banner1
ADB ប្ដេជ្ញាផ្ដល់ជំនួយជាង១ពាន់លានដុល្លារ ដល់កម្ពុជាក្នុងរយៈពេល ៥ឆ្នាំ

 14-មិថុនា-2024

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានប្ដេជ្ញាផ្ដល់ជំនួយដល់កម្ពុជាក្នុងទំហំទឹកប្រាក់១.២៦ពាន់លានដុល្លា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨។ នេះបើយោងតាមការចុះផ្សាយព័ត៌មានរបស់ ADB ក្នុងថ្ងៃទី១២ មិថុនា ឆ្នាំ២០២៤។ កម្ពុជាតាមរយៈរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុន្នីរ័ត្ន បញ្ជាក់ថា ជំនួយរបស់ ADB នឹងធ្វើឱ្យកម្ពុជាសម្រេចបាននូវយុទ្ធសាស្ដ្របញ្ចកោណរបស់ខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ធនាគារអភិវឌ្ឍអាស៊ី (ADB) បានអះអាងពីការប្តេជ្ញាចិត្តផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជាក្នុងទំហំទឹកប្រាក់១.២៦ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជារយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨។ ការប្រកាសផ្តល់ជំនួយឱ្យកម្ពុជានេះធ្វើឡើងក្នុងឱកាសដែល ADB បានសម្ពោធស្ថានតំណាងថ្មីរបស់ខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជានាថ្ងៃទី១២ មិថុនា។ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់នាឱកាសនោះថា ទឹកប្រាក់ចំនួន ១.២៦ពាន់លានដុល្លារ នេះគឺជាជំនួយអភិវឌ្ឍន៍ក្នុងយុទ្ធសាស្ត្រភាពជាដៃគូថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលមានគោលដៅបំពេញតម្រូវការ ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

ចំពោះ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា កម្ពុជាមានតម្រូវការពង្រឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍន៍ធនធានមនុស្ស និងភាពធន់នៃអាកាសធាតុ។ រដ្ឋាភិបាលកម្ពុជាតាមរយៈលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាត់ទុកជំនួយរបស់ ADB ជាការជួយគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទៅពង្រឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចជាតិ។ ការផ្តល់ជំនួយនេះត្រូវបាន លោក អូន ព័ន្ធមុនីរ័ត្ន រំពឹងថានឹងអាចជួយពន្លឿនដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សម្រាប់លោកអូន ព័ន្ធមុនីរ័ត្ន ADB គឺជាដៃគូអភិវឌ្ឍន៍មួយដ៏មានទំនុកចិត្ត និងយូរអង្វែងសម្រាប់ប្រទេសកម្ពុជា។ គួរជ្រាបថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ADB បានសន្យាផ្ដល់កម្ចីវិស័យសាធារណៈចំនួន ៣៣៩កន្លែងដល់កម្ពុជា រួមទាំងជំនួយ និងជំនួយបច្ចេកទេសដែលសរុបជាទឹកប្រាក់មានប្រមាណ ៤.៨ពាន់លានដុល្លារអាមេរិក។ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានក្លាយជាប្រភពកម្ចី និងជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំមួយរបស់កម្ពុជា។ គិតពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៣ កម្ពុជាទទួលបានកម្ចីប្រចាំឆ្នាំជាមធ្យមចំនួន ៣៦៣.២៨លានដុល្លារ ពីADB។ បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់កម្ចីសរុបចំនួន៣៤កម្ចី និងជំនួយចំនួន៨ ឲ្យកម្ពុជាដែលសរុបជាទឹកប្រាក់មានជាង១.៩២ពាន់លានដុល្លារ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា