លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកាសទ្រទ្រង់សមាគមសិល្បករខ្មែរជាថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ក្នុង១ឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ នេះទៅ។ ការប្រកាសនេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខែ្មរនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បានណែនាំឱ្យប្រធានសមាគមឡើងថ្មីរូបនេះ ពិនិត្យលក្ខខណ្ឌក្នុងការរក្សាតម្លៃសិល្បករខ្មែរឡើងវិញ។
តាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន សែន បញ្ជាក់ថា ការផ្តល់លុយចំនួន១០ម៉ឺនដុល្លាររយៈពេល៥ឆ្នាំគឺ ដើម្បីទ្រទ្រង់ដល់សមាគម និងបន្តការលើកស្ទួយវិស័យសិល្បៈខ្មែរដោយលោកកត់សម្គាល់ឃើញកន្លងមកថា សមាគមសិល្បករខ្មែរមួយនេះជួបផលលំបាកច្រើន។ ទន្ទឹមនឹងការជួយគាំទ្រ និងទ្រទ្រង់ជាលុយកាក់ លោកក៏បានស្នើឱ្យប្រធានសមាគមថ្មីពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សាតម្លៃរបស់សិល្បករ និងសិល្បការិនីខ្មែរ ហើយក្រសួងវប្បធម៌ក៏ត្រូវកំណត់លក្ខណៈវិនិច្ឆ័យដើម្បីឱ្យខាងសមាគមយកទៅអនុវត្តដែរ។
បន្ទាប់មក លោក ហ៊ុន សែន បានជំរុញឱ្យសមាគមក្រោមការដឹកនាំរបស់លោកស្រី ម៉ៅ ចំណាន ត្រូវជួយបណ្តុះបណ្តាលកូនសិល្បករឱ្យមានចំណេះជំនាញច្បាស់លាស់ រួមនឹងក្រមសីលធម៌វិជ្ជាជីវៈដោយមិនត្រូវចាត់ទុកសមាគមជាកន្លែងសប្បុរសធម៌។ ជាការឆ្លើយតបវិញ លោកស្រី ម៉ៅ ចំណាន បានបង្ហាញពីការប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងនាមជាប្រធានសមាគមថ្មីនៃអាណត្តិទី៦នេះ។
តាមលោកស្រីម៉ៅ ចំណាន សមាគមនឹងកែសម្រួលលក្ខន្តិកៈនៃបទបញ្ជាផ្ទៃក្នុង រៀបចំផែនការជាទស្សនវិស័យ និងចក្ខុវិស័យដើម្បីឧត្តមភាពរបស់សិល្បៈខ្មែរ រួមទាំងវប្បធម៌ខ្មែរនៅលើឆាកជាតិ និងឆាកអន្តរជាតិ។ ទន្ទឹមគ្នានេះ លោកស្រី ម៉ៅ ចំណាន ក៏បានប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិក រួមទាំងស្វែងរកសប្បុរសជនឲ្យជួយដល់សកម្មភាពសិល្បៈ និងកិច្ចការសង្គមដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម និងក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com