banner1
កម្ពុជាជាប់លេខ១នៅអាស៊ាន ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ តែទំហំសេដ្ឋកិច្ចនៅតូច

 8-មេសា-2024

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងឈរនៅលេខរៀងទី០៣ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ ក្នុងតំបន់អាស៊ី។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats។ តាមរបាយការណ៍ដដែល ក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៦,១% ដែលជាកំណើនមួយខ្ពស់គួរឱ្យកត់សម្គាល់។ ប៉ុន្តែអ្នកវិភាគសង្គមយល់ថា ភាពរីកលូតលាស់នៃកំណើនសេដ្ឋកិច្ចកម្ពុជានាពេលនេះ មិនបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើនរបស់សេដ្ឋកិច្ចពលរដ្ឋឡើយ។

បើនិយាយក្នុងក្របខណ្ឌតំបន់អាស៊ាន កម្ពុជាឈរលើកំពូលតារាងលេខ០១ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងចំនួន៦,១% និងតាមពីក្រោយដោយប្រទេសភីលីពីនដែលមានកំណើនសេដ្ឋកិច្ច ៥,៩% និងប្រទេសវៀតណាម មានកំណើនសេដ្ឋកិច្ច ៥,៨%។ ដោយឡែកក្នុងតំបន់អាស៊ីវិញ កម្ពុជាជាប់ចំណាត់ថ្នាក់0៣ ដែលនៅក្រោមដែនដីកោះម៉ាកាវមានកំណើនសេដ្ឋកិច្ច២៧,២% និងប្រទេសឥណ្ឌាមានកំណើន៦,៣%។

តាមអ្នកសេដ្ឋកិច្ច ការកើនឡើងនៃកំណើនសេដ្ឋកិច្ចកម្ពុជា​ គឺជាផលវិជ្ជមានមួយដែលសរបញ្ជាក់ឱ្យឃើញថា វិស័យសំខាន់ៗរបស់កម្ពុជាជាច្រើនផ្តើមងើបឡើងវិញ និងកំពុងបោះជំហានទៅមុខ បន្ទាប់ពីរងគ្រោះ ពីវិបត្តិកូវីដ-១៩ និងវិបត្តិសាកលដទៃទៀត។ ប៉ុន្តែកំណើនសេដ្ឋកិច្ច ៦,១% សម្រាប់ឆ្នាំ២០២៤នេះ មិនមែនជាទំហំនៃសេដ្ឋកិច្ចកម្ពុជាជាក់ស្តែងឡើយ។

ត្រង់ចំណុចនេះ បើគេប្រៀបធៀបកំណើនសេដ្ឋកិច្ចរវាងកម្ពុជានឹងប្រទេសជិតខាងដូចជា វៀតណាម និងថៃ គឺកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងប្រទេសទាំងពីរនេះ។ ប៉ុន្តែបើនិយាយអំពីទំហំសេដ្ឋកិច្ច ឬហៅថាទំហំផលិតផលក្នុងស្រុកសរុប GDP វិញ កម្ពុជាមានត្រឹមតែ ៣២.១៧ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ខណៈប្រទេសថៃដែលមានកំណើនសេដ្ឋកិច្ចត្រឹម២.៧% គឺមានទំហំ GDP ប្រមាណ ៤៩៥ពាន់លានដុល្លារ និងវៀត ណាម មានទំហំ GDP សរុបជាង ៣៥៥ពាន់លានដុល្លារ។

លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពចាត់ទុកថា នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីឡើយ។ អ្វីដែលលោកចង់ឃើញវិញនោះគឺ ប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលសមរម្យ និងលក្ខខណ្ឌរស់នៅថ្លៃថ្នូរ កាត់បន្ថយអត្រាក្រីក្រក្នុងប្រទេស រួមនឹងការបង្កើតការងារជូនពលរដ្ឋជាដើម។ បើយោងតាមសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆ្នាំ២០២៤ ពលរដ្ឋខ្មែរម្នាក់អាចរកចំណូលជាមធ្យមបានប្រមាណ ២,០៧១ដុល្លារ ក្នុងមួយឆ្នាំ ឬជាង ១៦៨ដុល្លារ ក្នុងមួយខែ។ ចំនួននេះ គឺកើនឡើង៨% បើធៀបនឹងឆ្នាំ២០២៣ ដែលពលរដ្ឋម្នាក់អាចរកចំណូលបាន១,៩១៧ដុល្លារក្នុងមួយឆ្នាំ ឬ១៥៩,៧៥ដុល្លារក្នុងមួយខែ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា