មូលនិធិរូបិយវត្ថុអន្តរជាតិ FMI មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសកលលោក
17-មេសា-2024
ទោះបីភ្នក់ភ្លើងសង្គ្រាមកំពុងតែបន្តឆាបឆេះនៅអ៊ុយក្រែន ហើយនឹងនៅតំបន់ដើមបូព៌ាក្តី តែវឌ្ឍនភាពសេដ្ឋកិច្ចសកលលោក បន្តមានសន្ទុះកំណើន។ នេះក៏ព្រោះតែភាពស៊ាំធន់នឹងវិបត្តិរបស់ប្រទេសជាច្រើន ហើយសេដ្ឋកិច្ចរបស់ប្រទេសធំៗ មានសុខភាពល្អ និងមានវឌ្ឍនភាពរីកចម្រើន។ នេះបើតាមរបាយការណ៍ព្យាករសេដ្ឋកិច្ចរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី១៦ មេសា។ ជាមួយគ្នានេះ FMI បានព្រមានអំពីវិបត្តិអតិផរណា ដែលត្រូវប្រុងប្រយ័ត្នសម្រាប់ឆ្នាំនេះ និងឆ្នាំខាងមុខ។ស្លាកសញ្ញាមូលនិធិរូបិយវត្ថុអន្តរជាតិ FMI REUTERS – Yuri Gripas
សេដ្ឋកិច្ចសកលលោក ទំនងជាបានធន់ស៊ាំនឹងវិបត្តិ ហើយបើទោះបីនៅជួបបញ្ហាកំណើនអត្រាកម្ចីការប្រាក់ខ្ពស់ក៏ដោយក្តី តែមានប្រទេសជាច្រើនបានរួចខ្លួនគេចផុតចេញពីវិបត្តិធ្ងន់ធ្ងរ។ នេះបើតាមការគូសបង្ហាញរបស់ លោក Pierre-Olivier Gourinchas ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។ អ្នកជំនាញរូបនេះបញ្ជាក់ទៀតថា សកលលោកបន្តជួបសន្ទុះកំណើនសេដ្ឋកិច្ចបន្តទៅទៀត ទោះបីជាមិនសូវច្រើនខ្លាំងក្តី នេះក៏ព្រោះតែមួយផ្នែកធំ មកពីសហរដ្ឋអាមេរិកមានសុខភាពសេដ្ឋកិច្ចមាំទាំល្អ ហើយប្រទេសឥណ្ឌា និងប្រេស៊ីល ហើយនិងប្រទេសមួយចំនួនទៀតបន្តមានសន្ទុះកំណើនសេដ្ឋកិច្ចខ្ពស់ខ្លាំង។
ក្នុងរបាយការណ៍ព្យាករសេដ្ឋកិច្ចប្រចាំត្រីមាស របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់តាមបារាំងថា FMI គឺសហរដ្ឋអាមេរិកមានវឌ្ឍនភាពសេដ្ឋកិច្ចប្រមាណជា ៣% ក្នុងឆ្នាំ២០២៤នេះ។ សន្ទុះសេដ្ឋកិច្ចឥណ្ឌា កើនឡើងខ្លាំងជិត៧% ហើយប្រេស៊ីលកើនជាង ២ %។
ប្រទេសចិន បើទោះបីជាបន្តជួបវិបត្តិក្នុងស្រុក ដូចជាវិបត្តិអចលនទ្រព្យ យុវជនអត់ការងារធ្វើ និងការបញ្ជាទិញទំនិញទាប តែសេដ្ឋកិច្ចចិន នៅតែមានសន្ទុះកើនក្នុងរង្វង់ប្រមាណជា ៥% ក្នុងឆ្នាំ២០២៤ ស្រដៀងនឹងការព្យាកររំពឹងទុករបស់រដ្ឋាភិបាលក្រុងប៉េកាំងដែរ។
ជាការកត់សម្គាល់, តំបន់ប្រទេសចាយប្រាក់អឺរ៉ូ មានវឌ្ឍនភាពសេដ្ឋកិច្ចកើនឡើងទាប។ ប្រទេសបារាំង និងអាល្លឺម៉ង់ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច សហភាពអឺរ៉ុបមានកំណើនសេដ្ឋកិច្ច តែកើនទាបតិចតួចតែប៉ុណ្ណោះ។ ក្នុងឆ្នាំ២០២៤នេះ សេដ្ឋកិច្ចបារាំង កើនឡើងតែ ០,៧% ហើយ អាល្លឺម៉ង់ ០,២%។ នេះបើតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ។
ដោយឡែក ប្រទេសរុស្ស៊ី ទោះបីជាត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចរបស់ពួកប្រទេសបស្ចិម ព្រោះតែបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែសេដ្ឋកិច្ចរុស្ស៊ី បន្តមានកំណើន ១,៨% ពោលគឺកើនឡើងច្រើនជាងការព្យាករ ៣ខែមុន ដែលត្រឹមតែ១,១%ប៉ុណ្ណោះ។ កំណើនសេដ្ឋកិច្ចរុស្ស៊ីនេះ ត្រូវអ្នកជំនាញពន្យល់ថា មកពីចំណូលពីប្រេងបានច្រើន, ការចំណាយសាធារណៈកើនខ្ពស់ ហើយនិងការវិនិយោគទុនសន្ធឹកសន្ធាប់ក្នុងវិស័យយោធា ព្រមទាំងតម្រូវការប្រើប្រាស់ក្នុងស្រុកកើនឡើងខ្លាំង។ ចំណែកសេដ្ឋកិច្ចអ៊ុយក្រែន ក៏បន្តជួបវឌ្ឍនភាពជាលំដាប់ដែរ ព្រោះតែជំនួយរបស់បស្ចិមលោក។
ក្តីបារម្ភខ្លាំងរបស់អ្នកជំនាញសេដ្ឋកិច្ចរបស់ FMI គឺនៅប្រទេសតំបន់ដើមបូព៌ា ពីព្រោះខ្លាចក្រែងតែស្ថានការណ៍ធ្លាក់ដុនដាបខ្លាំងជាងនេះ ព្រោះតែផ្សែងភ្លើងសង្គ្រាម។ ប្រសិនបើស្ថានការណ៍សង្គ្រាមនៅតំបន់ហ្កាហ្សាវិវឌ្ឍធំជាងនេះទៅទៀត ហើយអ៊ីរ៉ង់ និងអ៊ីស្រាអែល បញ្ឆេះភ្លើងសង្គ្រាមពេញតំបន់ដើមបូព៌ាមែននោះ ប្រាកដជាតម្លៃប្រេងនឹងហក់ឡើងខ្ពស់កប់ពពកជាពុំខាន៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ