CBC៖ ៣ខែដើមឆ្នាំ២០២៤ មានពលរដ្ឋជាង១.៨លាននាក់ ខ្ចីលុយធនាគារ និងមីក្រូសរុបជាង១៥ពាន់លានដុល្លារ
16-ឧសភា-2024
គិតត្រឹមត្រីមាសដំបូងឆ្នាំ២០២៤ មានពលរដ្ឋខ្មែរសរុប ១លាន៨សែននាក់ បានខ្ចីលុយធនាគារ និងមីក្រូហិរញ្ញវត្ថុសរុបជាទឹកប្រាក់មានប្រមាណជាង ១៥ពាន់លានដុល្លារអាមេរិក។ នេះបើផ្អែកតាមរបាយការណ៍ចេញផ្សាយដោយការិយាល័យឥណទានកម្ពុជា Credit Bureau Cambodia។ ក្នុងទំហំប្រាក់កម្ចីទាំងជាង១៥ពាន់លានដុល្លារ មាន ៨ពាន់លានដុល្លារ ត្រូវបានពលរដ្ឋខ្ចី ដើម្បីទិញលំនៅឋាន និងមានជាង៧ពាន់លានដុល្លារផ្សេងទៀតត្រូវបានពលរដ្ឋខ្ចីដើម្បីប្រើប្រាស់ជាលក្ខណៈបុគ្គល។
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៤ របស់ការិយាល័យឥណទានកម្ពុជាហៅកាត់ CBC បានបង្ហាញថា គិតត្រឹមបំណាច់ខែមីនា ឆ្នាំ២០២៤ នេះ ធនាគារ និងមីក្រូហិរញ្ញវត្ថុបានផ្តល់កម្ចីឱ្យអតិថិជនចំនួន១,៨៣លាននាក់ដែលគិតជាប្រាក់មានប្រមាណ១៥ពាន់លានដុល្លារ។ ក្នុងនោះ មានប្រមាណ ៧ពាន់លានដុល្លារ ត្រូវបានពលរដ្ឋជាង ១លាន៦សែននាក់ ខ្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងជាង ៨ពាន់លានដុល្លារ ត្រូវបានពលរដ្ឋជាង២ម៉ឺននាក់ ខ្ចីទិញលំនៅឋាន។ តាមរបាយការណ៍របស់ CBC កំណើននៃប្រាក់កម្ចីប្រើប្រាស់លក្ខណៈឯកជនក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានកើន ១០% និងប្រាក់កម្ចីទិញផ្ទះបានកើន ១៣% នៅទូទាំងប្រទេស។
ជាក់ស្តែងប្រាក់កម្ចីទិញផ្ទះរបស់ពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប កំពង់ធំ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យមានការកើនឡើងចំនួន ១២% ។ ដោយឡែក កម្ចីរបស់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកណ្តាលវិញបានកើនរហូតដល់ ១៥%។ ក៏ប៉ុន្តែ សម្រាប់ពលរដ្ឋនៅក្នុងខេត្តកំពត កែប ព្រះសីហនុ និងកោះកុង ការខ្ចីលុយធនាគារដើម្បីទិញផ្ទះបានធ្លាក់ចុះចំនួន ២% និងធ្លាក់ចុះ៣% ចំពោះអ្នកខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងព្រះវិហារ។
ទាក់ទងនឹងកម្ចីប្រើប្រាស់ជាលក្ខណៈឯកជនវិញ មានការកើនឡើងនៅគ្រប់ខេត្តទាំងអស់ ក្នុងនោះ ខេត្តចំនួន០៥ ជាប់បឹងទន្លេសាបមានកំណើន១២,៤% ខេត្តស្ថិតក្នុងតំបន់កសិកម្មរួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀងកើន ៩% ខណៈខេត្ត ៤ ដែលជាប់មាត់សមុទ្របានកើនចំនួន ១០% និងខេត្តចំនួន៥ស្ថិតក្នុងតំបន់ខ្ពង់រាបមានកំណើនចំនួន៧%។
របាយការណ៍របស់ CBC ដដែលក៏បានបញ្ជាក់ថា ពលរដ្ឋខ្ចីលុយទិញផ្ទះជាង ៥,១៤%ដែលកំពុងជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុបានបង់ប្រាក់សងប្រចាំខែយឺតយ៉ាវ ឬលើសពីកាលកំណត់ប្រចាំខែ ខណៈអ្នកខ្ចីលុយសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ៧,០៦%។
វិទ្យុបារាំងអន្តរជាតិRFI នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមពី លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបាននៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា។ តែយ៉ាងណាកន្លងមក លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាធ្លាប់បានបញ្ជាក់ថា ការខ្ចីឥណទានមិនមែនជារឿងមិនល្អទេ ប្រសិនបើកម្ចីនោះត្រូវបានយកទៅប្រើ ដើម្បីបង្កើនចំណូល និងចាយវាយចំគោលដៅ។
សូមជម្រាបថា ក្នុងឆ្នាំ២០២៣ កន្លងទៅ ការិយាល័យឥណទានកម្ពុជាបានចេញរបាយការណ៍ប្រចាំឆ្នាំមួយដោយបញ្ជាក់ថា មានពលរដ្ឋខ្មែរជិត៥លាននាក់ ដែលភាគច្រើនរស់នៅក្នុងទីក្រុងភ្នំពេញបានខ្ចីឥណទានពីធនាគារ និងមីក្រូហិរញ្ញវត្ថុសរុបជាទឹកប្រាក់ប្រមាណជា ៥៧.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ