banner1
កម្ពុជាបន្តគាំទ្រគោលនយោបាយចិនតែមួយ និងបដិសេធមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់

 23-ឧសភា-2024

កម្ពុជានៅតែរក្សាគោលជំហរគាំទ្រគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ហើយតៃវ៉ាន់គ្រាន់តែជាផ្នែកមួយនៃទឹកដីរបស់ចិនប៉ុណ្ណោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា។

ក្នុងស្ថានភាពវិវឌ្ឍថ្មីនៅតៃវ៉ាន់ជាមួយនឹងប្រធានធិបតី ក្រសួងការបរទេសកម្ពុជាតាមរយៈអ្នកនាំពាក្យបានចេញមុខប្រកាសថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ។ ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាចាត់ទុកតៃវ៉ាន់ជាដែនកោះមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិន និងថាកម្ពុជាគាំទ្រយ៉ាងមុតមាំនូវរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីបង្រួបបង្រួមជាតិ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា កម្ពុជាបានប្រកាសជំហរថ្មី ប្រឆាំងនឹងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់។

ការប្រកាសជំហរទទួលស្គាល់គោលនយោបាយចិនតែមួយរបស់កម្ពុជាជាថ្មីធ្វើឡើង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីថ្មីតៃវ៉ាន់ លោក ឡៃ ឈីងទឿ បានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនាមជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក ឡៃ ឈីងទឿ បានប្តេជ្ញាការពារសន្តិសុខតៃវ៉ាន់ ដឹកនាំតៃវ៉ាន់តាមគន្លងប្រជាធិបតេយ្យ និងបានព្រមានចិនឱ្យបញ្ឈប់ការគំរាមកំហែងផ្នែកយោធាដល់តៃវ៉ាន់។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការបន្តគាំទ្រគោលនយោបាយចិនតែមួយរបស់កម្ពុជាមិនមែនជារឿងចម្លែកដោយលោក ចាត់ទុករបៀបការទូតដ៏ម៉ឺងមាត់ និងមិនងាករេរបស់កម្ពុជាចំពោះចិន។

សម្រាប់លោកបណ្ឌិត គិន ភា ជំហរការទូតរបស់កម្ពុជាបែបនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្អិតរមួត និងវាបានបង្ហាញកាន់តែច្បាស់ថា កម្ពុជាពិតជាគោរពនូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ តាមអ្នកជំនាញកិច្ចអន្តរជាតិរូបនេះដដែល កម្ពុជាក៏នឹងទទួលបានផលចំណេញជាច្រើនមិនថា ផ្នែកពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវិស័យមួយចំនួនផ្សេងទៀត។ តែសម្រាប់អ្នកវិភាគសង្គមវិញយល់ថា កម្ពុជាកំពុងបង្ហាញកាយវិការរណបចិន និងលម្អៀងជ្រុលទៅកាន់ប្រទេសកុម្មុយនីស្តមួយ ដែលធ្វើឱ្យប្រទេសលោកសេរីកាន់តែមិនពេញចិត្តនឹងឥរិយាបថរបស់កម្ពុជា។

គួររម្លឹកថា ការគាំទ្រគោលនយោបាយចិនតែមួយរបស់កម្ពុជានេះមានចាប់តាំងពីសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់សម្តេចនរោត្តមសីហនុ ព្រះបរមតរនកោដ្ឋរហូតដល់រដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន និងបន្តមកដល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត។ ចិនត្រូវបានគេមើលឃើញជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជា មិនថាក្នុងផ្នែកនយោបាយ ឬសេដ្ឋកិច្ច៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា