banner1
លោក ហ៊ុន ម៉ាណែតថា ការប្រើបច្ចេកវិទ្យា AI មិនត្រឹមត្រូវនឹងបង្កភាពអវិជ្ជមានដល់សង្គម

 10-មិថុនា-2024

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នេះថា ការចាប់យក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ត្រូវមានដែនកំណត់ គិតគូរពីសីលធម៌ និងតម្លៃសង្គម ហើយថា បើបច្ចេកវិទ្យា AI នេះមិនត្រូវបានប្រើប្រាស់ត្រឹមត្រូវទេ នោះវានឹងបង្កភាពអវិជ្ជមានដល់សង្គមជាតិ។ ការលើកឡើងដូចនេះរបស់លោកនាយករដ្ឋមន្ដ្រីបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលរៀបចំធ្វើនៅក្នុងខេត្តសៀមរាប។

លោក ហ៊ុន ម៉ាណែតបានថ្លែងថា មានសាធារណជនជាច្រើនបានសម្ដែងការភ័យខ្លាច និងព្រួយបារម្ភចំពោះសមត្ថភាពដ៏ខ្លាំងរបស់កម្មវិធីបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ដែលអាចបង្កផលប៉ះពាល់ដល់សិទ្ធិ និងឯកជនភាពរបស់ពួកគេ។ តាមលោក ហ៊ុន ម៉ាណែត ប្រសិនបើបច្ចេកវិទ្យា AI នេះមិនត្រូវបានយកប្រើប្រាស់ក្នុងទិដ្ឋភាពត្រឹមត្រូវទេ នោះវានឹងអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំង មូល។ ផលប៉ះពាល់អវិជ្ជមាន ដែលនាយករដ្ឋមន្ដ្រីកម្ពុជារូបនេះមើលឃើញរួមមាន ឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែត (cybercrime) សន្តិសុខតាមអ៊ីនធ័រនែត (Cybersecurity) និងការឆបោកតាមអនឡាញ (Online Scam)។

ការលើកឡើងរបស់លោក ក៏មិនខុសគ្នានឹងរបាយការណ៍ស្តីពី ហានិភ័យសកលឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោកដែលបានបញ្ជាក់ថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI មិនត្រឹមត្រូវនឹងបង្កចេញនូវគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម ហើយមនុស្សក៏នឹងប្រឈមមុខនឹង AI នេះដូចគ្នា។ គ្រោះថ្នាក់ និងផលវិបាកដែលរបាយការណ៍បានលើកឡើងរួមមាន ព័ត៌មានដែលបង្កឲ្យមានការភាន់ច្រឡំ និងព័ត៌មានក្លែងបន្លំដែលសុទ្ធសឹងជាបញ្ហាប្រឈមដ៏ធំមិនធ្លាប់មានពីមុន។ តាមរបាយការណ៍ដដែល បញ្ញាសិប្បនិម្មិត (AI) កំពុងលេចចេញរូបរាងឆាប់រហ័ស ខណៈបច្ចេកវិទ្យាដែលមានឥទ្ធិពលច្រើនទៀតក៏កំពុងបង្កើតឡើងដូចគ្នា។

ទោះយ៉ាងណា និងបើតាមប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ប្រសិនបើគ្មានការអប់រំជំនាញជាមូលដ្ឋាន និងការចូលរួមជាបន្តបន្ទាប់នោះទេ អ្នកប្រើប្រាស់ជាទូទៅប្រាកដជាជួបការលំបាកក្នុងការ បែងចែករវាងអ្វីដែលពិត និងអ្វីដែលក្លែងក្លាយ។ ក្នុងន័យនេះ លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យប្រទេសអាស៊ានទាំងអស់រួបរួមគ្នា ធ្វើការជាមួយគ្នា និងចែករំលែកនូវបទពិសោធន៍ល្អៗរវាងគ្នា ដើម្បីធ្វើយ៉ាងណាជំរុញឱ្យបច្ចេកវិទ្យា AI អាចបំពេញតួនាទីបានល្អប្រសើរ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា