banner1
ចិន ត្រៀមបញ្ជូនអ្នកនាំពាក្យក្រសួងការបរទេស លោក វ៉ាង វេនប៊ីន ធ្វើជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា

 7-មិថុនា-2024

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន ត្រៀមមកធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយយ៉ាងព្រោងព្រាត របស់សារព័ត៌មានរដ្ឋចិន នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកនាំពាក្យក្រសួងបរទេសចិនរូបនេះ ត្រូវបានគេស្គាល់និងឲ្យរហស្សនាម ជាអ្នកការទូតចម្បាំងចចក ដែលមានសមត្ថភាពអាចឆ្លើយតបនឹងរាល់ស្ថានភាពដែលកើតឡើងនៅក្នុងតំបន់ និងអន្តរជាតិ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកចិន ដំណឹងដែលលិចឮថា លោក វ៉ាង វេនប៊ីន នឹងមកកាន់មុខតំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានាពេលខាងមុខត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ចិនកាលពីថ្ងៃអង្គារ ទី៤ មិថុនា ក្រោយមានជំនួបរវាង លោក វ៉ាង វេនប៊ីន និងប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ចិន លោក Luo Zhaohui។ ដំណឹងនេះបានបង្កឲ្យមានភាពភ្ញាក់ផ្អើលដោយមានសារព័ត៌មាននៅស្រុកខ្មែរ និងបរទេសយកទៅចុះផ្សាយព្រោងព្រាត។

នេះក៏ដោយសារតែ លោក វ៉ាង វេនប៊ីន ត្រូវបានគេស្គាល់ជាអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលតែងចេញមុខប្រតិកម្មនឹងសំណុំរឿងធំៗដែលមានពាក់ព័ន្ធនឹងរដ្ឋាភិបាលចិន។ តាមកាសែតជប៉ុន Nikkei Asia លោក វ៉ាង វេនប៊ីន ត្រូវបានគេស្គាល់ជា អ្នកចម្បាំងចចកតាមរយៈសេចក្តីថ្លែងការណ៍យ៉ាងឃោរឃៅរបស់លោកក្នុងការឆ្លើយតបទៅនឹងបញ្ហាជាមួយនឹងបណ្តាប្រទេស លោកលិច និងជប៉ុនក្នុងតួនាទីជាអ្នកនាំពាក្យការបរទេសចិនជាង៤ឆ្នាំមកនេះ។

គួរបញ្ជាក់ថា មុននឹងទទួលតំណែងជាអ្នកនាំពាក្យក្រសួងការបរទេសពីឆ្នាំ ២០២០ មកដល់បច្ចុប្បន្ន លោក វ៉ាង វេនប៊ីន ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ីពីរឆ្នាំ ឆ្នាំ២០១៨ ដល់២០២០។ ការត្រៀមកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាពេលនេះ ត្រូវគេមើលឃើញពីភាពស្និទ្ធិស្នាលរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងប៉េកាំង។ ព្រឹត្តិការណ៍នៃកិច្ចសហប្រតិបត្តិរវាងកម្ពុជា-ចិនបានធ្វើជាបន្តបន្ទាប់គ្នា។ ថ្មីៗនេះ គឺសមយុទ្ធនាគមាសឆ្នាំ២០២៤ ដែលទើបបញ្ចប់ ការត្រៀមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ និងការយកឈ្មោះប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដាក់ឈ្មោះផ្លូវមួយខ្សែក្នុងប្រទេស​កម្ពុជា។

អ្វីជាការកត់សម្គាល់ ការត្រៀមបញ្ជូនអ្នកការទូតឆ្នើមមួយរូបរបស់ចិនមកកាន់តំណែងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាពេលនេះ គឺគាប់ជួននឹងសហរដ្ឋអាមេរិកក៏ត្រៀមបញ្ជូនឯកអគ្គរដ្ឋទូតថ្មីលោក Robert William Forden មកកម្ពុជាដែរ។ លោក Robert William Forden ជាអ្នកការទូត ដែលមានបទពិសោធន៍ការងារជាច្រើនទាក់ទងនឹងទ្វីបអាស៊ី។ លោកធ្លាប់បំពេញតួនាទីនៅក្នុងប្រទេសចិន តៃវ៉ាន់ និងម៉ុងហ្គោលី។ លើសពីនេះ ឯកអគ្គរដ្ឋទូតថ្មីអាមេរិកក៏ធ្លាប់ជាមន្ត្រីសេដ្ឋកិច្ចរបស់ស្ថានទូតអាមេរិកប្រចាំក្រុងហាណូយ។

នៅក្នុងសុន្ទកថាមួយ ដែលលោកបានថ្លែងនៅមុខគណៈកម្មការទំនាក់ទំនងបរទេសសភា កាលពីថ្ងៃទី៧ មីនា លោក Forden បានអះអាង ពីជំហររបស់លោកក្នុងការគាំទ្រស្មារតីពលរដ្ឋខ្មែរក្នុងការងារប្រជាធិប​តេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ៕

ប្រភពព័ត៌មាន​​ ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា