banner1
ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ ​Fitch បញ្ចុះ​ចំណាត់​ថ្នាក់​ចិន ​ដល់កម្រិត​អវិជ្ជមាន

 11-មេសា-2024

ទីភ្នាក់ងារ​វាយតម្លៃ​​ហានិភ័យ​បំណុល​អន្តរជាតិ​​ ឈ្មោះ​ថា Fitch បាន​បញ្ចុះ​ចំណាត់​ថ្នាក់ប្រទេស​​ចិន ​ដល់កម្រិត​«អវិជ្ជមាន​» និង​បាន​ព្រមានចិន​ថែមទៀត ​អំពី​ហានិយភ័យ​ហិរញ្ញវត្ថុ​សាធារណៈ​។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ស្ថាប័ន​អន្តរជាតិ​ Fitch ដែលមាន​មូលដ្ឋាន​នៅ​បុរីញូវយ៉ក​ សហរដ្ឋអាមេរិក។ ​ចំណែក​ថ្នាក់ដឹកនាំ​ចិន​សម្តែងក្តី​សោកស្តាយ​ និងថា ​Fitch មិន​បាន​មើលឃើញ​ពីការ​ខិតខំប្រឹង​ប្រែង​របស់ខ្លួន។​ទីភ្នាក់ងារវាយតម្លៃហានិភ័យបំណុលអន្តរជាតិ ​Fitch បានបញ្ចុះចំណាត់ថ្នាក់ប្រទេសចិនដល់កម្រិត«អវិជ្ជមាន» ។ REUTERS/Alessandro Garofalo

វឌ្ឍនភាពសេដ្ឋកិច្ច​ចិនមានសន្ទុះ​​កំណើន​ទាប។ ពេល​កន្លងទៅ ថ្នាក់ដឹកនាំចិន​ខ្លួនឯង ​ក៏​ទទួល​ស្គាល់​ចំណុច​នេះដែរ។ ​ ក្នុង​សប្តាហ៍​នេះ ទី​ភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​បំណុល​អន្តរជាតិ​ Fitch បាន​បញ្ចុះ​ចំណាត់​ថ្នាក់​ចិន​ដល់កម្រិត​អវិជ្ជមាន​ និង​បាន​ព្រមាន​អំពី​​ហានិភ័យ​ហិរញ្ញវត្ថុ​​សាធារណៈ​ក្នុង​ប្រទេស​ចិន​ទៀត​ផង។ នេះក៏ព្រោះតែ​ ឱនភាព​ថវិកា ​និងកម្រិត​បំណុល​សាធារណៈចិន​​ ​​ កាន់តែ​ឡើង​ខ្ពស់ទៅៗ នាប៉ុន្មា​នឆ្នាំចុងក្រោយ​​។ ទី​ភ្នាក់ងារ​​​​​អន្តរជាតិ Fitch វាយតម្លៃថា ក្នុង​ឆ្នាំនេះ ឱនភាព​ថវិកា​ជាតិ​ចិន អាច​នឹងឡើង​ដល់​ ៧,១%​ អាក្រក់​ខ្លាំង​​លើស​ឆ្នាំទៅមិញ ដែលមាន​ត្រឹមតែ​៥,៨%។ បើ​មិនគិត​ពី​ឆ្នាំ២០២០ ដែល​ជួប​បញ្ហា​កូវីដខ្លាំង, ឱនភាព​ថវិកា​ចិន​ក្នុង​ឆ្នាំ២០២៤ ​​អាក្រក់​​ជាងពេលណាៗទាំងអស់​។​

ការ​ប្រមើលមើល​អំពី​ទស្សនវិស័យ​សេដ្ឋកិច្ច​​ចិនទៀត​សោត​ ក៏​បាន​ឆ្លុះ​បញ្ចាំងរឹងរឹត​​កាន់តែ​ច្បាស់​អំពី​វិបត្តិ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ទាប ខណៈ​ប្រទេស​នេះ​កំពុង​តែប្រឈម​នឹង​​បញ្ហា​សេដ្ឋកិច្ច​​​​ក្នុង​កម្រិត​មួយ​ពុំ​ច្បាស់​លាស់​​។ ក្រោយ​ពី​ទទួល​ដំណឹង​ពីការ​វាយ​តម្លៃអវិជ្ជមាន​​យ៉ាងដូច្នេះ ក្រសួង​ហិរញ្ញវត្ថុ​ចិនបាន​ចេញមុខ​ប្រតិកម្ម​ភ្លាមភ្លែត ដោយ​សម្តែង​ក្តី​សោកស្តាយ​ចំពោះ​ចំណាត់​ថ្នាក់​របស់ទីភ្នាក់ងារ​វាយតម្លៃ​​ហានិភ័យ​បំណុល​​​អន្តរជាតិ ​Fitch។  ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​​ប្រកាសនៅថ្ងៃពុធ ទី​១០ មេសា ​ថា លទ្ធផល​វាយ​តម្លៃ​ ហើយ​និង​របៀប​​​​វិធីសាស្ត្រ​វាយ​តម្លៃ​របស់​ Fitch ​ពុំ​បាន​ឆ្លុះ​បញ្ជាំងទាល់តែសោះ ​អំពីការ​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​មាន​ប្រសិទ្ធភាពរបស់​រដ្ឋាភិបាល​ចិន​​ក្នុងការ​លើក​កម្ពស់​​វឌ្ឍន​ភាព​សេដ្ឋកិច្ច​។ រដ្ឋមន្ត្រី​លំនៅដ្ឋាន​ចិន លោក នី ហុង បាន​សន្យាក្នុង​ខែ​មីនា ថា ​​កែសម្រួល​ការងារ​វិស័យ​អចលនទ្រព្យ និង​នាំមកនូវ​ស្ថិរភាព​ឡើងវិញ​។​ រដ្ឋាភិបាល​ចិនប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក៏បាន​យកចិត្ត​ទុកដាក់​ទាក់ទាញ​អ្នកវិនិយោគទុន​បរទេស​សម្បើម​ណាស់។​

ប្រទេស​ចិន ប្រឈម​បញ្ហាសេដ្ឋកិច្ចដែល​អូស​បន្លាយ​ដ៏​​រ៉ាំរៃ ពិសេសក្នុងវិស័យ​អចលនទ្រព្យដែល​ជាប់គាំង​ច្រើន​ខែឆ្នាំ​, អត្រា​យុវជន​អត់​ការងារធ្វើ ក៏​ឡើង​ខ្ពស់​ជាលំដាប់ ហើយ​និង​ការ​បញ្ជាទិញ​ទំនិញចិនទាំង​ក្នុង ​និង​ក្រៅប្រទេស ជួប​កំណើន​ទាប​​មែនទែន​។​ ចំពោះឆ្នាំ២០២៤ ទីភ្នាក់ងារអន្តរជាតិ​ខាង​​វាយតម្លៃ​ហានិភ័យ​បំណុល​ ​Fitch ព្យាករថា ចិន​អាច​នឹង​កើន​សេដ្ឋកិច្ច​ត្រឹម ៤,៥% ​ ចាញ់​ឆ្នាំទៅមិញដែល​បាន​ដល់ ៥,២%។ ជាការ​ប្រៀបធៀប​ អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ FMI និងរដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ខ្លួន​ឯង បាន​ព្យាករ​សេដ្ឋកិច្ចចិន​​ថា អាច​មាន​កំណើនប្រមាណ​ ៥ % ក្នុង​ឆ្នាំនេះ​។

ចំពោះ​អ្ន​កជំនាញ, ដើម្បីអាច​សម្រេច​កម្មវត្ថុនេះបាន ថ្នាក់ដឹកនាំ​ចិន​ត្រូវការ​ខិតខំ​ប្រឹង​ប្រែង​ខ្លាំងទៀត​ និង​ត្រូវ​​ចាំបាច់​កែសម្រួល​នយោបាយហិរញ្ញវត្ថុ​។​ ទី​ភ្នាក់ងារ​​​​​អន្តរជាតិ ​Fitch បាន​ឲ្យ​យោបល់​ចិនថា ​ចំណូល​ពីការ​ប្រមូល​ពន្ធ​ដ៏មាន​ប្រសិទ្ធភាព អាច​នឹងជួយ​ជ្រោម​ជ្រែង​​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ចនាប៉ុន្មាន​ឆ្នាំទៅមុខ​​៕​

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ FRI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា