banner1
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ ស្ថាប័នអន្ដរជាតិ វាយតម្លៃតម្លាភាពថវិកាកម្ពុជាប្រសើរជាងមុន

 16-មិថុនា-2024

ផ្អែកតាមលិខិតមួយដែលលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤បញ្ជាក់ថា ស្ថាប័នអន្ដរជាតិបានវាយតម្លៃពីតម្លាភាពថវិកានៅកម្ពុជាថាមានភាពល្អប្រសើរជាងមុនច្រើន។ ល្អប្រសើរដោយសារមានការកើនឡើងខ្ពស់នៃសន្ទស្សន៍ការអង្កេតលើការបើកចំហថវិកានៅកម្ពុជា។

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ អង្គការភាពជាដៃគូថវិកាអន្ដរជាតិ បានបង្ហាញសន្ទស្សន៍នៃការអង្កេតលើកការបើកចំហថវិការបស់កម្ពុជាចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ដែលសន្ទស្សន៍នេះត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្ដង។

តាមរបាយការណ៍របស់អង្គការភាពជាដៃគូថវិកាអន្ដរជាតិ នៅឆ្នាំ២០០៨ សន្ទស្សន៍នៃការបើកចំហថវិកានៅកម្ពុជាទទួលបាន១១ពិន្ទុ ហើយនៅឆ្នាំ២០១០ និង២០១២ សន្ទស្សន៍នៃការបើកចំហថវិកាបានកើនដល់១៥ពិន្ទុ តែនៅឆ្នាំ២០១៥ កម្ពុជាបានធ្លាក់ចុះមកត្រឹមតែ៨ពិន្ទុវិញ។

យ៉ាងណា សន្ទស្សន៍នៃការបើកចំហថវិកានេះ កម្ពុជាទទួលបានពិន្ទុ២០ នៅឆ្នាំ២០១៧ និងបន្ដកើនដល់៣២ពិន្ទុ នៅឆ្នាំ២០១៩ ហើយកើនដល់៣៣ពិន្ទុនៅឆ្នាំ២០២១។ ចំណែកនៅឆ្នាំ​២០២៣ កម្ពុជា​បន្តកើនដល់៤៣ពិន្ទុ ក្នុង​ចំណោម​ពន្ទុ​ខ្ពស់​បំផុត​ចំនួន​៥០ពិន្ទុ។

លោក មាស សុខសេនសាន បានអះអាងនៅក្នុងលិខិតថា សមិទ្ធផលនេះនឹងជួយលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្ដរជាតិ និងជួយបង្កើនទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងក្រៅស្រុក។មានកត្តាជាច្រើនដែលជួយលើកកម្ពស់តម្លាភាពថវិកា ក្នុងនោះកត្តាច្បងគឺការផ្សព្វផ្សាយឯកសារថវិកាបានទាន់ពេលវេលា និងការពង្រឹងគុណភាពនៃខ្លឹមសារថវិកាមានភាពគ្រប់ជ្រុងជ្រោយជាងមុន។

បើតាម​ក្រសួង​សេដ្ឋកិច្ចចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៧ មានឯកសារខ្លះត្រូវបានក្រសួងផ្សព្វផ្សាយយឺតយ៉ាវ ឬផលិតឡើងសម្រាប់ប្រើប្រាស់តែផ្ទៃក្នុងប៉ុណ្ណោះ ហើយឯកសារខ្លះទៀតមិនត្រូវបានក្រសួងផលិតនោះទេ។ តែចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ក្រសួងបានផ្សព្វផ្សាយឯកសារថវិកាទាំងអស់ជាសាធារណៈ។ ឯកសារដែលក្រសួងផ្សព្វផ្សាយលើគេហទំព័រ មានសារាចរណែនាំស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ សេចក្ដីព្រាងច្បាប់ថវិកាប្រចាំឆ្នាំ ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំដែលបានអនុម័ត សៀវភៅថវិកាសង្ខេប របាយការណ៍ក្នុងឆ្នាំ របាយការណ៍ពាក់កណ្ដាលឆ្នាំ របាយការណ៍ដំណាច់ឆ្នាំ និងរបាយការណ៍សវនកម្ម៕

ប្រភពព័ត៌មាន​ ៖ វិទ្យុបារាំងអន្តរជាតិ​ RFI https://www.rfi.fr.kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា