នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ធនាគារពិភពលោក World Bank បានប្រកាសអនុម័តការវិនិយោគថ្មីមួយទៀតសម្រាប់គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជាដែលរំពឹងថា អាចផ្តល់ប្រយោជន៍ដល់ប្រជាជនជាង ១១៣ ០០០នាក់។ បើតាមធនាគារពិភពលោក ការវិនិយោគនេះធ្វើឡើងក្រោមជំនួយឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក ក្នុងគោលបំណងធ្វើឱ្យសន្តិសុខទឹកនៅកម្ពុជាកាន់តែប្រសើរឡើង បង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។
ធនាគារពិភពលោកអនុម័តគម្រោងវិនិយោគកែលម្អសន្តិសុខទឹកនៅកម្ពុជាក្នុងទំហំទឹកប្រាក់ ១៤៥ លាន © World Bank Cambodia
ក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី២១ មិថុនា ម្សិលមិញ ធនាគារពិភពលោកកត់សម្គាល់ថាបញ្ហាអាកាសធាតុនៅកម្ពុជាបានជះឥទ្ធិពលទៅលើការផលិតស្បៀង និងកំណើនសេដ្ឋកិច្ច។ បើទោះជាកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃការធ្លាក់ភ្លៀងតាមរដូវ និងតាមតំបន់នៅក្នុងប្រទេសបានបង្កបញ្ហាប្រឈមជាច្រើនដល់ការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុង និងនៅតាមទីជនបទ។ តាមការព្យាករណ៍អាកាសធាតុដោយធនាគារពិភពលោក ទឹកជំនន់ និងភាពគ្រោះរាំងស្ងួតនឹងកើតមានញឹកញាប់ និងកាន់តែមានសភាពធ្ងន់ធ្ងរដែលដាក់សម្ពាធកាន់តែខ្លាំងទៅលើសមត្ថភាពរបស់ប្រទេសក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។
ប្រឈមនឹងបញ្ហានេះ ធនាគារពិភពលោកបានប្រកាសអនុម័តគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា ក្រោមជំនួយឥណទានចំនួន ១៤៥លានដុល្លារអាមេរិក ដែលនឹងអនុវត្តក្នុងរយៈពេល៥ឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គម្រោងវិនិយោគកែលម្អសន្តិសុខទឹកនេះ ដាក់គោលដៅពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ ការធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងបទប្បញ្ញត្តិ ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពីអាកាសធាតុ និងការពង្រឹងការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់ជាតិ និងថ្នាក់ខេត្ត។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជារបស់ធនាគារពិភពលោកនេះរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ពលរដ្ឋជាង១១៣ ០០០នាក់ តាមរយៈការទទួលបានការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសសម្រាប់ធ្វើប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានកែលម្អឡើងវិញ។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជាលើកឡើងថា គម្រោងនេះនឹងជួយប្រទេសកម្ពុជាឱ្យមានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេចបានផលិតភាពកសិកម្មកាន់តែច្រើន។ លោកស្រីម៉ារីយ៉ាម សាលីមបញ្ជាក់ថា ការវិនិយោគទៅលើភាពធន់នៃអាកាសធាតុនៅពេលនេះមិនត្រឹមតែអាចឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់សេវាទឹករយៈពេលវែងផងដែរ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com