មហាសេដ្ឋីប្រេង អេមីរ៉ាត អារ៉ាប់រួម សាងសង់ព្រលានយន្តហោះធំជាងគេក្នុងលោក
29-មេសា-2024
អេមីរ៉ាតអារ៉ាប់រួម នឹងមានអាកាសយានដ្ឋានដ៏ធំជាងគេក្នុងលោក ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរប្រមាណ ២៦០លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងសារចុះផ្សាយលើបណ្តាញ X កាលពីថ្ងៃអាទិត្យទី ២៨ មេសា នាយករដ្ឋមន្រ្តីរបស់អេមីរ៉ាតអារ៉ាប់រួម លោក មូហាម៉េដ បិន រ៉ាស៊ីដ អាល់ម៉ាកធូម បានសរសេរថា លោកទើបអនុម័តផែនការសាងសង់ព្រលានយន្តហោះថ្មី ដែលត្រូវការចំណាយទឹកប្រាក់ជាង ៣៤ពាន់លានដុល្លារ។
មហាសេដ្ឋីប្រេងអេមីរ៉ាតអារ៉ាប់រួមសាងសង់ព្រលានយន្តហោះធំជាងគេក្នុងលោក ដែលមានតម្លៃសាងសង់ជិត៣៥ពាន់លានដុល្លារ AP – Dubai government
មហាសេដ្ឋីប្រេង អេមីរ៉ាតអារ៉ាប់រួមបានបោះមួយជំហានធំ ដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងនាមជាប្រទេសនាំមុខគេនៅក្នុងពិភពលោក ក្នុងវិស័យអាកាសចរណ៍ស៊ីវិល។ តាមរយៈសារក្នុងបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី ២៨ មេសា ប្រមុខដឹកនាំអេមីរ៉ាតអារ៉ាប់រួម លោក មូហាម៉េដ បិន រ៉ាស៊ីដ អាល់ម៉ាកធូម បានប្រកាសថា ប្រទេសរបស់លោកចាប់ផ្តើមការដ្ឋានសាងសង់អាកាសយានដ្ឋានថ្មី ដែលនឹងធំជាងគេ នៅក្នុងពិភពលោក និងមានសមត្ថភាពទទួលអ្នកដំណើរ២៦០លាននាក់ក្នុងមួយឆ្នាំ។
ព្រលានយន្តហោះយក្សរបស់អេមីរ៉ាត់អារ៉ាប់រួម នឹងលេចធ្លោនៅទីវាលខ្សាច់ ចម្ងាយជាង៤៥គីឡូម៉ែត្រ ពីព្រលានយន្តហោះឌូបៃសព្វថ្ងៃ។ ជាការពង្រីកព្រលានយន្តហោះចាស់ ឈ្មោះ Al-Maktoum ដែលសព្វថ្ងៃ គេប្រើជាកន្លែងសម្រាប់ចតយន្តហោះរបស់ក្រុមហ៊ុនហោះហើរអេមីរ៉ាត កន្លែងចុះចតរបស់យន្តហោះប្រណិតរបស់អ្នកមាន ឬកន្លែងតាំងពិព័រណ៌យន្តហោះរបស់អេមីរ៉ាតអារ៉ាប់រួម។ ជាមួយទឹកប្រាក់សាងសង់ជាង ៣៤ ពាន់លានដុល្លារ Al-Maktoum នឹងក្លាយជាអាកាសយានដ្ឋានដ៏ធំជាងគេក្នុងពិភពលោក ធំជាងអាកាសយានដ្ឋានក្រុងឌូបៃដល់ទៅ ៥ដង ដោយមានទីលានផ្លូវសម្រាប់ហោះចេញចូល ចំនួន ៦ខ្សែ ខណៈពេលដែលអាកាសយានដ្ឋានជាទូទៅ ដូចជាអាកាសយានដ្ឋានឌូបៃជាដើម មានតែ២ខ្សែផ្លូវប៉ុណ្ណោះ។ អាកាសយានដ្ឋាន Al-Maktoum នឹងមានច្រកទ្វារចូលទៅកាន់យន្តហោះប្រមាណ ៤០០ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាននៅតាមព្រលានយន្តហោះ។
អនាគតព្រលានយន្តហោះនឹងអាចលេចចេញជារូបរាងនៅ១០ឆ្នាំខាងមុខ ដើម្បីទទួលអ្នកដំណើរជាង១៥០លាននាក់ ហើយនិងអាចទទួល ២៦០លាននាក់ក្នុងមួយឆ្នាំ នៅពេលព្រលានយន្តហោះចាប់ដំណើរការពេញលេញ។ រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម ចង់បានអាកាសយានដ្ឋានថ្មី ទៅជួយរំលែកបន្ទុក ឬជំនួសតែម្តង អាកាសយានដ្ឋានឌូបៃ ដែលសព្វថ្ងៃនេះមមាញឹកខ្លាំង និងអាចទទួលអ្នកដំណើរប្រមាណ ១២០លាននាក់ ប៉ុន្តែមិនអាចពង្រីកខ្លួនឲ្យមានសមត្ថភាពទទួលមនុស្សច្រើនជាងនេះ ដោយសារទីក្រុងព័ទ្ធជុំជិត។ ប្រធានក្រុមហ៊ុនហោះហើរ អេមីរ៉ាត ដែលជាក្រុមហ៊ុនរដ្ឋ គឺលោក អាម៉េដ បិនសាអេដ អាល់ម៉ាកធូម បាននិយាយថា នៅក្រោយការចប់ការសាងសង់នៅប៉ុន្មានឆ្នាំខាងមុខ គេនឹងផ្ទេររាល់ដំណើរការហោះហើរពីអាកាសយានដ្ឋានឌូបៃទៅកាន់អាកាសយានដ្ឋានថ្មី ។
ផ្ទុយពីព្រលានយន្តហោះឌូបៃ ព្រលានយន្តហោះថ្មីស្ថិតនៅកណ្តាលវាលខ្សាច់។ ដូច្នេះបើតាមប្រមុខរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម គម្រោងសាងសង់ព្រលានយន្តហោះដ៏ធំជាងគេនៅក្នុងពិភពលោក នឹងដំណើរការទៅស្របគ្នាជាមួយផែនការបង្កើតក្រុងថ្មីរបស់អេមីរ៉ាត អារ៉ាប់រួម ដើម្បីដោះស្រាយវិបត្តិលំនៅឋាន។ មុននឹងអាចចាប់ផ្តើមការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី អេមីរ៉ាត់អារ៉ាប់រួមធ្លាប់ជួបឧបសគ្គ និងលើកពេលជាច្រើនដង ដោយសារវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៩។ នៅប៉ុន្មានសប្តាហ៍មុននេះ ឌូបៃទើបរងគ្រោះត្រូវព្យុះភ្លៀងបោកបក់ រហូតធ្វើឲ្យជន់លិចព្រលានយន្តហោះ ចំណែកយន្តហោះជាប់គាំងក្នុងទឹក មិនអាចហោះហើរបាន។
យ៉ាងណាក៏ដោយ ជាប្រទេសមហាសេដ្ឋីប្រេង ដែលចង់ដើរតួនាទីសំខាន់នៅក្នុងឆាកអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នៅតែបន្តវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីក្លាយជាប្រទេសគោលដៅទេសចរណ៍ និងកន្លែងឆ្លងកាត់សំខាន់របស់យន្តហោះនៅក្នុងពិភពលោក។ នៅឆ្នាំ ២០២២ ព្រលានយន្តហោះឌូបៃរបស់ប្រទេសដ៏តូចមួយនេះបានទទួលអ្នកដំណើរប្រមាណ ៦៦ពាន់លាននាក់ក្នុងមួយឆ្នាំ។ ចំនួននេះបានធ្លាក់ចុះបើប្រៀបធៀបនឹងឆ្នាំ ២០១៩ មុនសម័យកូវីដ នៅពេលអាកាសយានដ្ឋានឌូបៃទទួលអ្នកដំណើរ ជាង ៨៦លាននាក់៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ