អ.ស.ប.ព្រមានក្រុមប្រទេសអ្នកមាន ហ្សេ២០ ថាការប្រែប្រួលអាកាសធាតុនឹងបំផ្លាញសេដ្ឋកិច្ច
12-មេសា-2024
នៅថ្ងៃពុធ ទី១០ មេសា អង្គការសហប្រជាជាតិបានព្រមានក្រុមប្រទេសមានសន្ទុះសេដ្ឋកិច្ចជឿនលឿន ហ្សេ២០ ថា ការប្រែប្រួលអាកាសធាតុនឹងបំផ្លាញសេដ្ឋកិច្ចរបស់ពួកគេ និងថាប្រទេសទាំងនេះ គួរតែរួមដៃគ្នាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ហើយនិងជួយប្រទេសក្រីក្រដើម្បីចាកចេញពីវិបត្តិអាកាសធាតុ។ ការថ្លែងពីទីក្រុងឡុងដ្រ៍យ៉ាងដូច្នេះបន្ទាប់ពីឃើញថា ក្រុមប្រទេសហ្សេ២០ ហាក់កំពុងតែរារែកមិនចង់ឧបត្ថម្ភគម្រោងជួយប្រទេសកំពុងអភិវឌ្ឈ ដើម្បីទប់ទល់ការប្រែប្រួលកម្តៅផែនដី ព្រោះតែហេតុផលភូមិសាស្ត្រនយោបាយ។ ទន្លេមួយនៅស្រុកបារាំង រីងខះអស់ទឹក ព្រោះប្រែប្រួលអាកាសធាតុ ក្នុងឆ្នាំ២០២២។ REUTERS – Stephane Mahe
ប្រេសិតពិសេសទទួលបន្ទុកអាកាសធាតុ របស់អង្គការសហប្រជាជាតិបានដាស់តឿនថា ការជៀសវៀងមិនបំពេញកាតព្វកិច្ច ពុំមែនជាយុទ្ធសាស្ត្រឡើយ ហើយការទុកកាតព្វកិច្ចទប់ទល់ការប្រែប្រួលអាកាសធាតុ ទុកដោយឡែក ឬទុកជាជំហានទី២ ក៏មិនមែនជាដំណោះស្រាយល្អឡើយសម្រាប់សេដ្ឋកិច្ច។ ដ្បិតថា ការប្រែប្រួលអាកាសធាតុកំណើនកម្តៅផែនដីនឹងបំផ្លាញកម្ទេចសេដ្ឋកិច្ច របស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ហ្សេ២០ នោះឯង។ ដោយមិនចាំបាច់សង្កេតយូរ កំណើនកម្តៅផែនដីបានបង្ហាញផលប៉ះពាល់ជះឥទ្ធិពលអាក្រក់ជាបណ្តើរៗរួចទៅហើយ។
ទាំងនេះ ជាសេចក្តីព្រមានដាស់តឿនរបស់ថ្នាក់ដឹកនាំកិច្ចការបរិស្ថានអាកាសធាតុ នៃអង្គការសហប្រជាជាតិ ដែលបានថ្លែងពីប្រទេសអង់គ្លេស នៅថ្ងៃ១០ មេសា។ ការព្រមានយ៉ាងដូច្នេះ ក៏ព្រោះតែសង្កេតឃើញថា រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសហ្សេ២០ បានជួបប្រជុំគ្នាចប់ កាលពីពេលថ្មីៗនេះ នៅក្រុង Sao Paulo ប្រទេសប្រេស៊ីល ដោយមិនអាចរកឃើញសេចក្តីសម្រេចរួមសោះ។ គ្មានសេចក្តីសម្រេចរួម ក៏ព្រោះតែមានគំនិតខ្វែងគ្នា និងបែកចែកបក្សពួក ក្នុងសំណុំរឿងសង្គ្រាមអ៊ុយក្រែន និងសង្គ្រាមនៅតំបន់ហ្កាហ្សា។
ក្នុងបញ្ហាបរិស្ថានអាកាសធាតុនេះដែរ ស្វីស ជាប្រទេសកំពូលអ្នកមាន១ ត្រូវទទួលទោសព្រោះតែមិនបំពេញកាតព្វកិច្ចការពារបរិស្ថានអាកាសធាតុ។ នៅថ្ងៃទី៩ ខែមេសា តុលាការសិទ្ធិមនុស្ស របស់អឺរ៉ុប បានកាត់ទោស ប្រទេសស្វីស ចំពោះភាពអសកម្មរបស់រដ្ឋាភិបាលស្វីសក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ នេះជា«សាលក្រមយុត្តិសាស្ត្រ» ជាង៣០០ទំព័រ និងជាប្រវត្តិសាស្ត្រសម្រាប់វិស័យការពារបរិស្ថានអាកាសធាតុ។
គួររំឭកថា នៅស្វីស ជាច្រើនឆ្នាំមកហើយ ក្រុមសកម្មជនបរិស្ថានស្វីស តាមរយៈអង្គការស្ត្រី ដើម្បីការពារអាកាសធាតុ បានដាក់ពាក្យប្តឹងរដ្ឋាភិបាលស្វីស តែចាញ់ក្តីរហូត ចាញ់នៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក្នុងប្រព័ន្ធតុលាការស្វីល។ ទើបតែនៅខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមសកម្មជនបរិស្ថានស្វីស បានដាក់ពាក្យប្តឹងបន្តទៅតុលាការសិទ្ធិមនុស្សអឺរ៉ុប ហើយតុលាការទីតាំងនៅសាស្ត្របួរនេះ បានសម្រេចឲ្យដើមបណ្តឹងឈ្នះក្តី។ ប្រតិកម្មភ្លាមៗ នៅប្រទេសស្វីស ក្រុមអ្នកនយោបាយស្តាំនិយមជ្រុល បានអំពាវនាវឲ្យរដ្ឋាភិបាលស្វីស ដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុប។
ផ្ទុយទៅវិញ អង្គការការពារបរិស្ថាន Greenpeace Suisse បានសាទរ និងចាត់ទុកសេចក្តីសម្រេចរបស់តុលាការសិទ្ធិមនុស្សអឺរ៉ុប ថាជាសាលក្រមគំរូសម្រាប់សមាជិកទាំង៤៦ប្រទេស ហើយថា រដ្ឋសមាជិកទាំង៤៦ ត្រូវយកសាលក្រមយុត្តិសាស្ត្រនេះ ជាគំរូសម្រាប់រៀបចំនយោបាយបរិស្ថានរបស់ខ្លួន។ ចំពោះអ្នកបរិស្ថាននិយមស្វីស, បរិស្ថានល្អ សុខភាពល្អ ជាសិទ្ធិមូលដ្ឋានរបស់មនុស្ស។
ទោះបីជាឈ្នះក្តីនៅអឺរ៉ុបហើយ ក៏ក្រុមអ្នកការពារបរិស្ថានស្វីស នៅមិនទាន់អស់ចិត្តនៅឡើយទេ។ អង្គការ Greenpeace Suisse និងក្រុមសកម្មជនបរិស្ថានស្វីស នឹងមិនឈប់ត្រឹមនេះឡើយ ដោយបានសន្យាថា នឹងពួតដៃគ្នាបន្តប្តឹងរដ្ឋាភិបាលស្វីសថែមទៀត ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅក្រុងឡាអេ ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ