Choose France ៖ ក្រុមហ៊ុនអន្តរជាតិ ប្រកាសគម្រោងវិនិយោគនៅបារាំង សរុប១៥ពាន់លានអឺរ៉ូ
15-ឧសភា-2024
បារាំង – ជំនួបកំពូល Choose France ដែលប្រមូលផ្តុំដោយនាយកក្រុមហ៊ុនអន្តរជាតិធំៗ បានចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៣ ឧសភានេះ នៅអតីតព្រះបរមរាជវាំងវែកសៃ មិនឆ្ងាយប៉ុន្មានពីទីក្រុងប៉ារីស។ ក្នុងឱកាសជំនួបកំពូលនេះ ក្រុមហ៊ុនអន្តរជាតិបានប្រកាសគម្រោងវិនិយោគនៅបារាំង សរុបចំនួន ៥៦គម្រោង ដែលគិតជាទឹកប្រាក់ ចំនួន ១៥០០០លានអឺរ៉ូ។ តាមរយៈដំណឹងដ៏ល្អនេះ រដ្ឋាភិបាលបារាំងបានអះអាងថា បារាំងគឺជាប្រទេសអឺរ៉ុប ដែលទាក់ទាញការវិនិយោគបរទេសច្រើនជាងគេបំផុត។លោកម៉ាក្រុងសើចក្អាកក្អាយជាមួយលោក Brad Smit CEOនៃក្រុមហ៊ុនMicrosoft ក្នុងឱកាសប្រកាសគម្រោងវិនិយោគ ៤ពាន់លានអឺរ៉ូ នៅទីស្នាក់ការ Microsoft France។ Issy-les-Moulineaux ថ្ងៃទី ១៣ ឧសភា ២០២៤ AP – Thibault Camus
បរិយាកាសសេដ្ឋកិច្ចបារាំង កំពុងតែរីកស្រស់ប៉ប្រឹម ជាមួយនឹងដំណឹងល្អៗ នៅក្នុងឱកាសជំនួបកំពូល Choose France ដែលប្រមូលផ្តុំដោយនាយកក្រុមហ៊ុនអន្តរជាតិធំៗ ប្រធានធនាគារវិនិយោគ សរុបទាំងអស់ប្រមាណ១៨០នាក់។ លោកប្រធានាធិបតីម៉ាក្រុង បានបង្ហាញវត្តមាននៅក្នុងជំនួបកំពូលនេះ ដើម្បីអបអរនិងអួតបង្ហាញ អំពីជោគជ័យនៃការដឹកនាំរបស់ខ្លួន។
យ៉ាងហោចណាស់ មានគម្រោងវិនិយោគចំនួន៥៦គម្រោង ដែលត្រូវបានប្រកាសនៅក្នុងឱកាសនេះ។ គិតជាទឹកប្រាក់សរុប បារាំងនឹងទទួលបានគម្រោងវិនិយោគមានតម្លៃ ១៥០០០លានអឺរ៉ូ ដែលនេះគឺជាទំហំទឹកប្រាក់ខ្ពស់បំផុតមិនធ្លាប់មាន បើគិតចាប់ពីពេលបង្កើតជំនួបកំពូល Choose France នៅឆ្នាំ២០១៨។
ក្នុងចំណោមទឹកប្រាក់វិនិយោគនេះ ក្រុមហ៊ុន Microsoft មានទំហំវិនិយោគច្រើនជាងគេ គឺចំនួន៤០០០លានអឺរ៉ូ។ លោក Brad Smith អគ្គនាយក Microsoft បានឲ្យដឹងថា ក្រុមហ៊ុនលោកនឹងវិនិយោគកសាងមជ្ឈមណ្ឌលទិន្នន័យដ៏ធំថ្មីមួយកន្លែងទៀត នៅខាងកើតប្រទេសបារាំង ព្រមទាំងពង្រីកមជ្ឈមណ្ឌលទិន្នន័យនៅម៉ាសី នៅប៉ារីស ឲ្យកាន់តែធំ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន ផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការស្តុកទិន្នន័យលើCloud។ ក្រុមហ៊ុន Amazon វិញនឹងវិនិយោគទឹកប្រាក់១២០០លានអឺរ៉ូ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធស្តុកទិន្នន័យCloud និងពង្រីកបណ្តាញឃ្លាំងស្តុក និងចែកចាយទំនិញ។
ក្រៅពីក្រុមហ៊ុនបច្ចេកវិទ្យា នៅមានគម្រោងរោងចក្រផលិតជីកសិកម្ម ដែលបញ្ចេញឧស្ម័នកាបូនិកទាបបំផុត នៅតំបន់Somme ក្នុងទឹកប្រាក់ ១៣០០លានអឺរ៉ូ។ នៅជិតទីក្រុងប័រដូវិញ នឹងមានគម្រោងសាសង់រោងចក្រចម្រាញ់រ៉ែនីកែល ក្នុងទឹកប្រាក់ច៣០០លានអឺរ៉ូ ។ ចំណែកក្រុមហ៊ុនអាល្លឺម៉ង់ Ilium និងវិនិយោគប្រាក់៤០០លានអឺរ៉ូ ដើម្បីបង្កើតរោងចក្រផលិតយន្តហោះខ្នាតតូច ដើរដោយថ្មអគ្គិសនី នៅតំបន់Nouvelle Aquitaine។ ក្នុងវិស័យឧស្សាហកម្មឱសថវិញ ក្រុមហ៊ុន Pfizer វិនិយោគ៥០០លានអឺរ៉ូ ក្នុងរយៈពេល៥ឆ្នាំ ក្រុមហ៊ុនAstraZeneca វិនិយោគ៣៨០លានអឺរ៉ូ និងក្រុមហ៊ុន GSK វិនិយោគ១៤០លានអឺរ៉ូ។
លោក Sylvain Bersinger ប្រធានផ្នែកវិភាគសេដ្ឋកិច្ចនៅការិយាល័យ Astères បានលើកឡើងថា ការពិតទៅ មិនមែនវេទិកា Choose France នេះ ជាអ្នកជំរុញឲ្យក្រុមហ៊ុនបរទេសសម្រេចវិនិយោគនៅបារាំងនោះទេ។ គម្រោងភាគច្រើនគឺត្រូវបានគេសម្រេចរួចហើយ ទោះមានឬគ្មានវេទិកា Choose France។ លោកបានពន្យល់ថា អ្វីដែលធ្វើឲ្យក្រុមហ៊ុនអន្តរជាតិ សម្រេចវិនិយោគនៅបារាំង គឺដោយសារ បារាំងមានប្រព័ន្ធអប់រំល្អធ្វើឲ្យបុគ្គលិកមានសមត្ថភាពបច្ចេកទេសខ្ពស់ បារាំងមានប្រព័ន្ធគតិយុត្តិរឹងមាំ ប្រព័ន្ធពន្ធដាត្រឹមត្រូវ និងជាពិសេសគឺបរិយាកាសនវានុវត្តន៍ដ៏សំបូរបែបរបស់បារាំង។
គួរបញ្ជាក់ថា តារាងចំណាត់ថ្នាក់របស់ EY បានផ្តល់ពិន្ទុឲ្យបារាំង ស្ថិតនៅលេខរៀងនាំមុខគេ ជាប្រទេសទាក់ទាញវិនិយោគបរទេសបានច្រើនបំផុតប្រចាំឆ្នាំ២០២៣ ក្នុងចំណោមប្រទេសអឺរ៉ុប។ ពោលគឺ៥ឆ្នាំជាប់គ្នាហើយ ដែលបារាំងជាប់ពិន្ទុល្អជាងគេ។ ក្នុងឆ្នាំ២០២៣ បារាំងទទួលបាននូវការប្រកាសសន្យាវិនិយោគ ចំនួន១២០០គម្រោង។
តែយ៉ាងណា ថ្វីបើបារាំងទាក់ទាញគម្រោងវិនិយោគបានច្រើនជាងប្រទេសអឺរ៉ុបផ្សេងទៀតក្នុងឆ្នាំ២០២៣មែន តែបើនិយាយពីការបង្កើតការងារថ្មីៗដោយសារគម្រោងទាំងនោះវិញ គឺបារាំងមានត្រឹមតែ ៣៩៧៧៣ការងារ ខណៈនៅអង់គ្លេសមាន ៥២២១១ការងារ ហើយនៅអេស្ប៉ាញមាន ៤២៤៥០ការងារ។ លោក Lucas Chancel សាស្ត្រាចារ្យនៅសាលាសេដ្ឋកិច្ចប៉ារីស បានលើកឡើងថា បារាំងបានតែចំនួនគម្រោងវិនយោគច្រើនដែលរដ្ឋាភិបាលខំផ្សព្វផ្សាយអួត តែជាក់ស្តែងគម្រោងទាំងនោះបានផ្តល់ការងារ ត្រឹមតែ០,១៣% នៃប្រជាជនសកម្មតែប៉ុណ្ណោះ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ