្ជកម្មដឹកជញ្ជូនអ្នកដំណើរ ឡើងខ្លាំងជាងពិសេសនៅតំបន់ដើមបូព៌ា និងពពួកយន្តហោះដឹកទំនិញកើនមួយភាគបី។
ប៉ុន្តែកំណើនសេចក្តីការផ្នែកយន្តហោះហាក់យឺតជាងកំណើននៃចរាចរណ៍ផ្លូវអាកាសទេ ព្រោះក្រុមហ៊ុននីមួយៗបានឆ្លៀតយកចំណេញ ប្រើយន្តហោះមួយគ្រឿងៗជាអតិបរិមា គឺឱ្យហោះយ៉ាងច្រើនជើងបំផុតតាមដែលអាចធ្វើទៅបានទើបប្តូរ។ ម្យ៉ាងទៀត ដោយហេតុតែការផលិតយន្តហោះមានបញ្ហាច្រើន ត្រូវការការត្រួតពិនិត្យហ្មត់ចត់ប្រកបដោយគុណភាព និងបញ្ហាបណ្តាញផ្គង់ផ្គង់ ក្រុមហ៊ុនយក្សផលិតយន្តហោះពិភពលោកទាំងពីរ គឺប៊ូអ៊ីងនិងគូប្រជែងអ៊ែរប៊ូស សុទ្ធតែមិនអាចប្រគល់យន្តហោះតាមការបញ្ជាទិញរបស់អតិថិជនទេ។ ក្រុមហ៊ុនទាំងពីរបានទទួលកម្មង់ពេញបញ្ជីរហូតដល់ដំណាច់សតវត្សរ៍ឯណោះ។
បច្ចុប្បន្ន ពិភពលោកផលិតយន្តហោះយឺតយ៉ាវក្នុងបរិមាណប្រមាណ២ពាន់គ្រឿង ដែលជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍នានាបន្តប្រើយន្តហោះកញ្ចាស់ ខ្លះធ្វើការហួសសមត្ថភាព ខ្លះមានបច្ចេកវិទ្យាចាស់គំរិលនិងបំពុលបរិស្ថានខ្លាំង។ អ៊ីចឹងហើយបានសេវាជួសជុល និងថែទាំយន្តហោះ ត្រូវការកម្លាំងពលកម្មច្រើន។ នៅឆ្នាំ២០៤៣ទីផ្សារពលកម្មជួសជុលនិងថែទាំយន្តហោះនឹងមានទំហំដល់ទៅ៤៤០០ពាន់លានដុល្លារ និងត្រូវការប្រើបុគ្គលិកប្រមាណ៨៥លាននាក់ ទល់នឹង៤២លាននាក់នៅឆ្នាំ២០២៣៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr.kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com