banner1
អ.វ​.ត.ក ​គ្រោង​​​ថវិកា​ជិត ​១៦​លាន​ដុល្លារ ​​​បង្ហើយ​​ការងារ​សេសសល់​រយៈពេល ​​៣​ឆ្នាំ​ដំបូង

 18-កក្កដា-2024

តាម​គម្រោង​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.​វ.ត.​ក) ​ឬ​សាលាក្តី​ខ្មែរ​ក្រហម​បាន​គ្រោង​ថវិកាចំនួន​១៥,៩​លាន​ដុល្លារ ​សម្រាប់​បង្ហើយ​ការងារ​ដែលនៅ​សេសសល់​សម្រាប់​៣​ឆ្នាំ​ដំបូង​។ ​គម្រោង​ថវិកានេះ ​គឺ​សម្រាប់​ចំណាយ​ចាប់ពី​ឆ្នាំ​២០២៣ ​ដល់ឆ្នាំ​២០២៥​ ក្រោយ​សាលាក្តី​កូនកាត់​នេះ បាន​ចំណាយថវិកា​អស់ជាង ​៤០០​លានដុល្លារ ​រួចទៅហើយ​នៅក្នុង​ដំណើរការ​កាត់ក្តី​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ​អស់រយៈពេល​១៦ឆ្នាំ​កន្លងទៅ​។

អ.វ.ត.ក ចុះផ្សព្វផ្សាយដល់សិស្សានុសិស្សតាមសាលានានា © ECCC

សាលាក្តី​ខ្មែរក្រហម​បានគ្រោងចំណាយថវិកា​ចំនួន ១៥,៩លានដុល្លារ​ សម្រាប់ការងារ​ដែលនៅសេសសល់​រយៈពេល៣ឆ្នាំដំបូង​។ ការងារទាំងនោះ​រួមមាន​ការផ្ទេរ​ពិរុទ្ធជន ​ខៀវ សំផន ​អតីតប្រមុខរដ្ឋ​នៃ​របបកម្ពុជាប្រជាធិបតេយ្យ ​ដែលមានវ័យ៩៤ឆ្នាំ ​ទៅអនុវត្តទោស​អស់មួយជីវិត​នៅពន្ធនាគារខេត្ត​កណ្តាល។ការ​ជូនដំណឹងអំពី​បច្ចុប្បន្នភាពនៃ​ការងារដែលនៅ​សេសសល់ដល់ដើម​បណ្តឹងរដ្ឋប្បវេណី​​ជិត៤ពាន់នាក់។

ការធ្វើ​ចំណាត់ថ្នាក់ពី​ប្រភេទឯកសារ​សម្ងាត់បំផុត និង​សម្ងាត់ ទៅជាឯកសារ​សាធារណៈ ​នៃឯកសារ​សំណុំរឿង ០០២ ​បានប្រមាណ ២២​ម៉ឺនទំព័រ និងកំពុង​ពិនិត្យមើលឯកសារ​ដទៃទៀតជាង​២លានទំព័រ។​ ការបង្កើតនិងដាក់ឲ្យប្រើប្រាស់​ជាផ្លូវការនូវ​«មជ្ឈមណ្ឌលធនធានរបស់​សាលាក្តី»កាលពីខែ​កញ្ញា ឆ្នាំ២០២៣ ​កន្លងទៅ។ ការរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សាចំនួន​២លើកក្នុង ១សប្តាហ៍​ដល់សាធារណជន ​សិស្ស និស្សិត ​រួមនឹងគម្រោង​ការងារជាច្រើនទៀត។

សូមរំលឹកថា​ចាប់តាំងពីឆ្នាំ២០០៦ ​រហូតដល់ឆ្នាំ២០២៣ ​សាលាក្តីខ្មែរក្រហម​បានចំណាយថវិកា​សរុបប្រមាណ ​៤០៧លានដុល្លារ ​ក្នុងនោះថវិកា​រួមចំណែកពី​សហគមន៍អន្តរជាតិ​មានចំនួន ២៩៣លាន​ដុល្លារ(៧២%) ថវិកា​ផ្ទាល់ពីអង្គការ​សហប្រជាជាតិមានចំនួន ​៦៧លានដុល្លារ (១៦%)​ និងថវិកាបដិភាគរបស់​រដ្ឋាភិបាលកម្ពុជា​មានចំនួន៤៧លានដុល្លារ​ (១២%)។

ថវិកាចំណាយ​សម្រាប់សាលាក្តីខ្មែរក្រហមនេះ​ ត្រូវបានរដ្ឋាភិបាល​កម្ពុជាគូសបញ្ជាក់ថា​ជាការចំណាយតិច​ជាងគេ បើប្រៀបធៀប​ទៅនឹងតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ផ្សេងៗទៀត ​ដែបានចំណាយ​ថវិកាអស់ចន្លោះពី ​៨០ ទៅ ១០០​លានដុល្លារ ​ក្នុងមួយឆ្នាំ​។

នៅក្នុងឱកាស​នៃដំណើរទស្សនកិច្ច ​និង​សម្ពោធសមិទ្ធផល​នៅអគារ​អនុវត្តមុខងារ​សេសសល់របស់​សាលាក្តីខ្មែរក្រហម​នៅថ្ងៃទី១៦ ​កក្កដា​ នេះដែរ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បានចាត់ទុក​ការរក្សាទុក​ឯកសាររបស់​សាលាក្តីខ្មែរក្រហម​តាមរយៈមជ្ឈមណ្ឌល​ធនធានរបស់​សាលាក្តីនេះ ថា​មានសារសំខាន់​ណាស់សម្រាប់​ប្រវត្តិសាស្ត្រ និង​កូនខ្មែរ​ជំនាន់ក្រោយ។​ នៅក្នុងន័យនេះ ​លោកនាយក​រដ្ឋមន្ត្រីចង់​បង្ហាញថា​ការរក្សាទុក​ឯកសារនានា​របស់សាលាក្តី​ខ្មែរក្រហម គឺ​ជាតឹកតាង​មួយ​សម្រាប់បញ្ជាក់​ការពិត​នៃ​របបខ្មែរ​ក្រហម ដល់ក្មេង​ជំនាន់ក្រោយ​បន្ទាប់ពីការ​បាត់បង់មនុស្ស​វ័យចំណាស់ ​ដែលបានឆ្លងកាត់​របបវាលពិឃាត​នេះ ក្នុង រយៈពេល​៥០​ឆ្នាំទៀត​៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 122
ឯកសារពិគ្រោះ : 343
ឯកសារច្បាប់ : 151
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា