វៀតណាម៖ វឌ្ឈនភាពសេដ្ឋកិច្ចកើនខ្លាំង ប្រមាណ ៦,៤% ឆមាសទី១ ឆ្នាំ២០២៤
1-កក្កដា-2024
ទិន្នន័យស្ថិតិសេដ្ឋកិច្ច បង្ហាញថា វៀតណាម មានវឌ្ឈនភាពកើនខ្ពស់ជាលំដាប់ និងខ្ពស់ជាងឆ្នាំទៅមិញទៀត។ ឆ្នាំមុន សេដ្ឋកិច្ចវៀតណាម កើនជាង៥% ហើយឆ្នាំនេះ បន្តកើនជាង៦% គ្រាន់តែត្រឹមឆមាសទី១ ឆ្នាំ២០២៤។ ការនាំទំនិញឧស្សាហកម្មចេញទៅបរទេស បានជំរុញកំណើនសេដ្ឋកិច្ចវៀតណាម ជាខ្លាំង។ នេះបើតាមទិន្នន័យរបស់អង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ FMI ដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ ដោយឆ្លៀតឲ្យអនុសាសន៍បន្ថែមថា វៀតណាមត្រូវកែទម្រង់មួយចំនួនទៀត ដើម្បីរក្សានិងជំរុញវឌ្ឈនភាពសេដ្ឋកិច្ចបន្តទៀត ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ។
រដ្ឋអំណាចវៀតណាម បានព្យាករវឌ្ឍនភាពសេដ្ឋកិច្ចរបស់ខ្លួន ប្រមាណ ៥,០៥% សម្រាប់ឆ្នាំទៅមិញ ហើយនៅឆ្នាំ២០២៤នេះ នឹងកើនឡើង ចន្លោះពី ៦ ទៅ៦,៥%។ ទិន្នន័យនេះ ត្រូវម៉ាច់ស្រដៀងគ្នានឹងរបាយការណ៍ស្ថិតិរបស់អង្គការជំនាញហិរញ្ញវត្ថុ គឺមូលនិធិរូបិយវត្ថុអន្តរជាតិ FMI ដែលបញ្ជាក់ថា ឆ្នាំនេះ៦ខែដំបូង កំណើនផលិតផលក្នុងស្រុកវៀតណាមសរុប រីកចម្រើនប្រមាណជា ៦,៤% ។
វៀតណាម មានផលិតផលឧស្សាហកម្មកើនឡើង ៧,៥% ហើយការវិនិយោគបរទេសកើនឡើងខ្ពស់ចំនួន ៨,២ បើធៀបនឹងឆ្នាំទៅមិញ ក្នុងរយៈពេលដូចគ្នា។ គ្រាន់តែក្នុងឆមាសទី១ ឆ្នាំនេះប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេហ៍មួយនេះ បានចំណេញ ១៩០ពាន់លានដុល្លារ ក្នុងវិស័យនាំចេញទំនិញឧស្សាហកម្ម។ ពោលគឺកើនឡើងជាង១៤,៥% ប្រៀបធៀបនឹងឆ្នាំចាស់។ គោលដៅទីផ្សានាំចេញធំជាងគេរបស់វៀតណាម គឺសហរដ្ឋ អាមេរិក ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ។
វឌ្ឈនភាពសេដ្ឋកិច្ចជឿនលឿនរបស់វៀតណាម អាស្រ័យទៅលើលទ្ធផលនៃចំណាត់ជាច្រើនវិស័យរួមគ្នា សំដៅដល់កំណើនខ្សែចង្វាក់ផលិតកម្ម ទេសចរណ៍ ការដោះដូរពាណិជ្ជកម្ម និងវិនិយោគសាធារណៈ។ ការប្រមូលពន្ធចូលរដ្ឋបានត្រឹមត្រូវ ក៏ជំរុញខ្លាំងណាស់ដែរ ដល់កំណើនសេដ្ឋកិច្ច។ តាមការគូសបង្ហាញរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ FMI គឺយុទ្ធនាការប្រឆាំងអំពើពុករលួយ បានប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។ ការប្រឆាំងអំពើពុករលួយ បានត្រឹមត្រូវ ក៏ធានាដល់គុណភាពអភិវឌ្ឈសេដ្ឋកិច្ច និងអភិបាលកិច្ច ព្រមទាំងបង្កើនតម្លាភាពត្រឹមត្រូវ។ ចំណុចនេះ ក៏បានជំរុញបរិយាកាសល្អ ផ្តល់ទំនុកចិត្តនិងភាពកក់ក្តៅផ្លូវចិត្តដល់ឈ្មួញអ្នកវិនិយោគទុន ទៀតផង។
នៅក្នុងខែមិថុនាដែរ មន្ត្រីឈ្មួញជាន់ខ្ពស់របស់សមាគមធុរកិច្ចអឺរ៉ុប-វៀតណាម EuroCham-Vietnam ក៏បានកត់សម្គាល់ ថា សុខភាពសេដ្ឋកិច្ចវៀតណាមល្អប្រសើរ និងដើរលើផ្លូវមួយប្រាកដប្រជា។ ស្របពេលនឹងកម្លាំងពលកម្មច្រើន ព្រោះមានប្រជាជនជាង១០០លាននាក់, ប្រទេសនេះ ក៏មានសក្កានុពលខាងប្រើប្រាស់ និងបច្ចេកវិទ្យា។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាម ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចបច្ចេកវិទ្យា កើនខ្លាំង និងលឿនរហ័សជាងគេមួយ គួរឲ្យកត់សម្គាល់។
យ៉ាងណាក៏ដោយចុះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ FMI ក៏បានឲ្យអនុសាសន៍បន្ថែមថា វៀតណាមត្រូវកែទម្រង់មួយចំនួនទៀត ដើម្បីបន្តរក្សាវឌ្ឈនភាពសេដ្ឋកិច្ច។ ពោលគឺត្រូវបង្កើនផលិតកម្មបន្ថែម ត្រូវវិនិ យោគលើវិស័យអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្មជំរុញវិនិយោគវិស័យឯកជន ហើយជាពិសេសលើវិស័យថាមពលកកើតឡើងវិញ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ