banner1
Nikkia Asia ៖ ក្រុមហ៊ុនក្នុងស្រុកកំពុងទាក់ទាញវិនិយោគពីអាស៊ាន ខណៈចិនកំពុងដើរចេញពីកម្ពុជា

 3-ឧសភា-2024

សារព័ត៌មានជប៉ុន Nikkia Asia បានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ថា ក្រុមហ៊ុនឯកជនក្នុងប្រទេសកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគមកពីប្រទេសក្នុងតំបន់អាស៊ាន បន្ទាប់ពីអ្នកវិនិយោគចិនមួយចំនួនកំពុងរៀបចំចាកចេញពីទឹកដីកម្ពុជា។ ដោយមិនបានប្រតិកម្មទៅនឹងការចុះផ្សាយរបស់ Nikkia Asia អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោ កប៉ែន បូណាថា រដ្ឋាភិបាលតែងតែធ្វើការទូតសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានា ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ Nikkia Asia៖ក្រុមហ៊ុនក្នុងស្រុកកំពុងទាក់ទាញវិនិយោគពីអាស៊ាន ខណៈចិនកំពុងដើរចេញពីកម្ពុជា © សហការី

សារព័ត៌មាន Nikkia Asia បានផ្តោតសំខាន់លើក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានកំពុងទាក់ទាញអ្នកវិនិយោគពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន មិនថាម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ឬប្រទេសថៃ។ ជាក់ស្តែង OCIC កំពុងសាងសង់ហាងទំនើបលើផ្ទៃដី ២៧០០០ម៉ែត្រការ៉េ ស្ថិតក្នុងភូមិសាស្ដ្រខណ្ឌជ្រោយចង្វារដោយសហការជាមួយក្រុមហ៊ុន Big C របស់ថៃ។ អនុប្រធានក្រុមហ៊ុន OCIC លោក ទា ធារី បានប្រាប់សារព័ត៌មាន Nikkia Asia ថា ការសាងសង់ហាងទំនើបនេះមានតម្លៃវិនិយោគចំនួន ១៥លានដុល្លារ ដែលក្រុមហ៊ុន OCIC ជាម្ចាស់ដី ហើយក្រុមហ៊ុន Big C ជាអ្នកជួលក្នុងរយៈពេល ៣០ឆ្នាំ។ ជាមួយប្រទេសសិង្ហបុរី ក្រុមហ៊ុន លោក ពុង ឃាវសែ ទើបបានប្រកាសនៅចុងខែមីនា កន្លងទៅថ្មីៗនេះពីការវិនិយោគលើអចលនទ្រព្យ ដែលបំពេញតម្រូវការស្នាក់នៅរយៈពេលខ្លី និងរយៈពេលវែង។

កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន OCIC ដដែលនេះ បានចាប់ដៃគូជាមួយអាកាសយាដ្ឋានរបស់ប្រទេសសិង្ហបុរី ដើម្បីផ្គត់ផ្គង់ម្ហូបអាហារ និងភេសជ្ជៈដល់អាកាសយានដ្ឋានមរតតេជោក្នុងប្រទេសកម្ពុជាដែល OCIC ជាអ្នកទទួលការសាងសង់។ តាម Nikkia Asia ហេតុផលដែលនាំឱ្យបណ្ដាប្រទេសអាស៊ានចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា គឺដោយផ្អែកតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីADB ដែលថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៥.៨% ក្នុងឆ្នាំ ២០២៤ និងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចលូតលាស់លឿន។ តែបើតាមទិន្នន័យចេញផ្សាយដោយវិទ្យាស្ថានសម្រាប់កិច្ចការរូបិយវត្ថុអន្តរជាតិនៅទីក្រុងតូក្យូ ចិននៅជាប្រទេសវិនិយោគធំជាងគេក្នុងប្រទេសកម្ពុជា ដែលមានប្រមាណ៤០% នៃការវិនិយោគបរទេសសរុបរបស់កម្ពុជា។

ទោះជាយ៉ាងណា ការវិនិយោគរបស់ចិននៅកម្ពុជាហាក់ជាប់គាំងនារយៈពេលចុងក្រោយនេះ។ ជាក់ស្ដែង គម្រោងសាងសង់ព្រលានយន្ដហោះក្នុងខេត្តមណ្ឌលគិរីត្រូវបានផ្អាក និងសំណង់អគាររាប់រយក្នុងក្រុងព្រះសីហនុក៏នៅមិនទាន់បានបញ្ចប់ ក្រោយចិនដកខ្លួនដោយសារតែជំងឺកូវីដ១៩ និងការធ្លាក់ចុះនៃវិស័យអចនលទ្រព្យនៅចិន។ តែលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី២ ឧសភា នេះថា មានគម្រោងមួយចំនួននៅខេត្តព្រះសីហនុបានចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗដោយមានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យសុំវិនិយោគឡើងវិញ និងថា មានក្រុមហ៊ុនមួយចំនួនក៏ទទួលបានការអនុញ្ញាតឲ្យវិនិយោគ។ តាម លោក ប៉ែន បូណា រដ្ឋាភិបាលកម្ពុជាតែងតែធ្វើការទូតសេដ្ឋកិច្ច ដើម្បីទាក់ទាញអ្នកវិនិយោគទុនមកពីគ្រប់ទិសទី ពោលមិនមែនតែក្នុងតំបន់អាស៊ាននោះទេ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា