Elon Musk ទៅឥណ្ឌូណេស៊ី ដើម្បីសម្ពោធបណ្តាញផ្កាយរណបStarlink
21-ឧសភា-2024
នៅថ្ងៃអាទិត្យ ទី១៩ ឧសភានេះ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក អេឡន មឺស្ក៍ បានអញ្ជើញទៅក្រុងបាលី ដើម្បីសម្ពោធបណ្តាញអ៊ីនធ័រនែតផ្កាយរណបStarlink របស់ក្រុមហ៊ុនSpaceX សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាលឥណ្ឌូណេស៊ី។ ស្ថាបនិកក្រុមហ៊ុនSpaceX បានចុះកិច្ចព្រមព្រៀងផ្តោតលើវិស័យសុខភាពជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលផង និងមានគម្រោងជួបប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវីដូដូទៀត។
ឥណ្ឌូណេស៊ី ជាប្រទេសផ្គុំទៅដោយកោះជាង១៧០០ ហើយមួយភាគបីនៃប្រជាជនសរុប២៧០លាននាក់ គ្មានបណ្តាញអ៊ីនធ័រនែតប្រើប្រាស់ទេ មកទល់ឆ្នាំ២០២២។ នេះបើតាមធនាគារពិភពលោក។ ប៉ុន្តែចាប់ពីថ្ងៃនេះទៅ ប្រជាពលរដ្ឋរាប់លាននាក់ រស់ក្នុងតំបន់ដាច់ស្រយាលណា ក៏អាចភ្ជាប់អ៊ីនធ័រនែតបានដែរ តាមរយៈសេវារបស់ផ្កាយរណបStarlinkនៃក្រុមហ៊ុនSpaceX។ នេះជាប្រសាសន៍របស់លោក អេឡន មឺស្ក៍ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់បណ្តាញអ៊ីនធ័រនែតផ្កាយរណបក្នុងវិស័យសុខាភិបាល នៅមជ្ឈមណ្ឌលសុខភាពសហគមន៍ដេនប៉ាសារ ខេត្តបាលី។
ក្នុងសម្លៀកបំពាក់ប្រពៃណីឥណ្ឌូណេស៊ីពណ៌បៃតង ស្ថាបនិកក្រុមហ៊ុនSpaceX បានប្រកាសបន្ថែមទៀតថា សេវាStarlink នឹងជួយសង្គ្រោះជីវិតអ្នកជំងឺសម្រាកក្នុងមន្ទីរគ្លីនិកដាច់ស្រយាលផង និងអាចជាឧបករណ៍ជួយប្តូរផ្លាស់ក្នុងវិស័យអប់រំផង។
សម្រាប់ពេលនេះ មានមជ្ឈមណ្ឌលសុខភាពចំនួនបី ៖ ពីរនៅលើកោះបាលី និងមួយ នៅលើកោះអារ៉ុ ដ៏ឆ្ងាយ ដែលកំពុងសាកល្បងប្រើបណ្តាញអ៊ីនធ័រនែតល្បឿនលឿនStarlink ចាប់ពីថ្ងៃអាទិត្យ ទី១៩ ឧសភា ទៅ ដើម្បីងាយកត់ត្រាទិន្នន័យក្នុងប្រព័ន្ធសុខាភិបាលថ្នាក់ជាតិ និងមានតួលេខជាក់ស្តែងភ្លាមៗ សម្រាប់ដោះស្រាយភាពប្រឈមសុខភាពសាធារណៈ មានជាអាទិ៍ការចាក់ថ្នាំបង្ការ ការលូតលាស់និងកង្វះអាហារូបរបស់កុមារ ឬជំងឺទឹកនោមផ្អែម។
តាមគម្រោង រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងបំពាក់បណ្តាញសេវាStarlink ដល់គ្លីនិករដ្ឋចំនួនមួយម៉ឺន នៅទូទាំងប្រទេស។ នេះបើការអះអាងរបស់លោក ប៊ុឌី ហ្គូណាឌី សាឌីគីន រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគក្នុងផ្នែកសុខភាពជាមួយមហាសេដ្ឋី អេឡន មឺស្ក៍ ប៉ុន្តែលោករដ្ឋមន្ត្រីមិនបានលម្អិតអំពីទំហំថវិកានៃការវិនិយោគនេះទេ។ ក្រុមហ៊ុនក៏នឹងចាប់ផ្តើមសាកល្បងបំពាក់សេវាអ៊ីនធ័រនែតផ្កាយរណបនេះ នៅក្រុងនូសានតារ៉ាដែលនឹងក្លាយជារដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី១៧ សីហា ២០២៤ទៅ។
បណ្តាញStarlink មានផ្កាយរណបប្រមាណ៤៥០០ ក្នុងគន្លងតារាវិថី ពោលគឺតំណាងឱ្យ៦០%នៃផ្កាយរណបទាំងអស់ អាចផ្គត់ផ្គង់បណ្តាញអ៊ីនធ័រនែត ដល់គ្រប់តំបន់ដាច់ស្រយាលឬតំបន់ដែលមានបណ្តាញទូរគមនា គមន៍លែងដំណើរការ។ បណ្តាញនេះមានប្រើច្រើននៅអ៊ុយក្រែន ដោយក្រុមយោធា មន្ទីរពេទ្យ ក្រុមហ៊ុនឬអង្គការក្រៅរដ្ឋាភិបាល។ នៅអាស៊ី ឥណ្ឌូណេស៊ីជាប្រទេសទីបីដែលប្រើបណ្តាញStarlink។ ម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងប្រើបណ្តាញនេះនៅឆ្នាំមុន និងតាំងពីឆ្នាំ២០២២សម្រាប់ហ្វីលីពីន៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ