លោក ស៊ុន ចាន់ថុល៖ ការវិនិយោគច្រើនពីជប៉ុននឹងជួយឱ្យកម្ពុជាមិនពឹងខ្លាំងលើចិន
30-ឧសភា-2024
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាងថា ការកើនឡើងនៃអ្នកវិនិយោគជប៉ុននៅកម្ពុជានឹងជួយឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកខ្លាំងលើការវិនិយោគពីប្រទេសចិន។ លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះនៅក្នុងបទសម្ភាសជាមួយកាសែតឋជប៉ុន Nikkie Asia។ តាមអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ កម្ពុជាទទួលស្វាគមន៍ការវិនិយោគចម្រុះ ដោយមិនមែនបើកចំហតែចំពោះប្រទេសចិនមួយទេ។
យោងតាមការចុះផ្សាយរបស់កាសែតជប៉ុន Nikkie Asia នៅថ្ងៃទី២៩ ឧសភា លោក ស៊ុន ចាន់ថុល ទទួលស្គាល់ថា បច្ចុប្បន្នការវិនិយោគដោយផ្ទាល់ពីបរទេសមួយភាគធំមានប្រភពមកពីប្រទេសចិន។ ដូច្នេះការទាក់ទាញវិនិយោគិនពីជប៉ុន គឺជាកម្លាំងចលករមួយដ៏សំខាន់របស់កម្ពុជា ដើម្បីធ្វើឱ្យមានភាពចម្រុះ។ សម្រាប់លោក ស៊ុន ចាន់ថុល កម្ពុជាចង់ឃើញក្រុមហ៊ុនវិនិយោគជប៉ុនមកបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រអគ្គិសនី និងរោងចក្រឧស្សាហកម្មយានយន្ត ដែលជាផ្នែកមួយជួយជំរុញឪ្យកម្ពុជាសម្រេចបាននូវទស្សនវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
បើតាមកាសែតជប៉ុន Nikkie Asia អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះក៏បានបញ្ជាក់ទៀតថា កម្ពុជាពុំធ្លាប់បដិសេធការវិនិយោគពីអឺរ៉ុប ឬពីជប៉ុន និងថាបរទេសមិនត្រូវស្តីបន្ទោសលើកម្ពុជាថាពឹងផ្អែកតែទៅលើចិនម្នាក់នោះទេ។ ក្នុងន័យនេះ លោក ស៊ុន ចាន់ថុល ចង់សំដៅថា ប្រទេសជប៉ុនត្រូវបង្កើនការវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីកុំឱ្យមានរូបភាពថា កម្ពុជាពឹងលើការវិនិយោគតែពីចិន។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាចាត់ទុកការលើកឡើងរបស់ លោក ស៊ុន ចន់ថុល ថា ជាយុទ្ធសាស្ត្រទាក់ម៉ូយរបស់រដ្ឋាភិបាលកម្ពុជា ខណៈច្បាប់វិនិយោគថ្មីរបស់កម្ពុជាក៏បានបើកចំហរ និងលើកទឹកចិត្តដល់អ្នកវិនិយោគពីបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជាដែរ។ តាមលោកឧកញ៉ា លឹម ហេង ការកៀរគរអ្នកវិនិយោគពីជប៉ុនជារឿងសំខាន់ និងថា ប្រសិនបើកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាមួយជប៉ុនបន្ថែមទៀតនោះ កម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើន។
សូមជម្រាបថាក្នុងឆ្នាំ ២០២៣ ចិនបានបោះទុនវិនិយោគជាង ៣ពាន់លានដុល្លារ នៅកម្ពុជា។ ភាគច្រើននៃទុនរបស់ចិន ផ្តោតលើវិស័យដឹកជញ្ចូន វិស័យអគ្គិសនី វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ វិស័យទេសចរណ៍ វិស័យទូរគមនាគមន៍ និងតំបន់សេដ្ឋកិច្ចពិសេស។ ក្រៅពីនេះ គម្រោងធំៗជាច្រើនក៏ស្ថិតក្រោមការវិនិយោគរបស់ចិនដែររួមមាន ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងសាងសង់កំពង់ផែទឹកជ្រៅ។ ភាគច្រើននៃគម្រោងទាំងនេះ ស្ថិតក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន។
ចំណែកជប៉ុនវិញ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការបោះទុនវិនិយោគរបស់ជប៉ុនសរុបមានប្រមាណជាង២ ៧៧៦លានដុល្លារអាមេរិក ពោលឈរនៅលេខរៀងទី៤។ ការវិនិយោគរបស់ជប៉ុនភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ វិស័យសំណង់ និងហិរញ្ញវត្ថុ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ