WTO ថាពាណិជ្ជកម្មពិភពលោកចាប់មានកំណើន តែការព្យាករមានបង្កប់ហានិភ័យ
11-មេសា-2024
នៅឆ្នាំ២០២៤នេះ ពាណិជ្ជកម្មពិភពលោក នឹងចាប់មានកំណើនឡើងវិញ ប៉ុន្តែជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនជាក់លាក់នៃនយោបាយសេដ្ឋកិច្ច អាចនឹងមកប្រែក្រឡាស់ការព្យាករណ៍។ នេះបើតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោកចេញផ្សាយនៅថ្ងៃពុធទី១០ មេសា ២០២៤។TWTOថាពាណិជ្ជកម្មពិភពលោកចាប់មានកំណើន តែការព្យាករមានបង្កប់ហានិភ័យ REUTERS – DENIS BALIBOUSE
បើតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ផលិតផលសរុបក្នុងស្រុករបស់ពិភពលោក ហាក់នៅនឹងល្អជាទូទៅ សម្រាប់ពីរឆ្នាំខាងមុខ ពោលគឺ២,៦% នៅឆ្នាំ២០២៤ និង២,៧% នៅឆ្នាំ២០២៥។ ចំណែកសកម្មភាពពាណិជ្ជកម្មពិភពលោកផ្នែកផលិតផលវិញ ចាប់មានកំណើនដែរ តែត្រឹម ២,៦% នៅឆ្នាំ២០២៤ មិនមែន ៣,៣% ដូចការព្យាករលើកមុនទេ ទាល់តែឆ្នាំ២០២៥ ទើបមានកំណើន ៣,៣% ។ អង្គការពាណិជ្ជ កម្មពិភពលោកបានពន្យល់បន្ថែមទៀតថា មូលហេតុនៃការទម្លាក់ទិន្នន័យព្យាករណ៍បណ្តាលមកពីលទ្ធផលពាណិជ្ជកម្មនៅអឺរ៉ុបមិនល្អដូចការព្រៀងទុក។
ដើម្បីឱ្យរក្សាកំណើន និងស្ថិរភាពសេដ្ឋកិច្ច ឱ្យបានដូចការព្យាករ ពិភពលោកចាំបាច់ត្រូវតែកំរិតគ្រោះហានិភ័យមួយចំនួនដូចជាជម្លោះប្រដាប់អាវុធ ភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម នយោបាយការពារតែសេដ្ឋកិច្ចជាតិឯង ឬភាពប្រេះឆានៃការផ្តោះប្តូរសេដ្ឋកិច្ច។ នេះបើតាមប្រសាសន៍របស់លោកស្រីប្រមុខអង្គការពាណិជ្ជកម្មពិភពលោកដដែល ដោយព្រមានថាភាពតានតឹងនយោបាយ និងភាពមិនជាក់លាក់នៃសេដ្ឋកិច្ចអាចនឹងអូសទាញដំឡើងតម្លៃគ្រឿងឧបភោគបរិភោគ និងតម្លៃថាមពល ដែលនឹងទៅបង្អាក់កំណើនសេដ្ឋកិច្ចមិនឱ្យមានសន្ទុះពេញលេញបាន។
សម្រាប់លោកស្រីនាយិកាអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំនេះ កំណើនសេដ្ឋកិច្ចចាប់ផ្តល់សញ្ញា។ បណ្តាញផ្គត់ផ្គង់ស្បៀងអាហារធុន និងពាណិជ្ជកម្មពហុជាតិរឹងមាំល្អ បានជួយជំរុញពាណិជ្ជកម្មពិភពលោកឱ្យចាប់កំរើកហើយ តែវិបត្តិអតិផរណា និងថាមពលថ្លៃ បន្តនៅជាបន្ទុករារាំងយ៉ាងខ្លាំងសេចក្តីត្រូវការផ្នែកផលិតផលសិប្បកម្មយ៉ាងខ្លាំង ដោយមានសកម្មភាពថយចុះ១,២% នៅឆ្នាំកន្លងទៅ។
នៅក្នុងរបាយការណ៍ចេញផ្សាយថ្ងៃពុធទី១០ មេសានេះ អង្គការពាណិជ្ជកម្មពិភពលោក មិនវាយតម្លៃពាណិជ្ជកម្មពិភពលោកផ្នែកសេវាកម្មទេ ប៉ុន្តែអង្គការបានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣ សេវាកម្មមានកំណើន៩% ហើយអង្គការរំពឹងថា ព្រឹត្តិការណ៍កីឡានៅអឺរ៉ុបនាអំឡុងរដូវក្តៅខាងមុខ (កីឡាអូឡាំពិកក្រុងប៉ារីស) និងការប្រកួតកីឡាបាល់ទាត់អឺរ៉ុប២០២៤ នៅអាល្លឺម៉ង់ នឹងមកបំប៉នវិស័យទេសចរណ៍និងដឹកជញ្ជូន៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ