លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានបង្ហើបឲ្យដឹងនៅថ្ងៃអាទិត្យទី២៨ មេសា ថា មានក្រុមហ៊ុនចំនួន២ គ្រោងបោះទុនវិនិយោគជាង ១ពាន់លានដុល្លារ នៅក្នុងការផលិតសំបកកង់ឡាននៅកម្ពុជា ដើម្បីនាំចេញទៅលក់នៅបរទេស។ បើតាមលោកនាយករដ្ឋមន្រ្តី បច្ចុប្បន្ននេះ កម្ពុជាកំពុងមានក្រុមហ៊ុនធំៗផលិតកង់ឡាននាំយកទៅលក់នៅទីផ្សារអឺរ៉ុប។ ត្រង់ចំណុចនេះ លោក ហ៊ុន ម៉ាណែត ចង់បង្ហាញថា រដ្ឋាភិបាលថ្មីបាននិងកំពុងធ្វើ មិនមែនចេះតែអួត ដូចមតិរិះគន់មួយចំនួនឡើយ។លោក ហ៊ុន ម៉ាណែត ថាមានក្រុមហ៊ុន២គ្រោងបោះទុនជាង១ពាន់លានដុល្លារផលិតកង់ឡាននៅកម្ពុជា © សេង បារាំង
នៅកម្ពុជាមានក្រុមហ៊ុនបី បួន ដែលនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថា បាននិងកំពុងផលិតសំបកកង់ឡាននៅកម្ពុជា ដើម្បីនាំយកទៅលក់នៅទីផ្សារអឺរ៉ុប។ នៅក្នុងកម្មវិធីខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលរៀបចំដោយក្រសួងការងារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ថ្មីៗនេះកម្ពុជាកំពុងទាក់ទាញក្រុមហ៊ុន ២ទៀត ដែលគ្រោងចង់បោះទុនវិនិយោគលើការផលិតសំបកកង់ឡាននៅកម្ពុជា សម្រាប់នាំយកទៅលក់នៅទីផ្សារអន្តរជាតិដែរ។
យោងតាមប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនចំនួន២ខាងលើនេះ គ្រោងបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ប៉ុន្តែ ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនគ្រោងបោះទុនវិនិយោគត្រឹម ៥០០លានដុល្លារសិន។ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្ត ចាប់ដៃសហការជាមួយសមាគមជ័រកៅស៊ូ ដើម្បីគាំទ្រដំណាំកៅស៊ូនៅកម្ពុជា។
ដោយលើកឡើងពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនសម្រាប់ផលិតសំបកកង់ឡាននៅកម្ពុជា លោក ហ៊ុន ម៉ាណែត ចង់បង្ហាញថា នេះជាស្នាដៃរបស់រដ្ឋាភិបាលថ្មីដែលបានធ្វើបន្តពីរដ្ឋាភិបាលចាស់។ ក្នុងនាមជាប្រមុខរដ្ឋាភិបាលថ្មី លោកខិតខំធ្វើការងារនេះឡើងសក់ស្កូវ មិនមែនចេះតែអួតដូចមតិរិះគន់ខ្លះលើកឡើងឡើយ។
មិនចេះតែអួត លោកនាយករដ្ឋមន្រ្តីកម្ពុជាបានដេញឲ្យអ្នករិះគន់ទៅមើលរបាយការណ៍ដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ បើតាមរបាយការណ៍ថ្មីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ១ត្រីមាស ឆ្នាំ២០២៤ កម្ពុជាទទួលបានការដាក់ទុនវិនិយោគលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលគិតជាទឹកប្រាក់ មានប្រមាណ ២,២ពាន់លានដុល្លារអាមេរិក និងបង្កើតបានការងារជាង ១០៧ពាន់កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ គឺមានការកើនឡើងចំនួន ៦៧គម្រោង និងមានទុនវិនិយោគកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com