banner1
នាយករដ្ឋមន្ត្រីចិន សង្ឃឹមថា​ សហរដ្ឋ​អាមេរិក-ចិន​​ ធ្វើជាដៃគូ​សហការគ្នា និង​ពុំ​មែនជាសត្រូវ

 10-មេសា-2024

សហរដ្ឋ​អាមេរិក និង​មហាយក្ស​ចិន ជាមហាអំណាច​សេដ្ឋកិច្ច​លេខ​១ និងលេខ២​ កាន់តែ​ពង្រឹង​កិច្ចពិភាក្សា​សន្ទនា​គ្នាជាមួយ​គ្នា បើ​ទោះបី​នៅមា​នសំណុំ​រឿង​ជា​ច្រើន​ដែល​ផ្ទុយខ្វែង​គ្នា។ នៅ​វិមាន​ប្រជាជន​ចិន ក្នុង​រដ្ឋធានីប៉េកាំង ថ្ងៃទី​៧ មេសា​ លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បាន​ថ្លែង​ប្រាប់លោកស្រី​​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុអាមេរិកដោយ​ក្តី​សង្ឃឹមថា​ សហរដ្ឋ​អាមេរិក-ចិន​​ ធ្វើជាដៃគូ​សហការគ្នា និង​ពុំ​មែនជាសត្រូវ​។ ពីចំណែកខ្លួន លោកស្រី ចានែត ល្វីស យេលែន សង្កត់ធ្ងន់​ប្រាប់​ដៃគូ​សន្ទនាវិញថា មានតែ​ការ​ជជែកគ្នា​ដោយ​ត្រង់ទៅត្រង់មកនោះទេ ទើប​អាច​នាំ​មកនូវភាព​រីកចម្រើន។ ​

នៅវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានថ្លែងប្រាប់លោកស្រីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក ដោយក្តីសង្ឃឹមថា សហរដ្ឋអាមេរិក-ចិន ធ្វើជាដៃគូសហការគ្នា និងពុំមែនជាសត្រូវ។ via REUTERS – Tatan Syuflana

ទំនាក់ទំនង​រវាងសហរដ្ឋ​អាមេរិក និង​ចិន​​ នឹង​អាច​រីកចម្រើន​ជឿនលឿន​ទៅមុខ​បាន អាស្រ័យ​លើ​ការ​ជជែក​សន្ទនាគ្នា ហើយ​ការ​ជជែក​គ្នា​ដែលអាច​​នាំ​មកនូវ​ក្តីរីកចម្រើន​បាន ទាល់តែ​សម្តែង​ភាព​ស្មោះត្រង់ ត្រង់ទៅ​ទៅមក​ ហើយ​និងភាព​​បើក​ចំហចំពោះ​គ្នា​នឹង​គ្នា។​ នេះជា​ខ្លឹមសារ​ប្រសាសន៍​របស់​ ​​លោកស្រី ចានែត ល្វីស យេលែន រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុអាមេរិក ដែល​បាន​​ប្រាប់​នាយករដ្ឋមន្ត្រី​ចិន លី ឈាំង ដោយ​បញ្ជាក់ទៀតថា ការ​និយាយ​គ្នា​ដោយ​ត្រង់​ និងចំហ មិនពុំ​មែន​បានន័យថា ត្រូវ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ភាពខុសផ្ទុយខ្វែង​គ្នាទេ​ ឬ​ជៀសវៀង​កិច្ច​សន្ទនា​ក្នុង​សំណុំ​រឿង​លំបាកៗ​នោះឡើយ។​

ពីចំណែ​កខ្លួន លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បាន​ថ្លែង​​ដោយស្មោះសថា ភាគី​ចិន​សង្ឃឹមចង់​ឃើញ​ដោយ​ស្មោះ ប្រទេស​ទាំង​២​ នឹងក្លាយ​ដៃគូ​សហការគ្នា និង​ពុំ​មែនជាសត្រូវនឹងគ្នា​​។

​ចំពោះមុខ​បញ្ញវន្ត​ គ្រូបង្រៀន​ នៅសកលវិទ្យាល័យ​ជាតិ​ប៉េកាំង​, ​​​លោកស្រីរដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុអាមេរិក បាន​ថ្លែងក្តី​រំពឹង​ចង់​ឃើញ​ទស្សនវិស័យ​នៃការ​សម្រេច​ចិត្ត​នយោបាយ​​ក្នុង​នៅ​ថ្ងៃនេះ ដែល​វា​នឹង​អាច​ជះឥទ្ធិពលដ៏មាន​សក្កានុពល​​វែង​ឆ្ងាយ​ទៅថ្ងៃមុខ​។

លោកស្រី ចានែត ល្វីស យេលែន ជាអ្ន​កនយោបាយអាមេរិក ជំនាញ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និងដែល​ត្រូវគេមើលឃើញ​ថា​ ជាមនុស្ស​ប្រាកដនិយម។ ​​​ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​​ហិរញ្ញវត្ថុអាមេរិក ទៅស្រុក​ចិន ​ជាលើកទី២នេះ ក៏​ជាការ​សាកល្បង​ធ្វើ​តេស្ត​ពី​លទ្ធភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​អាមេរិក-​ចិន។​ នេះបើតាមអ្នកវិភាគ​អាមេរិក Ryan Hass នៃក្រុម​​ជញ្ជឹងគិត​ Brookings Institution ដែលថ្លែង​ទៅ​ទីភ្នាក់ងារព័ត៌មាន​បារាំង​​AFP។​

បើតាម​លោកស្រីរដ្ឋមន្រ្តី, សហរដ្ឋអាមេរិក​ និងចិនមាន​កាតព្វកិច្ច​ចូលរួមដោះស្រាយ​វិបត្តិ​ពិភព​លោក​​​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ។ ក្នុង​ន័យ​នេះ អ្នក​ទទួល​ខុសត្រូវ​អាមេរិក​និងចិន​ នឹង​ផ្តើម​ពិភាក្សាគ្នា​ក្នុង​គណៈកម្មការ​រួម​មួយ​ ដើម្បី​រួម​ទប់​ស្កាត់​ការ​លាង​សម្អាត​ប្រាក់ និងរួមគ្នា​បិទផ្តាច់​​លំហូរ​​ប្រាក់ ដែល​​បាន​មកពី​គ្រឿង​ញៀន​ ពិសេស​គ្រឿង​ញៀន​សំយោគ​ ហ្វង់តានីល​។​ ហ្វង់តានីល ​បាន​​សម្លាប់​យុវជន​អាមេរិក​ ប្រមាណ​ ៧ ​ម៉ឺននាក់ ក្នុង១ឆ្នាំ។ ពួកគេសុទ្ធសឹងជាមនុស្ស​​ពេញ​កម្លាំង​ចន្លោះ​ពី ១៨ ទៅ ​៤៩ឆ្នាំ ​ស្លាប់​ព្រោះ​ប្រើហ្វង់តានីល​ហួស​ចំណុះ។ នេះបើតាមទិន្នន័យ​របស់​​អា​ជ្ញាធរ​អាមេរិក។

ម្យ៉ាងវិញទៀត ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំចិន លោកស្រី​រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក​ ក៏បាន​ព្រមាន​ក្រុមហ៊ុន​ចិន ​កុំ​ឲ្យ​ជួយគាំទ្រ​រុស្ស៊ីទៅបង្កសង្គ្រាម​នៅអ៊ុយក្រែន​​ ពិសេសកុំ​ជួយ​រុស្ស៊ី​ក្នុង​​វិស័យ​យោធា បើ​មិន​ដូច្នោះទេ ចិន​ច្បាស់​ជា​ជួប​ផល​គ្រោះ​វិបាក​ធ្ងន់ធ្ងរ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា