banner1
ការសិក្សា​​៖ ​ភ្នំពេញជាទីក្រុង ដែល​​មានការ​ចំណាយខ្ពស់ជាងគេ លំដាប់ទី២ នៅ​អាស៊ីអាគ្នេយ៍

 25-មិថុនា-2024

ទីក្រុងភ្នំពេញរបស់ប្រទេស​​កម្ពុជា ​​​​បាន​ជាប់ចំណាត់ថ្នាក់​លេខ​២ នៅអាស៊ីអាគ្នេយ៍​ និងជាប់ចំណាត់ថ្នាក់​លេខ១៣២ នៅក្នុងសកលលោក​​ដែលមានការចំណាយ​​លើ​ការរស់នៅ​​ខ្ពស់​ជាងគេ​​។ នេះបើតាមរបាយការណ៍សិក្សា​​វាយតម្លៃការ​រស់នៅរបស់មនុស្ស​ក្នុងទីក្រុងចំនួន ២២៦ ក្នុងទ្វីបចំនួន​៥​ ដែលទើបត្រូវបានចេញផ្សាយក្នុងគេហទំព័រ​ Mercer នៅ​ថ្ងៃទី​២៣ មិថុនានេះ។ ការសិក្សា​​៖​ភ្នំពេញជាទីក្រុងដែល​​មានការ​ចំណាយខ្ពស់ជាងគេលំដាប់ទី២​​នៅ​អាស៊ីអាគ្នេយ៍ © សហការី

​របាយការណ៍វាយតម្លៃប្រចាំឆ្នាំ​២០២៤​ របស់គេហទំព័រ​ Mercer​ បង្ហាញថា ​ទីក្រុងភ្នំពេញ​របស់ប្រទេសកម្ពុជាទីក្រុងមានការចំណាយ​​​ខ្ពស់ជាងគេ​​លំដាប់ទី២ នៅអាស៊ីគ្នេយ៍ ខណៈទីក្រុងរបស់ប្រទេសសិង្ហបុរី ឈរលេខរៀងលំដាប់ទី១។ តាម​គេហទំព័រ Mercer ទីក្រុងបាងកក​របស់ថៃ ទីក្រុងម៉ានីឡា​របស់ហ្វីលីពីន ទីក្រុង​ចាកាតារបស់​ឥណ្ឌូនេស៊ី និងទីក្រុងហាណូយនិងហូជីមីញរបស់វៀតណាម​បាន​​ជាប់ក្នុង​​ចំណាត់ថ្នាក់ទាបជាង​ប្រទេសកម្ពុជា។

​ការវាយតម្លៃរបស់គេហទំព័រ Mercer គឺធ្វើឡើងដោយផ្អែកលើការវាយតម្លៃលើ​​ការរស់នៅរបស់មនុស្សនៅក្នុងទីក្រុងចំនួន​ ២២៦ ​ក្នុងទ្វីប​ចំនួន​៥ ​​តាមរយៈការ​ប្រៀបធៀបការ​ចំណាយ​លើទំនិញផ្សេងៗជាង ២០០មុខ​ដូចជា ការចំណាយលើ​លំនៅដ្ឋាន ការដឹកជញ្ជូន អាហារ សំលៀកបំពាក់ ទំនិញប្រើប្រាស់ក្នុងផ្ទះ និងការកម្សាន្តជាដើម។ គេហទំព័រ​ Mercer​ ពន្យល់​ថា ​របាយការណ៍​សិក្សានេះបង្ហាញអំពី​កម្រិត​នៃការចំណាយរបស់មនុស្ស​នៅក្នុងការរស់នៅ ដែលមានន័យថា ទីក្រុងដែលស្ថិតលំដាប់លើគេគឺជា​កន្លែង​ដែល​មានតម្រូវការការចំណាយ​ខ្ពស់ជាងគេ​។

ការកើនឡើងនៃការចំណាយនៅតាមទីក្រុងទាំងនោះ​ បើតាម​ Mercer គឺ​បណ្តាលមកពីអតិផរណាខ្ពស់​ ការប្រែប្រួលនៃអត្រាប្តូរប្រាក់ ការប្រែប្រួលសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ជម្លោះក្នុងតំបន់ និងភាពអាសន្ន។ គួរ​កត់សម្គាល់ថា ​ពលរដ្ឋខ្មែរមួយចំនួនដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមបាន​ចាត់ទុក​​របាយការណ៍នេះ​ជា​ការឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតអំ​ពីការរស់នៅ​របស់ពួកគេសព្វថ្ងៃ។ តែ​បើយោងតាមសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២៤ ពលរដ្ឋខ្មែរម្នាក់អាចរកចំណូលជាមធ្យមបានប្រមាណ ២,០៧១ដុល្លារ ក្នុងមួយឆ្នាំ ឬជាង ១៦៨ដុល្លារ ក្នុងមួយខែ។ ចំនួននេះគឺកើនឡើង៨% បើធៀបនឹងឆ្នាំ២០២៣ដែលពលរដ្ឋម្នាក់អាចរកចំណូលបាន១,៩១៧ដុល្លារក្នុងមួយឆ្នាំ ឬ១៥៩,៧៥ដុល្លារក្នុងមួយខែ។

ចំណុចកត់សម្គាល់មួយទៀត ​បើគេប្រៀបធៀបកំណើនសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសជិតខាងដូចជា វៀតណាម និងថៃ គឺកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងប្រទេសទាំងពីរនេះ។ ប៉ុន្តែបើនិយាយអំពីទំហំសេដ្ឋកិច្ច ឬហៅថាទំហំផលិតផលក្នុងស្រុកសរុបGDPវិញ កម្ពុជាមានត្រឹមតែ ៣២.១៧ពាន់លានដុល្លារ​​ នៅឆ្នាំ២០២៣ ខណៈប្រទេសថៃ ដែលមានកំណើនសេដ្ឋកិច្ចត្រឹម២.៧% គឺមានទំហំGDPប្រមាណ៤៩៥ពាន់លានដុល្លារ និងវៀតណាមមានទំហំGDPសរុបជាង​ ៣៥៥ពាន់លានដុល្លារ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា