ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៨ មិថុនានេះ លោក ហ្ស៉ាក់ ប៉ាល់ឡេ ឯកអគ្គរដ្ឋទូតបារាំង បានបង្ហាញក្តីរំពឹងថា វេទិកាធុរកិច្ចលើកទី២ ឆ្នាំ២០២៤ នឹងអាចទាក់ទាញក្រុមហ៊ុនបារាំងឲ្យមក វិនិយោគកាន់តែច្រើនឡើងនៅប្រទេសកម្ពុជា។ តាមលោក ហ្ស៉ាក់ ប៉ាល់ឡេ បច្ចុប្បន្ននេះនៅកម្ពុជា មានក្រុមហ៊ុនបារាំង ខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំចំនួន ៤០០ កំពុងបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យសំខាន់ៗជាច្រើនដូចជា សណ្ឋាគារ សុខាភិបាល ឬអង្គការក្រៅរដ្ឋាភិបាលជាដើម។ លោក ហ្ស៉ាក់ ប៉ាល់ឡេ ជឿជាក់ថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុនបារាំងក្នុងវិស័យទាំងនេះនឹងអាចជំរុញឲ្យពាណិជ្ជកម្មរវាងបារាំង និងកម្ពុជាកាន់តែល្អប្រសើរឡើង។
ចំណែកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា លោក ស៊ីរីល យីរ៉ូត បានលើកឡើងថា ត្បិតមានក្រុមហ៊ុនបារាំងប្រមាណ ៤០០ក្រុមហ៊ុន នៅកម្ពុជាមែន តែក្រុមហ៊ុនភាគច្រើនជា សហគ្រិនខ្នាតតូច និងមធ្យម (SME)។ ទោះយ៉ាងណាលោក យីរ៉ូត បានរំលេចថា វេទិកាធុរកិច្ចឆ្នាំ២០២៤ នឹងជាឱកាសសម្រាប់ក្រុមហ៊ុនបារាំង ដើម្បីពង្រីកសកម្មភាពរបស់ខ្លួនបន្ថែមទៀតជាមួយភាគីកម្ពុជា។ ដោយឡែកប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង បានលើកឡើងថា វេទិកាធុរកិច្ចឆ្នាំ២០២៤ នេះមិនត្រឹមមានគោលបំណងទាក់ទាញការវិនិយោគលើគម្រោងថ្មីបន្ថែមទៀតប៉ុណ្ណោះទេ តែវាក៏ជាវេទិកាមួយ ដែលរៀបចំឡើងដើម្បីថែទាំគម្រោងវិនិយោគចាស់ៗដែលមានស្រាប់ផងដែរ។
តាមលោកគិត ម៉េង កម្ពុជា និងបារាំងមានទំហំពាណិជ្ជកម្មរួមគ្នាប្រមាណជាង ១.៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ។ គួរបញ្ជាក់ថា វេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ គ្រោងរៀបចំធ្វើរយៈពេល ៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ កក្កដាខាងមុខ។ គម្រោងរៀបចំក្នុងថ្ងៃទី៨ និងទី៩ ខែកក្កដានឹងធ្វើនៅក្នុងទីក្រុងភ្នំពេញ ហើយថ្ងៃចុងក្រោយក្នុងថ្ងៃទី១០ កក្កដានឹងរៀបចំធ្វើនៅក្រុងព្រះសីហនុ។ សូមជម្រាបថា វេទិកាធុរកិច្ចកម្ពុជា-បារាំងធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង៕
ប្រភពព័ត៌មាន វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr.kh