banner1
ការខ្ចីលុយពីបរទេសដោយកម្ពុជា មានការថយចុះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤

 16-មិថុនា-2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា បានខ្ចីលុយពីដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤០,១៤លានដុល្លារ។ បើតាមក្រសួងសេដ្ឋកិច្ច កម្ចីនេះ មានការថយចុះដល់ទៅ៧១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងថាកម្ចីនេះបានមកពីក្របខណ្ឌទេ្វភាគី១០០%។

យោងតាមព្រឹត្តិប័ត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បញ្ជាក់ថា កម្ចីឥណទានសម្បទានថ្មីរបស់រដ្ឋាភិបាលកម្ពុជា មានសមមូលនឹង១០៥,២៥ លានអេសដេអ៊ែ​ ឬស្មើនឹងប្រមាណ៦% នៃពិតានដែលច្បាប់អនុញ្ញាត។

កម្ចីដែលរដ្ឋាភិបាលកម្ពុជាខ្ចីបានមកនេះ ត្រូវបានក្រសួងសេដ្ឋកិច្ចអះអាងថា រដ្ឋាភិបាលនឹងយកទៅបំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពនានា ដើម្បីទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង​ និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ ក្នុងនោះមានប្រមាណ៥២% ក្រសួងសេដ្ឋកិច្ចថា រដ្ឋាភិបាលនឹងយកទៅអភិវឌ្ឍន៍វិស័យដឹកជញ្ជូន។

បើតាមព្រឹត្តិប័ត្របំណុលដដែល កម្ចីទាំងនេះ សុទ្ធសឹងជាឥណទានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤០%។

អ្នកតាមដានសង្គមតែងតែលើកឡើងពីបញ្ហាកម្ចីដែលកម្ពុជាបានខ្ចីពីបរទេស ឬដៃគូអភិវឌ្ឍន៍ ពិសេសក្នុងក្របខណ្ឌទេ្វភាគី ដោយសារកម្ចីនេះមានភាពងាយស្រួល តែមិនសូវមានតម្លាភាព និងគណនេយ្យភាពនោះទេ។​

យ៉ាងណាក្រសួងសេដ្ឋកិច្ចនៅតែអះអាងថា​បច្ចុប្បន្ននេះ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន “ ចីរភាព” និង “ហានិភ័យកម្រិតទាប” ទោះបីសេដ្ឋកិច្ចកម្ពុជាទទួលផលប៉ះពាល់ពីកូវីដ១៩ និងកត្តាខាងក្រៅផ្សេងទៀតក្ដី។

បើតាមក្រសួងសេដ្ឋកិច្ច រដ្ឋាភិបាលបានទូទាត់បំណុលទៅកាន់ម្ចាស់ដើមវិញក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទាំងក្នុងនិងក្រៅប្រទេសបានកើន០.៥% បើធៀបឆ្នាំ២០២៣ ដែលគិតជាទឹកប្រាក់មានចំនួន ១៨១,១៥៥លានដុល្លារ។

គួរជ្រាបថា ត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសរុបចំនួន១១.០៩ ប៊ីលានដុល្លារ។ តាមក្រសួងសេដ្ឋកិច្ច ប្រមាណ១១ ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ៩៨ លានដុល្លារជាបំណុលសាធារណៈក្នុងប្រទេស។ បំណុលបរទេសដែលកម្ពុជាជំពាក់ច្រើនជាងគេ គឺប្រទេសចិន បន្ទាប់មកជប៉ុន កូរ៉េខាងត្បូង និងប្រទេសបារាំង។ នេះបើតាមក្រសួងសេដ្ឋកិច្ច៕

ប្រភពព័ត៌មាន​ ៖ វិទ្យុបារាំងអន្តរជាតិ​ RFI https://www.rfi.fr.kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា