banner1
ព្រះ​មហាក្សត្រ ​និង​ប្រមុខ​ការទូត​កម្ពុជា​បន្តគាំទ្រ​នយោបាយ​«​ចិនតែ​មួយ​»

 24-មេសា-2024

ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​នរោត្តម សីហមុនី ​និង​ប្រមុខ​ការទូត​កម្ពុជា​បានមាន​បន្ទូល និង​បញ្ជាក់​ជំហរថា ​កម្ពុជា​បន្តគាំទ្រ​នូវ​គោលនយោបាយ​ចិន​តែមួយ​។ ​នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួរ​។ បន្ទូល​របស់ព្រះមហាក្សត្រ​កម្ពុជា​ដូច្នេះ​ធ្វើឡើង ​បន្ទាប់ពី​ព្រះអង្គ​បាន​ទទួលជួប​សវនាការ​មួយជាមួយ ​លោក ​វ៉ាង យី ​រដ្ឋមន្ត្រី​ការបរទេស​ចិន​នាព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ​ខែ​មេសានេះ​ ក្នុងឱកាស​ដែល​លោក​វ៉ាង យី​កំពុង​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ពីថ្ងៃ​ទី​២១ ​ដល់​ថ្ងៃទី​២៣ ​ខែ​មេសា​នេះ​។

ព្រះមហាក្សត្រកម្ពុជាទទួលជួបលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន © Xinhua

យោងតាម​ទីភ្នាក់ងារសារព័ត៌មានចិន ​ស៊ីនហួរ​ក៏ដូចជា​កាសែត​ក្រុមប្រឹក្សា​រដ្ឋចិន ​ព្រះមហាក្សត្រ​កម្ពុជាព្រះបាទ​នរោត្តម សីហមុនី ​បានមាន​ព្រះបន្ទូលថា ​ប្រទេសកម្ពុជា​នៅតែប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវគោលនយោបាយ​ចិនតែមួយ ​និង​គាំទ្រយ៉ាងសកម្ម​នូវចក្ខុវិស័យ​ក្នុងការកសាង​សហគមន៍មួយ​ ដែល​មានអនាគត​រួមគ្នា និង​គំនិតផ្តួចផ្តើម​ជាសកលធំៗ​ចំនួន​៣ ដែលស្នើឡើង​ដោយ​ប្រទេសចិន​។ ​ព្រះអង្គមានជំនឿ​យ៉ាងមុតមាំ​ថា ចំណង​មិត្តភាពកម្ពុជា និង​ចិននឹងត្រូវ​បានបន្សល់ទុក​ពីមួយជំនាន់​ទៅមួយជំនាន់ទៀត​ និងកាន់តែ​រឹងមាំតរៀង​ទៅ​។

ក្រៅពីមាន​ជំនួបជាមួយ​ព្រះមហាក្សត្រ​កម្ពុជា ​លោក ​វ៉ាង យី ​ក៏មានជំនួប​ជាមួយរដ្ឋមន្ត្រី​ការបរទេស​កម្ពុជាលោក ​សុខ ចិន្តាសោភា​ ក្នុងថ្ងៃចន្ទ ​ទី​២២ មេសា​នេះដែរ​។​ លោក សុខ ចិន្តាសោភា ​ក៏បាន​បញ្ជាក់ប្រាប់លោក វ៉ាង យី ថា ​កម្ពុជាប្រកាន់យ៉ាង​ខ្ជាប់ខ្ជួន​នូវគោលនយោបាយ​ចិនតែមួយ និង​ប្តេជ្ញាជំរុញ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ជាមួយ​ប្រទេសចិន​។

ចំណែក លោក ​វ៉ាង យី បាន​ឆ្លើយតបវិញថា​ ក្រោមការ​ដឹកនាំរបស់​ប្រមុខរដ្ឋាភិបាល​នៃប្រទេសទាំងពីរ ​ការកសាង​អនាគតរួមគ្នា​មួយ​រវាងសហគមន៍ចិន ​និង​កម្ពុជា ​បានឈានចូល​ដំណាក់កាល​ថ្មីមួយ ​ដែលមានគុណភាព​ខ្ពស់ ​កម្រិតខ្ពស់ ​និង​ស្តង់ដារខ្ពស់​។ ​នេះបើតាមកាសែត​ស៊ីនហួរ។

តាម​កាសែតចិនមួយនេះ​ដដែល ​លោក វ៉ាង យី ​បានបញ្ជាក់​បន្ថែមពីឆន្ទៈ​របស់ចិន​ក្នុងការធ្វើការ​ជាមួយកម្ពុជា ​ដើម្បីអនុវត្តនូវ​ការឯកភាពគ្នា​ជាយុទ្ធសាស្ត្រ ​ដែលសម្រេចបាន​ដោយ​មេដឹកនាំនៃ​ប្រទេសទាំងពីរ​។ លោក ​ប្រមុខ​ការទូតចិន ​ថ្លែងថា​ប្រឈមមុខនឹង​បរិយាកាសអន្តរជាតិ​ដ៏ស្មុគស្មាញ ​ចិន និង​កម្ពុជាគួរតែ​ពង្រឹងការដឹកនាំ​ជាយុទ្ធសាស្ត្រ​កម្រិតខ្ពស់ ​និង​ដឹកនាំ​ការកសាង​សហគមន៍ ចិន-កម្ពុជា ​ជាមួយនឹង​អនាគត​រួមគ្នា​ក្នុងទិសដៅ​ដ៏ត្រឹមត្រូវ​៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងធអន្តរជាតិ​ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា