រដ្ឋមន្រ្តីការពារជាតិអាមេរិកថា អាមេរិកមានសន្តិសុខទៅបាន លុះណាអាស៊ីមានសន្តិសុខ
2-មិថុនា-2024
កិច្ចប្រជុំកំពូលស្តីពី សន្តិសុខអាស៊ីប៉ាស៊ីហ្វិក ឬសាំងគ្រីឡានៅសិង្ហបុរី នៅតែគ្របដណ្តប់ដោយភាពតានតឹងរវាងមហាអំណាចចិន និងអាមេរិកដែលចេញមុខការពារសម្ព័ន្ធមិត្តនៅអាស៊ីប៉ាស៊ីហ្វិក។ ឡើងថ្លែងនៅចំពោះថ្នាក់ដឹកនាំយោធារបស់បណ្តាប្រទេសក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃសៅរ៍ ទី១ មិថុនា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកឡយ អូស្ទីនបានបញ្ជាក់ថា អាស៊ីប៉ាស៊ីហ្វិកជាអាទិភាពរបស់អាមេរិក។ នៅចំពោះមុខនៃការពង្រីកដែនឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក អាមេរិកបានចេញមុខធានាការពារសម្ព័ន្ធមិត្តដែលកំពុងប្រឈមមុខជាមួយចិន ដូចជាហ្វីលីពីនជាដើម។ ប៉ុន្តែបើតាមលោកអូស្ទីនដដែល សង្រ្គាមជាមួយចិននឹងមិនកើតឡើងក្នុងពេលឆាប់ៗនោះទេ ហើយគេក៏អាចជៀសវាងបានដែរ ព្រោះថាការជួបពិភាក្សាផ្ទាល់រវាងថ្នាក់ដឹកនាំយោធាចិន និងអាមេរិកអាចជួយឲ្យគេជៀសវាងការគិតខុស និងការយល់ច្រលំគ្នាទៅវិញទៅមក។
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austinទើបដើរចេញពីបន្ទប់ប្រជុំជាមួយសមភាគីចិននៅក្រៅក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលស្តីពីសន្តិសុខអាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃសុក្រទី ៣១ ឧសភា ២០២៤ AP – Vincent Thian
ជារៀងរាល់ឆ្នាំ ចិន និងអាមេរិកយកកិច្ចប្រជុំកំពូលស្តីពីសន្តិសុខអាស៊ីប៉ាស៊ីហ្វិកនៅប្រទេសសិង្ហបុរី ទៅធ្វើជាកន្លែងប្រជែង រិះគន់គ្នាទៅវិញទៅមក ជុំវិញការពង្រីកដែនឥទ្ធិពលរបស់មហាអំណាចទាំងពីរនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅមួយថ្ងៃមុន បទអន្តរាគមន៍របស់រដ្ឋមន្រ្តីការពារជាតិចិន ប្រមុខការបរទេសអាមេរិក លោក ឡយ អូស្ទីន បានឡើងនិយាយនៅចំពោះមុខថ្នាក់ដឹកនាំយោធារបស់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកការពារសករាជថ្មីនៃសន្តិសុខ ជាមួយសម្ព័ន្ធមិត្ត និងប្រទេសដៃគូក្នុងតំបន់ អាមេរិកនឹងមានសន្តិសុខទៅបាន លុះណាតែអាស៊ីមានសន្តិសុខ។
រដ្ឋមន្រ្តីការពារជាតិអាមេរិកចង់និយាយសំដៅដល់ការពង្រីកដែនឥទ្ធិពលបស់ចិន នៅសមុទ្រចិនខាងត្បូង និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមិនត្រឹមរំខានដល់ការធ្វើនាវាចរណ៍ដោយសេរីតែប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបង្កឲ្យមានផលរមាស់ ធ្វើឲ្យចិនត្រូវកើតជម្លោះជាមួយប្រទេសនៅអាស៊ីមួយចំនួន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជា ជប៉ុន អូស្ត្រាលី និងហ្វីលីពីនជាដើម។
ភាគីចិន តាមរយៈមន្រ្តីយោធាជាន់ខ្ពស់ លោក ជីង ជៀនហ្វេង ចាត់ទុកការប្រកាសរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកថា ជាចេតនាចង់បង្កើតបក្សសម្ព័ន្ធ ទម្រង់អូតង់នៅអាស៊ីប៉ាស៊ីហ្វិក។ បើតាមមន្រ្តី ចិន អាមេរិក ជាឧបសគ្គមិនឲ្យមានសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលយោធាកាន់តែលឿនស្លេវរបស់ចិន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានស្វែងរកប្រទេសដៃគូបន្ថែមទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានពង្រឹងចំណងជាមួយសម្ព័ន្ធមិត្ត ជាពិសេស ហ្វីលីពីន ជប៉ុន និងអូស្ត្រាលី តាមរយៈការធ្វើលំហាត់សឹក ការបញ្ជូននាវាចម្បាំងទៅប្រចាំការជាដើម។ នយោបាយពង្រីកដែនឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្វើឲ្យចិនប៉ះទង្គិច ជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ ដែលមានតាំងពីហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ជប៉ុននៅសមុទ្រចិនខាងកើត។
ចាប់តាំងពីថ្ងៃបើកកិច្ចប្រជុំសាំងគ្រីឡា កាលពីថ្ងៃសុក្រទី ៣១ ឧសភា ជប៉ុន អូស្ត្រាលី និងហ្វីលីពីនបានឡើងតវ៉ាបន្តបន្ទាប់គ្នា ដោយសារតែពួកគេមិនពេញចិត្តនឹងសកម្មភាពរបស់ចិននៅក្នុងតំបន់។ នៅក្នុងជំនួបផ្ទាល់ជាមួយរដ្ឋមន្រ្តីការពារជាតិចិន លោក តុង ជុញ ប្រមុខការពារជាតិជប៉ុននិយាយប្រាប់សមភាគីចិន ពីការមិនសប្បាយចិត្តរបស់ជប៉ុន ដែលឃើញទាហានចិនធ្វើសកម្មភាពកាន់តែច្រើនឡើងៗនៅក្បែរដែនសមុទ្រជប៉ុន។
ចូលរួមនៅក្នុងវេទិកាកាលពីថ្ងៃសុក្រដែរ ប្រធានាធិបតីហ្វីលីពីន លោក ហ្វែរឌីណង់ ម៉ាកូស ជូញ័រ បានព្រមានថា បើសិនមានជនជាតិហ្វីលីពីនស្លាប់នៅក្នុងពេលប្រឈមមុខ តទល់នឹងឆ្មាំសមុទ្រចិន នោះដែនទឹករបស់ហ្វីលីពីន នោះហ្វីលីពីននឹងកំណត់ថា ជាទង្វើបង្កសង្រ្គាមដែលទាមទារឲ្យមានការវាយបកពីហ្វីលីពីន។ ប្រមុខដឹកនាំហ្វីលីពីននៅបានបញ្ជាក់ពីការដែលហ្វីលីពីនចុះហត្ថលេខាលើអនុសញ្ញាសន្តិសុខជាមួយអាមេរិក និងប្រទេសដៃគូផ្សេងទៀត។
រដ្ឋមន្រ្តីការពារជាតិអាមេរិកកោតសរសើរប្រធានាធិបតីហ្វីលីពីនដែលហ៊ានឡើង ចេញមុខការពារដែនអធិបតេយ្យភាព ដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ។ លោក ឡយ អូស្ទីន បញ្ជាក់សាជាថ្មី ការសន្យារបស់អាមេរិកក្នុងការជួយការពារហ្វីលីពីន ប៉ុន្តែលោកបដិសេធមិនឆ្លើយថា តើអាមេរិកនឹងចូលរួមជួយហ្វីលីពីនដែរឬទេ នៅពេលជនជាតិហ្វីលីពីនស្លាប់នៅក្នុងការប្រឈមមុខជាមួយឆ្មាំសមុទ្រចិន នៅក្នុងហេតុផលថា វាគ្រាន់តែជាសម្មតិកម្មតែប៉ុណ្ណោះ។ នៅក្នុងកិច្ចប្រជុំស្តីពី សន្តិសុខអាស៊ីប៉ាស៊ីហ្វិក រដ្ឋមន្រ្តីការពារជាតិអាមេរិកបានសង្កត់ធ្ងន់សាជាថ្មី ពីសារៈសំខាន់នៃការជួបពិភាក្សាទល់មុខគ្នា ដូចជាជំនួបរបស់លោកជាមួយ រដ្ឋមន្រ្តីការពារជាតិចិន កាលពីថ្ងៃសុក្រ ដើម្បីបញ្ជៀសការគិតខុស និងការយល់ច្រលំដាក់គ្នា។
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.kh
អត្ថបទពាក់ព័ន្ធ