កម្ពុជា ត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ក្រោយមានការគាំទ្រពីបារាំង
27-ឧសភា-2024
មន្ត្រីពាក់ព័ន្ធខាងហ្វ្រង់កូហ្វូនី ប្រទេសកម្ពុជាបានចាប់ផ្តើមជួបប្រជុំគ្នាជាលើកទី២ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាបានដាក់បេក្ខភាព។ គេអាចនិយាយបានថា កិច្ចប្រជុំនៅដើមសប្តាហ៍នេះ បានផ្តើមចេញពីលទ្ធផលនៃព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរនៅប្រទេសបារាំងក្នុងឆ្នាំ ២០២៣។ នៅក្នុងជំនួបជាមួយ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង លោកបានសម្តែងការគាំទ្របេក្ខភាពរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។
បន្ទាប់ពីទទួលបានភ្លើងខៀវ និងការគាំទ្រពីប្រទេសបារាំងកាលពីឆ្នាំ ២០២៣ សម្រាប់បេក្ខភាពប្រទេសកម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ មន្ត្រីជំនាញនៃស្ថាប័ននានាដែលពាក់ព័ន្ធនឹងហ្វ្រង់កូហ្វូនីបានជួបប្រជុំគ្នាចំនួន២លើករួចមកហើយ និងដែលកិច្ចប្រជុំទាំងនេះ បានដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក សុខ ចិន្តាសោភា។
កិច្ចប្រជុំលើកទី២ ដែលបានរៀបចំកាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅថ្មីៗនេះ ត្រូវបានធ្វើឡើងដោយមានរបៀបវារៈសំខាន់ៗចំនួន២ ទី១.បច្ចុប្បន្នភាពទាក់ទងនឹងបេក្ខភាពរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងទី២.ការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
លោក ចាន់ បូនីរ៉ា ប្រធាននាយកដ្ឋានហ្វ្រង់កូហ្វូនីនៃក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំទាំងពីរលើកកន្លងទៅនេះជាការពិភាក្សាគ្នាលើការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ប្រសិនបើកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយនេះ។
គួរបញ្ជាក់ថាជាគោលការណ៍ ហ្រ្វង់កូហ្វូនីដែលជាអង្គការអន្តរជាតិនៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង(OIF) នឹងបិទការទទួលសំណើដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះត្រឹមអំឡុងពេលកិច្ចប្រជុំលើកទី១២៧ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី(CPF) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
តែតាមព័ត៌មានដែលទទួលបាននៅពេលនេះ គឺទើបមានតែប្រទេសកម្ពុជាមួយគត់ ដែលបានដាក់បេក្ខភាព។ ទោះជាយ៉ាងណា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាសមាជិកអង្គការ OIF នឹងធ្វើការសម្រេចទៅលើប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី២០ ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសបារាំង។ នេះបើតាមលោក ចាន់ បូនីរ៉ា។ មួយវិញទៀត ប្រទេសកម្ពុជានឹងបញ្ជូនក្រុមអ្នកសង្កេតការណ៍របស់ខ្លួនប្រមាណពី ៥ ទៅ ៦រូប ទៅធ្វើទស្សនកិច្ចការងារតាមការស្នើសុំរបស់ភាគីបារាំងនៅចុងខែមិថុនា ឬដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។
គោលដៅនៃទស្សនកិច្ចនេះ គឺដើម្បីចូលរួមពិនិត្យសង្កេតអំពីដំណើរការ និងរបៀបរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅប្រទេសបារាំង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី២០ ឆ្នាំ២០២៦ នៅកម្ពុជា។
គួររម្លឹកថា នៅក្នុងព្រះរាជទស្សនកិច្ចនៅប្រទេសបារាំងរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានលើកទឹកចិត្តឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថា បារាំងនឹងគាំទ្របេក្ខភាពកម្ពុជា៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ