IEP ២០២៤ ៖ កម្ពុជាជាប់ចំណាត់ថ្នាក់ទី៧០ ជាប្រទេសមានសន្តិភាពកំរិតមធ្យម
24-មិថុនា-2024
វិទ្យាស្ថានសម្រាប់សេដ្ឋកិច្ច និងសន្តិភាពហៅកាត់ (IEP) ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដែលមានសន្តិភាពកំរិតមធ្យមក្នុងឆ្នាំ ២០២៤ ដោយឈរនៅលេខរៀងទី៧០ និងមានពិន្ទុ២.០២៨ ក្នុងចំណោមប្រទេសចំនួន១៦៣ នៅលើពិភពលោក។ ចំណាត់ថ្នាក់សន្តិភាពនេះបង្ហាញថា កម្ពុជាបានរំកិល ៣លេខប្រសើរជាងឆ្នាំ២០២៣ ដែលជាប់ចំណាត់ថ្នាក់ទី៧៣។
របាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោក (GLOBAL PEACE INDEX 2024) របស់វិទ្យាស្ថានសម្រាប់សេដ្ឋកិច្ច និងសន្តិភាព(IEP) បង្ហាញថាប្រទេសកម្ពុជានៅឆ្នាំ២០២៤នេះ បានស្ថិតនៅក្នុងចំណុចពណ៌លឿងជាប្រទេស ដែលមានសន្តិភាពកំរិតកណ្តាល ឬមធ្យមក្នុងចំណោមប្រទេសសរុបចំនួន១៦៣។ តាមរយៈចំណាត់ថ្នាក់មួយនេះ ប្រទេសកម្ពុជាមានភាពប្រសើរឡើងបន្តិច បើធៀបនឹងឆ្នាំ ២០២៣ កន្លងទៅ ដែលឈរនៅលេខរៀងទី៧៣ និងមានពិន្ទុ ១.៩៤៧។
តែបើធៀបនឹងឆ្នាំ២០២២ ដែលឈរនៅលេខរៀងទី៦២ ចំណាត់ថ្នាក់ និងពិន្ទុដែលកម្ពុជាទទួលបានក្នុងឆ្នាំ២០២៤ នេះនៅតែមិនសូវល្អ។ មិនសូវល្អព្រោះកម្ពុជាបានធ្លាក់ពីចំណុចពណ៌បៃតងខ្ចី ដែលមានចំណាត់ថ្នាក់សន្តិភាពល្អមកចំណុចពណ៌លឿង ដែលជាចំណាត់ថ្នាក់ត្រូវប្រឹងប្រែងឡើងវិញ។
លោក ប៉ែន បូណា ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាមិនទាន់អាចនិយាយសាទរ ឬនិយាយយ៉ាងណានៅឡើយទេចំពោះរបាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោកឆ្នាំ២០២៤ នេះ។ តែលោកបានចោទជា ២សំណួរថា ទី១ លោកមិនដឹងថា តើរបាយការណ៍នេះត្រូវបានវាស់វែងដោយរបៀបណា និងទី២ លោកថាវាមិនមែនជាការត្រឹមត្រូវទេ ដែលយកកម្ពុជាទើបតែមានសន្តិភាព ២៥ឆ្នាំ ទៅប្រៀបធៀបជាមួយប្រទេសដែលមិនមានសង្គ្រាមជាយូរមកហើយ។ ទោះយ៉ាងណា ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះបានទទួលស្គាល់ថា សន្តិភាពរបស់កម្ពុជាពិតជាឈរពីលើប្រទេសជាច្រើន។
ចំណែកលោក គង់ មុនីកា សមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរយល់ឃើញថា បើប្រៀបធៀបទៅនឹងប្រទេសដែលកំពុងមានសង្គ្រាម និងវិបត្តិធ្ងន់ធ្ងរ កម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានសន្តិភាព។ តែអ្វីដែលសមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះចង់ឃើញ គឺការមានសន្តិភាពផ្លូវចិត្ត និងមានសិទ្ធិសេរីភាពពេញលេញក្នុងនាមកម្ពុជាជាប្រទេស ដែលប្រកាន់របបនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។
សូមរំលឹកថាពាក្យ «សន្តិភាព» នេះកំពុងស្ថិតនៅក្នុងការប្រទាញប្រទង់គ្នាខាងទស្សនៈនៅឡើយរវាងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន និងអ្នកនយោបាយប្រឆាំង។ ខណៈរដ្ឋាភិបាល និងអ្នកគាំទ្រទន្ទេញពាក្យ«សន្តិភាព»នេះជាប់មាត់ សកម្មជនប្រឆាំងយល់ថា ជាសន្តិភាពដែលធ្វើឲ្យអ្នកដទៃមានការឈឺចាប់៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ