ក្នុងក្របខ័ណ្ឌចំណូល-ចំណាយរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០២៥ ខាងមុខ រដ្ឋាភិបាលនឹងគ្រោងចាយថវិកាថ្នាក់ជាតិក្នុងវិស័យសង្គមកិច្ចច្រើនជាងគេ ពោលគឺប្រមាណ២.៦ពាន់លានដុល្លារអាមេរិក ឬស្មើ ៣១,០៤% នៃកញ្ចប់ថវិកាសរុបជាង ៩ពាន់លានដុល្លារ។ ការចំណាយដ៏ធំចំពោះវិស័យសង្គមកិច្ចនេះត្រូវបានក្រសួងសេដ្ឋកិច្ចពន្យល់ថា គឺដោយសារតែរដ្ឋាភិបាលចង់ពង្រឹងវិស័យអប់រំ ការអភិវឌ្ឍជំនាញឆ្លើយតបតម្រូវការទីផ្សារ ការពង្រឹងគុណភាពវិស័យសុខាភិបាល ការជំរុញការអនុវត្តកម្មវិធីគោលនយោបាយជាតិគាំពារសង្គម និងវិស័យវប្បធម៌ បរិស្ថាន និងសាសនា។
ចំណែកវិស័យសេដ្ឋកិច្ច ដែលក្តោបរួមលើវិស័យហិរញ្ញវត្ថុ វិស័យឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវបានរដ្ឋាភិបាលគ្រោងចាយប្រមាណ ១.៩ពាន់លានដុល្លារ ឬស្មើ ២២,៩៩% នៃកញ្ចប់ថវិកាត្រៀមចំណាយសរុបឆ្នាំ២០២៥។ នៅក្នុងវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមវិញ រដ្ឋាភិបាលដាក់ផែនការចាយចំនួន ១.៣ពាន់លានដុល្លារអាមេរិក ឬស្មើ ១៦,៣៧% ខណៈវិស័យរដ្ឋបាលទូទៅមានគម្រោងចំណាយចំនួនជាង ៨៣៤ លានដុល្លារអាមេរិក ឬស្មើ ៩,៨៦% នៃគម្រោងថវិកាចាយសរុបប្រចាំឆ្នាំ។
ដោយឡែក ថវិកាចំនួន ១.៦ពាន់លានដុល្លារ ផ្សេងទៀតនឹងត្រូវបែងចែកចំពោះវិស័យណាមួយ ដែលមានភាពចាំបាច់អំឡុងពេលអនុវត្តជាក់ស្តែង។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏នឹងត្រៀមចំណាយសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយគ្រោងចំណាយក្នុងទំហំ ២,០៣%នៃផ.ស.ស(ផលិតផលក្នុងស្រុកសរុប) ដែលរួមបញ្ចូលការឧបត្ថម្ភធនដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងទំហំ០,៨៤% នៃផសស។ ក្រៅពីគម្រោងចំណាយរបស់រដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រដ្ឋាភិបាលក៏បានដាក់ក្តីរំពឹងលើការប្រមូលចំណូលចូលរដ្ឋវិញក្នុងទឹកប្រាក់ ៧.៦ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៥។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពស្នើឱ្យរដ្ឋាភិបាលប្រើប្រាស់ថវិការបស់រដ្ឋឱ្យមានតម្លាភាព និងមានប្រសិទ្ធភាពដោយចៀសវាងការប្រើប្រាស់ខុសគោលដៅទៅបំពេញតម្រូវការផលប្រយោជន៍បុគ្គលជាជាងគិតពីប្រយោជន៍ជាតិ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh