វិសមភាពប្រាក់ចំណូលបានកើនឡើងយ៉ាងខ្លាំង ក្នុង៦០%នៃប្រទេសដែលស្ថិតនៅក្រោមកម្មវិធីជំនួយរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក។ ជាវិសមភាពដ៏ខ្ពស់ដល់កំរិតទាញសញ្ញាអា សន្នរបស់អង្គការសហប្រជាជាតិទៀត។ នេះបើតាមរបាយការណ៍ Oxfam ចេញផ្សាយនៅថ្ងៃចន្ទទី១៥ មេសា។វិសមភាពប្រាក់ចំណូល កើនឡើងខ្លាំងក្នុងប្រទេសទទួលជំនួយIMF © Photo de Andre Taissin sur Unsplash
នៅក្នុងចំណោម១០៦ប្រទេស ដែលទទួលជំនួយពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ៦៤ប្រទេស មានកំណើនវិសមភាពខ្លាំងគួរឱ្យសម្គាល់ ហើយជាង៤០ប្រទេស មានវិសមភាពខ្លាំងមែនទែន មានជាអាទិ៍ប្រទេសហ្កាណា ហុងឌូរ៉ាស ឬម៉ូសំប៊ិច។
នៅក្នុងសេចក្តីថ្លែងការណ៍លោកស្រី Kate Donald អ្នកទទួលខុសត្រូវអង្គការ OXFAM ដែលជាម្ចាស់របាយការណ៍ចេញផ្សាយនៅថ្ងៃចន្ទទី១៥ មេសានេះ បានប្រកាសថា មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក យកការប្រយុទ្ធប្រឆាំងនឹងវិសមភាពប្រាក់ចំណូល ជាអាទិភាពមែន ប៉ុន្តែទន្ទឹមពេលជាមួយគ្នានេះ ស្ថាប័នទាំងពីរជាអ្នកទ្រទ្រង់នយោបាយនាំឱ្យមានគម្លាតកាន់តែខ្លាំង។ សាមញ្ញជនរងគ្រោះកាន់តែខ្លាំងឡើងៗពីនយោបាយកាត់បន្ថយកញ្ចប់ថវិកាក្នុងវិស័យសុខាភិបាល អប់រំ និងដឹកជញ្ជូន។ ពុតត្បុតជាន់ខ្ពស់ត្រូវបញ្ឈប់។ នេះបើតាមរបាយការណ៍ដដែល ដោយលម្អិតទៀតថា បំណុលសាធារណៈឡើងខ្ពស់ ដោយហេតុតែអត្រាការប្រាក់ឡើងថ្លៃ បានកាត់បន្ថយសមត្ថភាពរបស់ប្រទេសក្នុងការផ្តល់ហិរញ្ញវត្ថុត្រឹមត្រូវសម្រាប់វិស័យសុខាភិបាល អប់រំ និងការពារសង្គមដ៏ចាំបាច់សម្រាប់បង្រួមវិសមភាព។
ប៉ុន្តែនៅសប្តាហ៍នេះ ជាលើកទីមួយក្នុងរយៈពេល៨០ឆ្នាំ ដែលធនាគារពិភពលោកបានសម្រេចចិត្តជាប្រវត្តិសាស្ត្រចុះកិច្ចព្រមព្រៀងសំដៅកាត់បន្ថយវិសមភាព។ សម្រាប់លោកស្រី កេត ដូណាល់ ប្រសិនបើធនាគារពិភពលោកពិតជាបញ្ចេញសកម្មភាពបែបនេះមែន ត្រូវចាប់ផ្តើមសាកល្បងដោយផ្តល់កម្ចីដល់ប្រទេសក្រីក្រខ្លាំងបំផុតជាអាទិភាព។
ជំនួយហិរញ្ញវត្ថុសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសកំពុងស្ថិតក្នុងស្ថានភាពជាប់វិបត្តិបំណុល ឬក្ស័យធន នឹងក្លាយជារបៀបវារៈមួយក្នុងចំណោមប្រធានបទគោលផ្សេងៗទៀត ដែលអង្គការមូល និធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ត្រូវលើកមកជជែកពិភាក្សាគ្នា ក្នុងជំនួបប្រចាំឆ្នាំ ពេញមួយសប្តាហ៍នេះ នៅក្រុងវ៉ាស៊ីនតោន។ មូលនិធិរូបិយវត្ថុអន្តរជាតិ តែងរំលឹកជាញឹកញយ នៅពេលបង្ហាញកម្មវិធីជំនួយរបស់ខ្លួន អំពីភាពចាំបាច់ដែលរដ្ឋាភិបាលនីមួយៗត្រូវការពារក្រុមប្រជាពលរដ្ឋងាយរងគ្រោះ។ ឯចំណែកធនាគារពិភពលោកវិញ មានបេសកកម្មចំបងគេ គឺបិទបញ្ចប់ភាពក្រីក្រនៅលើពិភពលោក៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com