ប្រទេសជាង២០ ចុះហត្ថលេខាលើ “សេចក្តីប្រកាសសន្តិភាពចំពោះសមុទ្រ”
10-មិថុនា-2024
មានប្រទេសជាង២០ប្រទេស បានរួមគ្នាចុះហត្ថលេខា លើអត្ថបទរួមមួយ ដែលមានឈ្មោះថា សេចក្តីប្រកាសសន្តិភាពចំពោះសមុទ្រ។ ការចុះហត្ថលេខាដែលបានប្រព្រឹត្តិធ្វើទៅ នៅប្រទេសកូស្តារីកា កាលពីថ្ងៃសៅរ៍ ទី៨ មិថុនា នៅក្នុងក្របខណ្ឌនៃវេទិកាជជែកគ្នា ស្តីអំពី ការអភិរក្សសមុទ្រ។ នេះគឺជាសញ្ញាវិជ្ជមានមួយ សម្រាប់សន្និសីទអន្តរជាតិស្តីពី សមុទ្រ ដែលនឹងត្រូវរៀបចំធ្វើនៅបារាំង នៅឆ្នាំ២០២៥។
ឆ្លងកាត់ការប្រជុំជជែកគ្នា រយៈពេល២ថ្ងៃ ក្នុងវេទិកា Immersed in Change ដែលរៀបចំឡើងនៅប្រទេសកូស្តារីកា កាលពីថ្ងៃសៅរ៍ ទី៨ មិថុនា ប្រទេសចំនួន ២៦ប្រទេស ក្នុងចំណោមជាង៥០ប្រទេស ដែលមានវត្តមាន បានចុះហត្ថលេខា លើអត្ថបទរួមមួយ ដែលមានឈ្មោះថា “សេចក្តីប្រកាសសន្តិភាពចំពោះសមុទ្រ”។ ក្នុងចំណោមប្រទេសហត្ថលេខី គឺមាន បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ស៊ុយអែត កាណាដា កូឡុំប៊ី ឈីលី អ៊ីស្រាអែល កូរ៉េខាងត្បូង និងកូស្តារីកា។
នៅក្នុងសេចក្តីប្រកាសរួមនេះ ប្រទេសហត្ថលេខីបានលើកឡើងថា “យើងទាំងអស់គ្នា សូមប្តេជ្ញាបង្កើនសកម្មភាពការងារ ដើម្បីការពារអភិរក្សសមុទ្រ និងចូលរួមលើកកំពស់សកម្មភាពសេដ្ឋកិច្ចដែលនាំឲ្យមានភាពវិជ្ជមានដល់ធម្មជាតិ ដោយផ្អែកលើចំណេះដឹង ដែលបានមកពីប្រពៃណីទំនៀមទំលាប់បុរាណ និងទាំងផ្អែកលើចំណេះដឹងវិទ្យាសាស្ត្រ ព្រមទាំងនវានុវត្ត។”
លោករដ្ឋមន្ត្រីក្រសួងការបរទេសកូស្តារីកា ដែលរៀបចំកម្មវិធីវេទិកានេះ បានលើកឡើងថា “សមុទ្រមិនអាចធុនទ្រាំបានតទៅទៀតទេ នូវសកម្មភាពបំផ្លិចបំផ្លាញ និងការមិនយកចិត្តទុកដាក់របស់មនុស្សយើង។ គឺដោយហេតុនេះហើយ ទើបយើងទាំងអស់គ្នាត្រូវតែរួមគ្នា ប្រកាសសន្តិភាពចំពោះសមុទ្រនាពេលនេះ។
ដូចគ្នាដែរ លោក Li Junhua អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសង្គម បានថ្លែងពេលបើកវេទិកាថា ការការពារអភិរក្សសមុទ្រ ព្រមទាំងការប្រើប្រាស់អាស្រ័យផលពីធនធានសមុទ្រ ប្រកបដោយការទទួលខុសត្រូវ និងដោយនិរន្តរភាព វាមិនមែនជារឿងដែលមនុស្សយើងអាចធ្វើបានទេ តែវាជារឿងដែលយើងត្រូវតែធ្វើ ឲ្យខាងតែបាន។
សូមបញ្ជាក់ថា អត្ថបទសេចក្តីប្រកាសសន្តិភាពចំពោះសមុទ្រនេះ មាន១២ចំណុច ដែលក្នុងនោះគឺមានចំណុចមួយ មានខ្លឹមសារអំពាវនាវ ឲ្យប្រទេសទាំងអស់ក្នុងពិភពលោក ត្រូវតែផ្តល់សច្ចាប័ន លើសន្ធិសញ្ញាការពារលំហរសមុទ្រ ពោលគឺការពារដែនសមុទ្រ ដែលនៅឆ្ងាយផុតពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ ចំងាយ៣៧០គីឡូម៉ែត្រពីឆ្នេរ។ សន្ធិសញ្ញាដែលបានអនុម័តកាលពីឆ្នាំ២០២៣នេះ បច្ចុប្បន្នមានប្រទេសតែជាង៧០ប្រទេសប៉ុណ្ណោះ ដែលបានផ្តល់សច្ចាប័ន។
គួររំលឹកថា ការការពារលំនឹងប្រព័ន្ធជីវចម្រុះក្នុងសមុទ្រ គឺជាផ្នែកមួយដ៏សំខាន់ នៅក្នុងផែនការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ ទឹកសមុទ្រគឺជាអ្នកស្រូបឧស្ម័នកាបូនិកមួយផ្នែកធំ ហើយបញ្ចេញអុកស៊ីសែនឲ្យមនុស្សសត្វដកដង្ហើម។ ចំហាយសីតុណ្ហភាពទឹកសមុទ្រ ក៏ជាកត្តាកំណត់អំពីចរន្តខ្យល់ សំណើម និងរលកសីតុណ្ហភាពក្តៅឬត្រជាក់ជុំវិញផែនដី។ នៅឆ្នាំ២០២៥ខាងមុខ បារាំងនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិស្តីពីសមុទ្រ ក្រោមការផ្តួចផ្តើមគំនិតរបស់អង្គការសហប្រជាជាតិ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ