អង់គ្លេស៖ ចៅហ្វាយក្រុងឡុងដ្រ៍ កាន់សាសនាអ៊ីស្លាម ជាប់ឆ្នោតជាថ្មី អាណត្តិទី៣
6-ឧសភា-2024
នៅប្រទេសអង់គ្លេស ចៅហ្វាយក្រុងឡុងដ្រ៍ លោក សាឌិក ខាន់ មកពីគណបក្សពលករ បានជាប់ឆ្នោតជាថ្មី សម្រាប់អាណត្តិទី៣។ លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុងនៅចុងសប្តាហ៍នេះ បង្ហាញឲ្យឃើញថា គណបក្សពលករ បានយកឈ្នះគណបក្សអភិរក្សនិយម ជាបក្សកាន់អំណាច នៅបណ្តាទីក្រុងសំខាន់ៗចំនួនជាង១០ និងបានទទួលអាសនៈក្រុមប្រឹក្សាជាង ១៨០ បន្ថែម។ សូម្បីតែមណ្ឌលបោះឆ្នោតរបស់នាយករដ្ឋមន្ត្រីអភិរក្សនិយម លោក រីស៊ី ស៊ូណាក់ ក៏ធ្លាក់ក្នុងដៃបក្សពលករ ដែរ។ ជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ ក៏បានធ្វើឲ្យគណបក្សពលករកាន់តែរីកមុខរីកមាត់ ហើយនិងសង្ឃឹមឈានទៅរកការឈ្នះឆ្នោតថ្នាក់ជាតិ ដែលនឹងខិតចូលមកដល់។
ចូលកាន់តំណែងចៅហ្វាយក្រុងឡុងដ្រ៍ តាំងតែពីឆ្នាំ២០១៦ លោក សាឌិក ខាន់ ជាអ្នកកាន់សាសនាអ៊ីស្លាមដំបូងគេ ដែលជាប់ឆ្នោតជាអភិបាលក្រុងឡុងដ្រ៍ ហើយជាចៅហ្វាយក្រុងទី១ ដែលអាចជាប់ឆ្នោតផ្ទួនៗ ៣អាណត្តិ។ ក្នុងវ័យ៥៣ឆ្នាំ លោក សាឌិក ខាន់ សម្តែងមោទនភាព ថាជ័យជម្នះការបោះឆ្នោតថ្នាក់ក្រោមជាតិ គ្រានេះបង្ហាញឲ្យថា គណបក្សពលករ នឹងអាចឈ្នះឆ្នោតថ្នាក់ជាតិថែមទៀត ផ្តួលបក្សអភិរក្សនិយម ដើម្បីឡើងកាន់អំណាចរដ្ឋាភិបាល នៅប៉ុន្មានខែខាងមុខ។ ជាអ្នកកាន់សាសនាអ៊ីស្លាមយ៉ាងខ្ជាប់ខ្ជួន លោក សាឌិក ខាន់ បានសរសើរម្ចាស់សំឡេងឆ្នោត និងអ្នករស់នៅក្រុងឡុងដ្រ៍ ដែលមានដើមកំណើតចម្រុះគ្នា ហើយមិនរើសអើងប្រកាន់ពណ៌សម្បុរ។ លោកអភិបាលក្រុងសង្កត់ធ្ងន់ថា ប្រជាជនក្រុងឡុងដ្រ៍ មើលចំពោះភាពខុសគ្នាចម្រុះគ្នា ពុំឃើញថាជាចំណុចខ្សោយទេ តែជាកម្លាំងដ៏ខ្លាំងក្លា។
ក្នុងអាណត្តិថ្មីនេះ ចៅហ្វាយក្រុង បានសន្យាពង្រឹងសន្តិសុខសុវត្ថិភាពដល់ប្រជាជន ហើយនិងកែច្នៃទីក្រុងឡុងដ្រ៍ ឲ្យមានភាពបៃតងស្រស់បំព្រង។ ធ្លាប់ជាកូនអ្នកក្រ លោកស្គាល់ភាពលំបាក។ ក្នុងកម្មវិធីនយោបាយរបស់អភិបាលក្រុង គឺសន្យាផ្តល់អាហារដោយឥតគិតថ្លៃ ដល់កូនក្មេងនៅតាមសាលារដ្ឋ ហើយនិងជំរុញកម្មវិធីសាងសង់លំនៅដ្ឋានថ្មី ៤ ម៉ឺនកន្លែង។ លោក សាឌិក ខាន់ ក៏សន្យាទៀតថា នឹងមិនឲ្យមាននរណាម្នាក់ អត់ផ្ទះសម្បែងស្នាក់នៅឡើយ នាឆ្នាំ២០៣០។
តាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ ដែល លោក សាឌិក ខាន់ បានឈានចូលប្រលូកជីវិតនយោបាយ។ លោកបានចុះឈ្មោះចូលជាសមាជិកបក្សពលករ ក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី ម៉ាហ្គារ៉េត តាច់ឈ័រ។ អ្នកនយោបាយរូបនេះ ជាកូនប្រុសរបស់អ្នកបើកឡានតាក់ស៊ី ដើមកំណើតជនជាតិប៉ាគីស្ថាន ភៀសខ្លួនមករស់នៅអង់គ្លេស អំពុងទស្សវត្សរ៍១៩៧០។ រស់នៅធំធាត់ក្នុងសង្កាត់ក្រីក្រជាយរាជធានីឡុងដ្រ៍ លោកមានបងប្អូន ប្រុសទាំងអស់ ស្រីតែម្នាក់គត់។ លោករៀនសូត្រនៅសាលារដ្ឋ ក៏ពុំមែននៅសាលាល្បីធំដុំដូចកូនអភិជនទេ។
មាឌតូច កម្ពស់ក៏ទាប ត្រឹម១ម៉ែត្រ៦៥ តែលោកមនុស្សមានប្រជាប្រិយ សម្បូរពាក្យពេចន៍វោហារសាស្ត្រ។ ដោយសារតែជាមនុស្សសម្តីបានដូច្នេះហើយ ទើបកាលពីវ័យក្មេង គ្រូៗផ្តល់យោបល់ជំរុញលើកទឹកចិត្តឲ្យលោកចាប់យកវិជ្ជាច្បាប់។ នៅឆ្នាំ២០០៥ លោក សាឌិក ខាន់ បោះបង់អាជីពជាអ្នកច្បាប់សិទ្ធិមនុស្ស ដ្បិតបានជាប់ឆ្នោតធ្វើជាអ្នកតំណាងរាស្ត្រ ហើយ៣ឆ្នាំក្រោយ ក្លាយជារដ្ឋមន្ត្រីទទួលបន្ទុកសហគមន៍ និង១ឆ្នាំបន្ទាប់មកទៀត ជារដ្ឋមន្ត្រីដឹកជញ្ជូន។ កាលណោះ លោកជាសមាជិកគណៈរដ្ឋមន្ត្រីតែម្នាក់គត់ ដែលកាន់សាសនាអ៊ីស្លាម។
គ្រានេះ គណបក្សពលកររបស់លោកចៅហ្វាយក្រុងឡុងដ្រ៍ បានឈ្នះអាសនៈក្រុមប្រឹក្សា ឃុំ សង្កាត់ និងក្រុង ចំនួន ១៨០ បន្ថែមទៀត ខណៈពេលដែល គណបក្សអភិរក្សនិយម បាត់បង់អាសនៈក្រុមប្រឹក្សា ៤៧០ អាសនៈ ព្រមទាំងបាត់បង់តំណែងចៅហ្វាយក្រុងធំៗ ចំនួនជាង ១០។ សូម្បីតែមណ្ឌលបោះឆ្នោតរបស់នាយករដ្ឋមន្ត្រី ក៏ចាញ់ក្នុងដៃបក្សពលករដែរ។ បរាជ័យរបស់បក្សអភិរក្សនិយម គ្រានេះ កាន់តែស្តែងអំពីការប្រឆាំងមិនសប្បាយនឹងកម្មវិធីនយោបាយពន្ធដារ ហើយនិងនយោបាយចាប់បណ្តេញជនអន្តោប្រវេស៍ របស់រដ្ឋាភិបាលអង់គ្លេស៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ