កម្ពុជា-ចិន នឹងធ្វើសមយុទ្ធនាគមាសលើកទី៦ ឲ្យធំជាងមុននៅពាក់កណ្តាលខែឧសភានេះ
10-ឧសភា-2024
សមយុទ្ធនាគមាសរវាងយោធាចិន និងកម្ពុជាលើកទី៦ គ្រោងធ្វើពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុដោយមានការចូលរួមពីកងទ័ពនៃប្រទេសទាំងពីរច្រើនជាងមុនរហូតដល់ជាង២ពាន់នាក់។ អ្នកវិភាគនយោបាយសម្តែងការសាទរចំពោះសមយុទ្ធចិន-កម្ពុជា តែសម្តែងការសោកស្តាយចំពោះអវត្តមានសមយុទ្ធកម្ពុជា-អាមេរិក និងកម្ពុជា-អូស្ត្រាលី ដែលធ្លាប់មានកន្លងមក។កងទ័ពចិន និងកម្ពុជា នៅលើទីលានសមយុទ្ធកន្លងមកក្នុងប្រទេសកម្ពុជា © សហការី
តាមគម្រោង កងទ័ពកម្ពុជា និងចិននឹងធ្វើសមយុទ្ធនាគមាសរួមគ្នាឆ្នាំ២០២៤ នៅលើទីតាំងចំនួនពីរ គឺក្នុងខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធនៅលើដីគោកនឹងធ្វើឡើងនៅក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសមយុទ្ធនៅលើផ្ទៃសមុទ្រ និងលើអាកាសនឹងត្រូវធ្វើឡើងនៅក្នុងខេត្តព្រះសីហនុ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងទ័ពកម្ពុជា និងជាប្រធានគណៈកម្មការដឹកនាំរួមសមយុទ្ធនាគមាសបានប្រាប់អ្នកកាសែតនៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ថា សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៤ នេះមានទំហំធំជាងឆ្នាំមុនៗ ទាំងចំនួនកងទ័ព និងចំនួនសព្វាវុធ។
តែលោក ឥត សារ៉ាត់ មិនភ្លេចបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៤នេះ មិនមែនជាការគំរាមកំហែងដល់ប្រទេសណា ឬបុគ្គលណាមួយឡើយ ពោលជាសមយុទ្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នារវាងកងទ័ពនៃប្រទេសទាំងពីរ និងក៏ដើម្បីពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា។
ចំណែក លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានប្រាប់វិទ្យុបារាំងRFI នៅថ្ងៃអង្គារ ទី៧ ខែឧសភានេះថា ជាការល្អក្នុងការពង្រឹងសមត្ថភាពកងទ័ពកម្ពុជាតាមរយៈសមយុទ្ធនានា និងថាវារឹតតែប្រសើរជាងនេះទៅទៀត ប្រសិនបើកម្ពុជានៅមាន «សមយុទ្ធឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក និងនៅមាន «សមយុទ្ធគោព្រៃ» ជាមួយយោធាអូស្ត្រាលី។
តាម លោក ឯម សុវណ្ណារ៉ា បើកម្ពុជាមានសមយុទ្ធយោធាជាមួយប្រទេសលោកខាងលិចទាំងនេះឡើងវិញនឹងជួយទាញទំនាក់ទំនងវិស័យការទូត និងយោធាកម្ពុជាឲ្យនៅជាអព្យាក្រឹត។
សូមរំលឹកថា សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ត្រូវបានប្រទេសទាំងពីរចាប់ផ្តើមតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ តែត្រូវបានអាក់ខានរយៈពេល ២ឆ្នាំ គឺឆ្នាំ២០២១ និង២០២២ ដោយសារការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ដោយឡែក សមយុទ្ធរួមគ្នាជាមួយអាមេរិក និងអូស្ត្រាលីដែលកម្ពុជាធ្លាប់មានក្នុងអំឡុងឆ្នាំ២០១៦ ដែរនោះ ត្រូវបានបាត់ទៅវិញដោយសារភាពចម្រូងចម្រាសនយោបាយ និងការទូត៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ