banner1
សេដ្ឋកិច្ចចិន៖ មូលនិធិរូបិយវត្ថុអន្តរជាតិមានសុទិដ្ឋិនិយម ថ្វីបើនៅបារម្ភបញ្ហាខ្លះៗ

 31-ឧសភា-2024

ផ្អែកតាមតួលេខផ្លូវការ សេដ្ឋកិច្ចចិន ហាក់មានសន្ទុះងើបឡើងខ្លះគួរឲ្យ​សង្ឃឹម នៅត្រីមាសទី​១ ដើមឆ្នាំ​២០២៤នេះ បន្ទាប់​ពីបាន​ឆ្លងកាត់ការលំបាក​ខ្លាំង ក្រោយ​វិបត្តិកូវីដ​១៩។ មូលនិធិរូបិយវត្ថុអន្តរជាតិ មានសុទិដ្ឋិនិយម និងបាន​ទាញដំឡើងការព្យាករណ៍​កំណើនសេដ្ឋកិច្ចចិន ចំនួន​ប្រមាណ ៥% នៅ​ក្នុងឆ្នាំ​២០២៤នេះ​។ តែយ៉ាងណា ស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិនេះ នៅតែបារម្ភទាក់ទិនបញ្ហាឧស្សាហកម្មចិន ព្រមទាំង​បញ្ហា​ថវិការដ្ឋ​។

ស្ត្រីម្នាក់ដើរកត់របងមានផ្លាកសញ្ញា​បក្សកុម្មុយនិស្តចិន។ ទីក្រុងប៉េកាំង ថ្ងៃទី១ មីនា ២០២៤ AP – Andy Wong

សេដ្ឋកិច្ចចិន​បានជួបការលំបាកងើបមិនឡើង ក្រោយវិបត្តិកូវីដ១៩។ វិបត្តិអលនទ្រព្យ និង​ការចាយវាយក្នុងស្រុក​បានធ្លាក់ចុះយ៉ាងខ្លាំង​ ដែលបាន​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​ចិន​ធ្លាក់ចុះទាប​។ តែក្តី​សង្ឃឹម ហាក់បាន​លេចពន្លឺខ្លះៗហើយ នៅរវាងដើមឆ្នាំ​២០២៤នេះ។ យោងតាមតួលេខផ្លូវការរបស់អាជ្ញាធរចិន កំណើនសេដ្ឋកិច្ចបានសន្ទុះល្អលើសការរំពឹងទុក​ ក្នុងកម្រិត ៥,៣% ក្នុងត្រីមាសទី​១។

រដ្ឋាភិបាល​ចិនបានអះអាងថា ដោយសារតែលទ្ធផល​វិជ្ជមាននេះ បានធ្វើ​ឲ្យ​មូលនិធិរូបិយវត្ថុអន្តរជាតិ បាន​សម្រេចកែប្រែ​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​ចិន។ ដំបូងឡើយ​ ស្ថាប័ននេះព្យាករណ៍ថា ឆ្នាំ​២០២៤ ចិនអាចមាន​កំណើនសេដ្ឋកិច្ច​ត្រឹម ៤,៦% តែឥឡូវគេបានដំឡើងដល់ ៥%។

សូមបញ្ជាក់ថា ស្របពេល​ដែលមាន​​សញ្ញាណសុទិដ្ឋនិយមខ្លះ តែ​មូលនិធិរូបិយវត្ថុអន្តរជាតិបានលើកឡើង អំពីបញ្ហាប្រឈម​មួយចំនួនទាក់ទិននឹងសេដ្ឋកិច្ចចិន​។ នោះគឺបញ្ហា​ទំហំ​ផលិតផល​ឧស្សាហកម្មចិន ដែល​ច្រើនលើសហួសប្រមាណ​។ យ៉ាងណាមិញ កាលពីក្នុង​ពេល​ប្រជុំG7 លោកស្រី Janet Yallen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបាន​ថ្លែងថា​ត្រូវតែរួមគ្នា​ ចាត់វិធានការដោះស្រាយ​ ប្រយុទ្ធនឹង​ទំហំផលិត​ផលឧស្សាហកម្មចិន​ដែលច្រើន​ជ្រុល​លើសតម្រូវការ ហើយដែល​​វា​​ធ្វើឲ្យ​មាន​អតុល្យភាព​ លើ​វិស័យ​ម៉ាក្រូសេដ្ឋកិច្ចពិភពលោក។

ក្រៅពីបញ្ហា​ឧស្សាហកម្មចិន មូលនិធិរូបិយវត្ថុអន្តរជាតិ បាន​ព្រួយបារម្ភ អំពីចំណាត់​ការថវិកា របស់រដ្ឋអំណាចនៅតាមមូលដ្ឋានខេត្តក្រុងនានា​របស់ចិន​។ ជាចំណាត់ការដែលឆ្លើយតបទៅនឹង​គោលនយោបាយរួម ដាក់ចុះដោយ​រដ្ឋាភិបាល​ចិន​ ដើម្បីដោះស្រាយ​វិបត្តិហិរញ្ញវត្ថុដែលជាប់គាំង​។

សូមរំលឹកថា កាលពី​ដើមខែ​ឧសភានេះ រដ្ឋាភិបាលចិនបានចេញវិធានការមួយចំនួន ដើម្បីជួយដល់វិស័យអចលនទ្រព្យ តួយ៉ាងការ​ទាញទំលាក់ទំហំ​ប្រាក់​ដើមដំបូង របស់អតិថិជន ដែលចង់ទិញផ្ទះទី១។ បន្ថែមពីនេះ អាជ្ញាធរខេត្តក្រុង អាចចំណាយ​ថវិការដ្ឋ ប្រមូលទិញ​ផ្ទះដែល​លក់​មិនដាច់ ដើម្បីជួយ​សម្រាលដល់​ក្រុមហ៊ុន​អលចនទ្រព្យ ដែល​ជាប់បំណុលវ័នក។

នៅក្នុង​សន្និសីតកាសែតនៅប៉េកាំង លោកស្រី Gita Gopinath អគ្គនាយិការងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បាន​លើកឡើងថា ចិនត្រូវធ្វើកំណែទម្រង់​ស៊ីជំរៅ ដើម្បី​ដោះស្រាយ​បញ្ហាប្រឈមទាំងអស់ ដែលកំពុងធ្វើឲ្យ​មានអតុល្យភាព​គ្រប់វិស័យ​។ លោកស្រី​លើកឡើងថា​ អ្វីដែល​ជាការបន្ទាន់ និងចាំបាច់នាពេលនេះ គឺ​ការ​ពង្រឹង​ការចំណាយចាយវាយក្នុងស្រុកឲ្យស្ទុះឡើង និង​ដោយ​ពង្រឹង​របបសន្តិសុខសង្គម ព្រមទាំងរំដោះ​វិស័យសេវាកម្ម​ឲ្យ​មានភាពកាន់តែ​សេរី ដើម្បី​ផ្តល់សន្ទុះ​ដល់​ការចាយវាយ និង​បង្កើតការងារថ្មីៗ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា