banner1
ឆមាសទី១ ឆ្នាំ២០២៤ ៖ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មអន្តរជាតិជាង ២៦ពាន់លានដុល្លារ កើនជិត១៣%

 12-កក្កដា-2024

ក្នុងរយៈពេល៦ខែឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញនិងនាំចូលទំនិញជាមួយទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់សរុបជាង២៦ពាន់លានដុល្លារ កើន១២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយនឹងកំណើនសរុបជិត១៣%នេះ គយក៏បញ្ជាក់ថា ទំហំនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកើនក្នុងរង្វង់១២,៦% និងការនាំចូលទំនិញពីក្រៅប្រទេសវិញក៏បន្តកើនឡើង១២,៨%ផងដែរ។ កុងតឺន័រនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ © Internet

ក្នុងចំណោមទីផ្សារសំខាន់ៗរបស់កម្ពុជានៅលើពិភព លោក ចិន នៅតែជាដៃគូពាណិជ្ជកម្មធំលំដាប់ទី១របស់កម្ពុជាជាមួយនឹងកំណើនពាណិជ្ជកម្មសរុបប្រមាណ៧ ៣០០លានដុល្លារអាមេរិក កើនឡើង១៨,៨% ក្នុងឆមាសទី១ ឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជាចូលទៅទីផ្សារចិនសម្រេចបានជាង៨០០លានដុល្លារ កើន១៤,២% និងការនាំចូលទំនិញពីចិនមកកម្ពុជាសម្រេចបាន៦ពាន់លានដុល្លារ កើន១៩,៤%។

ចំណែកសហរដ្ឋអាមេរិកវិញឈរនៅចំណាត់ថ្នាក់លេខរៀងទី២ ដែលមានទំហំពាណិជ្ជកម្មខ្ពស់ជាមួយកម្ពុជា។ តាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកសម្រេចបានជាង៤ ៥០០លានដុល្លារអាមេរិក ពោលគឺកើនចំនួន៤%។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកគឺមានទំហំទឹកប្រាក់សរុប៤ ៤០០លានដុល្លារ ខណៈការនាំចូលទំនិញពីអាមេរិកមកកម្ពុជាមានប្រមាណតែជាង១០០លានដុល្លារប៉ុណ្ណោះ។

គួរឱ្យកត់សម្គាល់ដែរថា ក្រៅពីចិន និងសហរដ្ឋអាមេរិក របាយការណ៍ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា វៀតណាមដែលជាប្រទេសជិតខាងកម្ពុជា បានក្លាយជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣របស់កម្ពុជា ជាមួយនឹងទំហំពាណិជ្ជកម្មសរុបជាង៤ពាន់លានដុល្លារអាមេរិក ដែលមានកំណើន២២,៦%។ តែការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរហាក់មានភាពត្រដំត្រសងគ្នា ដោយការនាំចេញទំនិញរបស់កម្ពុជាទៅវៀតណាមសម្រេចបាន២ ០២៧លានដុល្លារ ខណៈវៀតណាមវិញបាននាំទំនិញចូលកម្ពុជាប្រមាណ២ ០២០លានដុល្លារ។ ​

បើយោងតាមរបាយការណ៍របស់គយដដែល ប្រទេសទីផ្សារធំៗចំនួន១១ ត្រូវបានគេកត់សម្គាល់ឃើញថាមានកំណើនពាណិជ្ជកម្មជាមួយកម្ពុជា ក្នុងនោះរួមមាន ថៃ ជប៉ុន កាណាដា សិង្ហបុរី អេស្បាញ អង់គ្លេស ម៉ាឡេស៊ី កូរ៉េខាងត្បូង ហូឡង់ ហុងកុង និងអ៊ីតាលី។ ចំណែក ឥណ្ឌូនេស៊ី អាល្លឺម៉ង់ តៃវ៉ាន់ បារាំង បែលហ្ស៊ិក និងឥណ្ឌា របាយការណ៍បានបង្ហាញពីសញ្ញាធ្លាក់ចុះ។

សូមជម្រាបថា កាលពីឆ្នាំ២០២៣ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង៤៦.៨២ពាន់លានដុល្លារ ធ្លាក់ចុះ១,៩%។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ២២.៦៤ពាន់លានដុល្លារ កើនឡើង១,៨% និងការនាំចូលពីបរទេសសម្រេចបាន២៤,១៨ពាន់លានដុល្លារ ធ្លាក់ចុះ៥%៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 122
ឯកសារពិគ្រោះ : 343
ឯកសារច្បាប់ : 151
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា