banner1
កម្ពុជា-អាមេរិក ប្តេជ្ញាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា

 13-ឧសភា-2024

នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤ លោក W.Patric Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានជួបជាមួយ លោក ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីពិភាក្សាការងារ និងជម្រាបលា។ បើតាមឯកអគ្គរដ្ឋទូតជិតបញ្ចប់អាណត្តិ រូបនេះ ភាគីទាំងពីរបានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន្ដរជាតិ និងការបណ្ដុះបណ្ដាលរបស់អាមេរិក ដើម្បីការពារកុមារ ទប់ស្កាត់ការជួញដូរមនុស្ស និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។ ក្នុងនាមជាមហាអំណាចទី១ សហរដ្ឋអាមេរិក បានអះអាងថា​ខ្លួនចង់ឃើញមានការបញ្ចប់អំពើជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធើណេតនៅកម្ពុជា។

តាមសំណេរនៅលើបណ្ដាញសង្គម លោក Patric Murphy  បានគូសបញ្ជាក់ថា លោកបានពិភាក្សាជាមួយលោក ស ថេត អគ្គស្នងការនគរបាលជាតិ អំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន្ដរជាតិ និងការបណ្ដុះបណ្ដាលរបស់អាមេរិក ដើម្បីការពារកុមារ ទប់ស្កាត់ការជួញដូរមនុស្ស និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។ ចំណែកអគ្គស្នងការដ្ឋាននគរបាលជាតិគូសបញ្ជាក់ថា កម្ពុជា និងអាមេរិកឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈកិច្ចសហប្រតិបត្តិ្កការផ្លាស់ប្ដូរព័ត៌មានឱ្យបានជាក់លាស់ និងច្បាស់លាស់ ដើម្បីឈានទៅធ្វើការទប់ស្កាត់ និងបង្រ្កាប។

សម្រាប់ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១១ ឧសភា ថាអាមេរិកតែងតែចង់ឃើញការបញ្ចប់អំពើជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធើណេត តែមិនដែលបានជួយអ្វីនៅឡើយទេ។ មិនបានជួយអ្វីដោយលោកស្រីបញ្ជាក់ថា កន្លងមកក្រសួងមហាផ្ទៃតែងតែអំពាវនាវឱ្យបំពេញបន្ថែមនូវចំណុចខ្វះខាត ដោយផ្ដល់ជាមតិ ឬបច្ចេកទេស តែអាមេរិកបានត្រឹមស្រាវជ្រាវព័ត៌មានប៉ុណ្ណោះ។ កិច្ចការងារប្រឆាំងអំពើជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធើណេតនៅកម្ពុជានេះ ក្រសួងមហាផ្ទៃនៅបន្ដធ្វើសកម្មភាពដូចភ្លៀងរលឹម។ ក្នុងនោះមានរៀបចំផែនការយុទ្ធសាស្ដ្រ៥ឆ្នាំបន្ដ ការបណ្ដុះបណ្ដាលមន្ដ្រីជួរមុខ សហការជាមួយអ្នកបច្ចេកទេស និងសហគមន៍អន្ដរជាតិជាដើម។ លោកស្រីរំពឹងថា ឆ្នាំ២០២៤ កម្ពុជានឹងធ្វើបានល្អក្នុងកិច្ចការជួញដូរមនុស្ស តែរឿងចំណាត់ថ្នាក់ស្រេចលើអ្នកដាក់។

គួររម្លឹកថា កាលពីឆ្នាំ ២០២២ និងឆ្នាំ២០២៣ អាមេរិកបានចាត់ចំណាត់ថ្នាក់ឱ្យកម្ពុជា ស្ថិតនៅក្នុងកម្រិតលេខ៣ ដែលជាចំណាត់ថ្នាក់អាក្រក់បំផុត ក្នុងការ​មិន​បាន​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹងការជួញដូរមនុស្សក្នុងប្រទេស។ ក្នុងរបាយការណ៍ ​ស្តីពីការជួញដូរមនុស្សរបស់អាមេរិកបានលើកច្រើនពីបញ្ហា អំពើពុករលួយ និងនិទណ្ឌភាព​របស់មន្រ្តីដែលអាចជាប់ពាក់ព័ន្ធ​នឹង​ការជួញដូរមនុស្ស​នៅកម្ពុជា។ អាមេរិក​ចាត់ទុកថា កម្ពុជា ត្រូវបាន​ក្រុមជួញដូរមនុស្ស ប្រើប្រាស់​ជា​កន្លែង​បោកបញ្ឆោត​តាមប្រព័ន្ធអ៊ីនធើណេត ឬហៅថា SCAM។ ជនបរទេស និងជនជាតិខ្មែរក្នុងស្រុក​ត្រូវ​បាន​ក្រុមឈ្មួញជួញដូរ​មនុស្ស ដែលជាប់ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុនចិន បោកបញ្ឆោត​ឲ្យធ្វើការ​នៅ​តាមអគារ​ក្នុងប្រទេស​កម្ពុជា រហូត​ដល់​មានសេចក្តីរាយការណ៍​ពីការចាប់បង្ខាំងទុក មិន​ឲ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ នេះបើតាមរបាយការណ៍ ស្តីពីការជួញដូរមនុស្សរបស់អាមេរិក៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា