banner1
រដ្ឋមន្ត្រីបរិស្ថាន​G7 បើកកិច្ចប្រជុំបូកសរុប​ និង​​កំណត់​ទិសដៅដោះស្រាយ​វិបត្តិអាកាសធាតុ

 30-មេសា-2024

រដ្ឋមន្ត្រីថាមពល និងបរិស្ថាននៃ​បណ្តាប្រទេសសេដ្ឋកិច្ចនាំមុខ​ទាំង​៧ ហៅកាត់ថា G7 បាន​បើកកិច្ចប្រជុំនៅទីក្រុងទូរ៉ាំង​ ភាគខាងជើងអ៊ីតាលី​។​ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីបូក​សរុប ព្រមទាំងកំណត់ទិសដៅឈានទៅដោះស្រាយវិបត្តិអាកាសធាតុ។ នៅពីខាងក្រៅកិច្ចប្រជុំនេះ សកម្មជនបរិស្ថានអាកាសធាតុ ព្រមទាំង​អង្គការសហប្រជាជាតិ​ផង បានអំពាវនាវឲ្យ​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង​៧ ត្រូវ​តែកំណត់វិធានការឲ្យ​បានក្លាហានបំផុត ដើម្បី​ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។សកម្មជនបរិស្ថាន​ធ្វើបាតុកម្ម​ ប្រឆាំងនឹងភាពអសកម្មនៃប្រទេសមហាអំណាចG7 ក្នុងការប្រយុទ្ធប្រឆាំងនឹង​វិបត្តិអាកាសធាតុ ។ ទីក្រុងទូរ៉ាំង ប្រទេសអ៊ីតាលី ថ្ងៃទី ២៩ មេសា ២០២៤ AFP – MARCO BERTORELLO

រដ្ឋមន្ត្រីថាមពល និងបរិស្ថាននៃបណ្តាប្រទេសសេដ្ឋកិច្ចនាំមុខទាំង​៧ ដែលមាន បារាំង អង់គ្លេស សហរដ្ឋអាមេរិក កាណាដា អ៊ីតាលី អាល្លឺម៉ង់ និងជប៉ុន ជួបប្រជុំគ្នារយៈពេល​២ថ្ងៃ ចាប់ពីថ្ងៃ​ទី​២៩C មេសា នៅ​​ទីក្រុងទូរ៉ាំង ខាងជើងអ៊ីតាលី។ ផ្អែកតាម​លោក​ Gilberto Pichetto Fratin រដ្ឋមន្ត្រីបរិស្ថាន​ និងថាមពលអ៊ីតាលី បាន​លើកឡើងថា កម្មវត្ថុនៃកិច្ចប្រជុំនេះ គឺធ្វើឲ្យ​ផែនការសកម្មភាព​កំណត់​ដោយ​COP28 ក្លាយជា​ផែនការងាយ​ស្រួលអនុវត្ត និង​ជាក់ស្តែង​។

គួរបញ្ជាក់ថា យោងតាមតួលេខឆ្នាំ​២០២១ នៃ​​​វិទ្យាស្ថានវិភាគអាកាសធាតុ គឺ​ប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧នេះ មានចំណែក​សេដ្ឋកិច្ចពិភពលោក​ដល់ទៅ​៣៨% ហើយ​ចូលរួម​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ក្នុងទំហំសរុប​២១%។ ក៏ប៉ុន្តែ គ្មានប្រទេសណាមួយ​ក្នុងចំណោម​មហាអំណាចសេដ្ឋកិច្ចទាំង​៧នេះ អាចគោរពការសន្យា​របស់ខ្លួន ក្នុងការកាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ នៅរវាង​ឆ្នាំ​២០៣០ឡើយ។ នេះ​បើផ្អែកតាម​របាយការណ៍​ចុងក្រោយ​របស់វិទ្យាស្ថាននេះ ចេញផ្សាយ​កាលពីសប្តាហ៍មុន​។

គួរកត់សំគាល់ថា នៅទីក្រុងទូរ៉ាំង កាលពីថ្ងៃអាទិត្យ សកម្មជនបរិស្ថាន និងអង្គការ​នានាបាន​មកជួបជុំគ្នា​ បរិហារអំពីភាពអសកម្មនៃប្រទេសធំៗទាំងនេះ​ ដោយ​សកម្មជនខ្លះ បាន​ដុតរូបថត​មេដឹកនាំ​នៃប្រទេសមហាអំណាចទាំង​៧នេះថែមទៀតផង។ លោក Simon Stiell មន្ត្រីទទួល​បន្ទុក​កិច្ចការអាកាសធាតុនៃអង្គការ​សហប្រជាជាតិ បាន​ថ្លែងនៅថ្ងៃ២៩ មេសា ថា ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ​ទាំង​៧ ត្រូវតែបង្ហាញផ្លូវធ្វើជាគម្រូ តាមរយៈផែនការសកម្មភាព​ដែលមាន “ភាពក្លាហានបំផុត ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​បម្រែបម្រួលអាកាសធាតុ​”។

សូម​បញ្ជាក់ថា កាលពី​​COP28នៅឌូបៃ ក្រុម​​ប្រទេស​G7បានសន្យាថានឹង​បង្កើន​ប្រសិទ្ធិភាពថាមពល ​ឲ្យ​បានទ្វេដង ហើយបង្កើន​សមត្ថភាព​ផលិត​ថាមពល​កកើតឡើងវិញ ឲ្យ​បាន​១គុណជា​៣ ពីនេះ​ដល់ឆ្នាំ​២០៣០។ តាមរយៈកិច្ចប្រជុំនាពេលនេះ​​ ក្រុមសកម្មជន និងអ្នកជំនាញ​ចង់ឃើញថាតើក្រុមប្រទេសសេដ្ឋកិច្ចទាំង​៧ ពិតជាមានចេតនា ធ្វើ​ឲ្យ​ការសន្យារបស់ខ្លួន​​ អាចក្លាយទៅជាការពិតជាក់ស្តែង ដែរឬយ៉ាងណា?

កិច្ចប្រជុំ២ថ្ងៃនេះ ក្រុមប្រទេសG7 នឹងជជែកគ្នាដែរ អំពី​ការងាក​ទៅរកប្រភពផ្សេង នៃ​វត្ថុធាតុដើមរ៉ែដី​​កម្រដែលចាំបាច់ ដើម្បី​ផលិត​ថ្មអគ្គិសនី និង​​ផ្ទាំងសូឡា​ជាដើម​​ ព្រោះថា​បច្ចុប្បន្ន​គេពឹងផ្អែកជ្រុលពេក ទៅលើវត្ថុ​ធាតុដើមរបស់ចិន​។ យ៉ាងណាមិញ គណៈប្រតិភូប្រទេសអាហ្វ្រិក ដែល​មានសក្តានុពល​សំបូរធនធានរ៉ែទាំងនេះ ត្រូវបាន​គេអញ្ជើញ​ឲ្យមកចូលរួម​ប្រជុំដែរ​។ បន្ថែមពីនេះ គេរំពឹងថាប្រទេសG7 នឹងស្រុះស្រួលគ្នាជា​ឯកច្ឆ័ន្ទ ដើម្បីអនុម័ត​សន្ធិសញ្ញា​កាត់បន្ថយ​ផលិត​​​ផល​ប្លាស្ទិក ព្រោះថាកន្លងមក សហរដ្ឋអាមេរិកនិងជប៉ុនជាអ្នក​រារែក​។ សំណុំរឿងកញ្ចប់ថវិកា​ ដើម្បីជួយប្រទេសក្រីក្រក្នុងការទប់ស្កាត់វិបត្តិអាកាសធាតុ ក៏អាចត្រូវបានគេលើកមកជជែកដែរ​។

គួរបញ្ជាក់ដែរថា វិស័យថាមពល​ គឺជាប្រភពនៃការខ្ទាស់គំនិត​​គ្នាមួយផងដែរ រវាងប្រទេសមហាអំណាចទាំង​៧។ រដ្ឋបាល ​លោក ចូ បៃដិន​ សន្យាថា ចាប់ពីឆ្នាំ​២០៣២ទៅ នឹងកំណត់ដាក់កំហិតការបញ្ចេញ​ឧស្ម័នកាបូនិក នៅតាម​ស្ថានីយ៍ដុតធ្យូងថ្ម។ ផ្ទុយពីជប៉ុនដែល​នៅរារែក ​បារាំងបានព្យាយាម​បញ្ចុះបញ្ចូល​ ឲ្យ​ប្រទេសសេដ្ឋកិច្ចនាំមុខទាំង​៧ ត្រូវបោះបង់ចោលថាមពលធ្យូងថ្មទាំងស្រុង​នៅឆ្នាំ​២០៣០។ ដោយឡែក អាល្លឺម៉ង់ និងអ៊ីតាលី នៅតែស្ទាក់ស្ទើមិនទាន់អាចបោះបង់ចោល​ទាំងស្រុង នូវការប្រើ​ឧស្ម័ន​នោះទេ។ លទ្ធផលនៃកិច្ចប្រជុំនេះយ៉ាងណា គឺវានឹងកំណត់ជោគ​វាសនា​​នៃសន្និសីត​ស្តីពី អាកាសធាតុ COP29 ដែលគេគ្រោងធ្វើនៅ​អាស៊ែរបៃហ្សង់ នៅខែវិច្ឆិកា ខាងមុខ​៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា